គ្រឿងញៀនជាច្រើនគីឡូក្រាមត្រូវបានសមត្ថកិច្ចចម្រុះស្រាវជ្រាវរកឃើញបន្ថែមទៀត បន្ទាប់ពីសួរចម្លើយមេខ្លោងជួញដូរគ្រឿងញៀន
កំពង់ធំ៖ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ នៅព្រលប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩នេះ បានប្រាប់សារព័ត៌មានថា ថ្នាំញៀនជាច្រើនគីឡូក្រាមបន្ថែមទៀតត្រូវបានសមត្ថកិច្ចជំនាញសហការគ្នាស្រាវជ្រាវរកឃើញតាមរយៈការសាកសួរចម្លើយរបស់មេខ្លោងគ្រឿងញៀនចំនួន៤នាក់ ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីម្សិលមិញ ដកហូតថ្នាំញៀន៤០គីឡូក្រាម។
លោកស្នងការនគរបាលខេត្តកំពង់ធំ បន្តថាកិច្ចសហប្រតិបត្តិការ រុករកទីតាំងលួចលាក់ស្តប់ទុកគ្រឿងញៀន គឺត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ ដោយមានការចូលរួមពីកម្លាំងអធិការស្រុកកំពង់ស្វាយ និងអាជ្ញាធរភូមិ-ឃុំ សម្រមសម្រួលដោយ លោកអ៊ិត សុធា ព្រះរាជអាជ្ញា លោកសាយ វាសនា ព្រះរាជអាជ្ញារង កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ រួមទាំងកម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំបានឆែកឆេរផ្ទះមួយខ្នង ស្ថិតនៅក្នុងភូមិសានគរ (ខ) ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ត្រង់ចំណុចខាងកើតប្រឡាយទំនប់៣០កញ្ញា ដែលជនសង្ស័យបានលាក់ថ្នាំញៀន ប្រភេទបេតមហ្វេតាមីន (ម៉ាទឹកកក) នៅក្នុងផ្ទះធ្វើអំពើស័ង្កសី សង់ជាប់និងដី។
លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ មានប្រសាសន៍ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចក្រឡាហោម
ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោកនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ លោក សុខ លូ អភិបាលខេត្តកំពង់ធំ លោកតែងតែយកចិត្តទុកដាក់លើកិច្ចការងារគ្រឿងញៀន ជាការងារស្នូលសំខាន់បំផុត និងបានជំរុញ ដល់មន្ត្រីជំនាញទាំងអស់ អោយយកចិត្តទុកដាក់ ចំពោះការងារបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសគ្រឿងញៀន ក្នុងមូលដ្ឋានទូទាំងខេត្ត។
ទិដ្ឋភាពនៃការឆែកឆេរ គឺត្រូវបាននាំជនសង្ស័យទាំង៤នាក់ មកចង្អុលបង្ហាញនូវត្ថុតាង ក្រោយពីបើកសោរ សមត្ថកិច្ចជំនាញបានរកឃើញ វ៉ាលីក្រណាត់ចំនួន៣ មានពណ៌ក្រហម ពណ៌ខ្មៅ និងពណ៌ខៀវ ដែលបានលាក់ទុកនៅក្រោមគ្រែ សមត្ថកិច្ចបាននាំយកវ៉ាលីទាំង៣ មកឆែកបានប្រទះឃើញ ថ្នាំញៀនដែលមានការវេចខ្ចប់ដាក់សំបកកញ្ចប់តែ ដែលមានពណ៌ទឹកមាស មានរូបសញ្ញាផ្កាយចំនួន៥ ដើម្បីបំភាន់ភ្នែកមហាជន។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែតុលា កន្លងទៅ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាមេក្លោងជួញដូរគ្រឿងញៀនចំនួន៤នាក់រួមមនាៈទី១.ឈ្មោះ គន់ វណ្ណៈ ភេទប្រុស ទី២.ឈ្មោះ សុខ ប៊ុនសិរិឆៃ ភេទប្រុស និងទី៣.ឈ្មោះ លី តឹក ភេទប្រុស ទី៤ឈ្មោះ សាក់ សេងសង ជាជនជាតិថៃ ភេទប្រុស រស់នៅខេត្តតាក ប្រទេសថៃ ដកហូតថ្នាំញៀន៤០គីឡូក្រាម។
លោក ឧត្តមសេនីយ៍ទោ អ៊ុក កុសល់ ស្នងការនៃស្នងការដ្ឋានខេត្តកំពង់ធំ បានមានប្រសាសន៍ថាបន្ថែមថាចំពោះចំនួនពិតនៃគ្រឿងញឿនដែលសមត្ថកិច្ចរកឃើញនៅទីតាំងលាក់ស្តុកខាងលើ មិនទាន់ដឹងទម្ងន់ច្បាស់នៅឡើយទេ រង់ចាំថ្ងៃស្អែកលោកនឹងធ្វើសន្និសីទបង្ហាញជូនមហាជនអោយបានជ្រាបច្បាស់ ៕