ស្ថានទូតខ្មែរប្រចាំប្រទេសកូរ៉េចុះ ជួបនិងផ្តល់ការពន្យាសុពលភាពលិខិតឆ្លងដែនជូនបងប្អូនពលករនិងអណិកជនខ្មែរនៅតំបន់Jinju
ប្រទេសកូរ៉េ៖ ក្រុមការងារស្ថានទូតខ្មែរប្រចាំនៅប្រទេសកូរ៉េខាងត្បូងដឹកនាំដោយលោកឡុងឌីម៉ង់និងលោកស្រីនាចុងសប្តាហ៍នេះបានចុះជួបបងប្អូនពលករនិងអណិកជនខ្មែរនៅតំបន់Jinju ព្រមជាមួយនឹងពាំនាំសេវាចុះផ្តល់ការពន្យាសុពលភាពលិខិតឆ្លងដែនជូនបងប្អូនពលករនិងអណិកជនខ្មែរនៅតំបន់នោះផងដែរ។
លោកឡុងឌីម៉ង់ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េបានបញ្ជាក់ថានេះជាលើកទី១ដែលលោកនិងភរិយារួមជាមួយក្រុមការងារស្ថានទូតខ្មែរបានចុះជួបបងប្អូនពលករនិងអណិកជនខ្មែរនៅតំបន់Jinju ដោយពាំនាំនូវសេវាចុះផ្តល់ពន្យាសុពលភាពលិខិតឆ្លងដែនជូនពួកគាត់ថែមទៀត។
លោកថាការទទួលរាក់ទាក់ពីសំណាលអជ្ញាធរក្រុងJinju គឺជាការបង្ហាញពីទំនាក់ទំនងនិងកិច្ចសហការរវាងក្រុងJinju និងស្ថានទូតដើម្បីឆ្ពោះទៅកាន់ការផ្តល់សេវាជូនប្រជាពលរដ្ឋខ្មែរនៅក្នុងតំបន់អោយកាន់តែទូលំទូលាយ។
លោកឡុងឌីម៉ង់បន្ថែមថាថ្វីត្បិតតែការធ្វើដំណើរឆ្ងាយក៏ពិតមែនក៏ប៉ុន្តែយើងទាំងអស់គ្នាសប្បាយចិត្តនឹងប្រើប្រាស់ពេលវេលានៅចុងសប្តាហ៍ចុះជួបសហគមន៍ខ្មែរនៅតាមតំបន់ក្នុងប្រទេសកូរ៉េដើម្បីផ្តល់ជាភាពកក់ក្តៅនិងការផ្តល់សេវាផ្សេងៗជូនដល់បងប្អូន។
លោកឡុងឌីម៉ង់ក៏បានថ្លែងការអរគុណយ៉ាងជ្រាលជ្រៅចំពោះមជ្ឈមណ្ឌលHouse of Love ដែលបានបង្កើតកម្មវិធីជួបជុំនេះនិងអរគុណដល់បងប្អូនដែលមានវត្តមានចូលរួមព្រមជាមួយនឹងភាពស្និទស្នាលជាមួយនិងស្នាមញញឹម៕