ផឹកស្រាស្រវឹងប៉ះពាក្យសម្តីគ្នា ក្នុងកម្មវិធីខួបកំណើត បុរសម្នាក់ ទាញពូថៅកាប់គូទំនាស់របួសធ្ងន់
កំពង់ស្ពឺ៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២២ខែតុលា បានផ្សាយព័ត៌មានអំពើហឹង្សាមានស្ថានទម្ងន់ កាប់៣ពូថៅ ត្រូវបានកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនបានក្រោយរត់គេចខ្លួនបានមួយថ្ងៃ។
អាវុធខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ នៅចំណុចផ្ទះកម្មវិធីខួបកំណើតឈ្មោះ វែង រ័តធឿន ស្ថិតនៅភូមិ កងមាស ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានករណីហឹង្សាកើតឡើង បង្កដោយជនសង្ស័យឈ្មោះ ម៉ៃ វិចិត្រ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរធ្វើស្រែ មានទីនៅ ភូមិឃុំ កើតហេតុ បានយកពូថៅទៅកាប់ជនរងគ្រោះ ឈ្មោះ ឡុង ហ៊ាង ភេទប្រុស ៣៥ឆ្នាំ មុខរបរធ្វើស្រែ មានទីលំនៅ ភូមិ ឃុំកើតហេតុជាមួយគ្នា ត្រូវចំនួន៣ពូថៅ ចំមុខមួយពូថៅ ចំសៀតថ្កាមួយពូថៅ ចំខាងក្រោមកញ្ចឹងកមួយពូថៅ បណ្តាលឲ្យជនរងគ្រោះរងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារ បញ្ជូនមកព្យាបាលមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ មូលហេតុផឹកស្រាស្រវឹងប៉ះពាក្យសម្តីគ្នា ។ ជនសង្ស័យពេលធ្វើសកម្មភាពរួច រត់គេចខ្លួន លុះដល់វេលាម៉ោង១០ និង៣០នាទី ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ ទើបកម្លាំងស្នាក់ការសន្តិសុខវាលធំ សហការជាមួយប្រជាការពារភូមិ ធ្វើការចាប់ខ្លួនជនសង្ស័យ និងវត្ថុតាង បញ្ជូនមកកងរាជអាវុធហត្ថខេត្ត ដើម្បីសាកសួរ បន្តនីតិវិធី ៕ដោយ៖បញ្ញាស័ក្តិ