ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជា រៀបចំក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថល អាចក្លាយទៅជាក្បាលម៉ាស៊ីន អូសកំណើនសេដ្ឋកិច្ចថ្មី

187

ភ្នំពេញ៖ អនុប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បានថ្លែងថា ក្នុងបរិបទ នៃបដិវត្តន៍ឧស្សាហកម្មទី៤ និងដើម្បីអាចសម្រេចបាននូវចក្ខុវិស័យ ក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ ប្រទេ​ស​​កម្ពុជា ពិតជាមានភាពចាំបាច់ណាស់ ក្នុងពេលនេះ ជាងពេលណាៗទាំងអស់ ក្នុងការចាប់យ​ក​នូវកាលានុវត្តភាព និងសក្តានុពលទាំងឡាយ ពីវិស័យបច្ចេកវិទ្យាឌីជីថល សំដៅធ្វើយ៉ាងណា​ឱ្យ​វិស័​យឌីជីថលអាចក្លាយទៅជាក្បាលម៉ាស៊ីនអូសកំណើនសេដ្ឋកិច្ចថ្មី ។

កម្ពុជា និងធនាគារពិពភលោក បានពិភាក្សា ពីការរៀបចំក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថលកម្ពុជា នៅទីស្នាក់ការកណ្តាលរបស់ធនាគារពិភពលោក នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំប្រចាំឆ្នាំរបស់ធនាគារពិភពលោក និងមូលធិនិរូបិយវត្ថុអន្តរជាតិ (WB-IMF Annual Meeting) ឆ្នាំ២០១៩នេះ នៅរដ្ឋធានីវ៉ាស៊ីងតោន សហរដ្ឋអាមេរិក។

កិច្ចពិភាក្សាតុមូលពិសេសនេះ ភាគីកម្ពុជាដឹកនាំដោយលោក វង្សី វិស្សុត អនុប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារ រៀបចំក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា និងភាគីធនាគារពិភពលោក ដឹកនាំដោយលោកស្រីអនុប្រធានរបស់ធនាគារពិភពលោក ចំនួន២រូប គឺលោកស្រី Vicotria Kwakwa អនុប្រធានទទួលបន្ទុកកិច្ចការតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក និងលោកស្រី Ceylay Pazarba sioglu អនុប្រធានទទួលបន្ទុកផ្នែកកំណើនសមធម៌ ហិរញ្ញវត្ថុ និងស្ថាប័ន ព្រមទាំងមន្ត្រីជាន់ខ្ពស់ និងអ្នកជំនាញការរបស់ធនាគារពិភពលោក និងគណៈប្រតិភូមកពីប្រទេសឡាវ មីយ៉ាន់ម៉ា និងវៀតណាមផងដែរ។

គោលដៅបំណងនៃការរៀបចំកិច្ចប្រជុំតុមូលនេះគឺដើម្បី​ ១.ធ្វើការពិភាក្សា និងពិ​គ្រោះ​​យោបល់លើឯកសារទស្សនាទានរួម (Concept Note) នៃការរៀបចំក្របខ័ណ្ឌគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថលកម្ពុជា ដែលបានរៀបចំដោយផ្ទាល់ ដោយក្រុមការងារ នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និង ២.ស្វែងយល់ពីនិន្នាការនៃសេដ្ឋកិច្ច ឌីជីថលនៅក្នុង​តំបន់ និងពិភពលោក ដែលរួមមានទាំងកាលានុវត្តភាព បញ្ហាប្រឈម​ និងហានិភ័យ ពិសេសការផ្លាស់ប្តូរទស្សនវិស័យ មេរៀន និងបទពិសោធន៍ របស់បណ្តាប្រទេសមួយចំនួន នៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ជាមួយនឹងជំនាញការចំណានៗ របស់ធនាគារពិភពលោក ពាក់ព័ន្ធនឹងការរៀបចំ និងការអនុវត្តគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល។

លោកវង្សី វិស្សុត មានប្រសាសន៍ថា ក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្មទី៤ និងដើម្បីអាចសម្រេចបាននូវចក្ខុវិស័យ ក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ ប្រទេ​ស​​កម្ពុជាពិតជាមានភាពចាំបាច់ណាស់ ក្នុងពេលនេះជាងពេលណាៗទាំងអស់ ក្នុងការចាប់យ​ក​នូវកាលានុវត្តភាព និងសក្តានុពលទាំងឡាយ ពីវិស័យបច្ចេកវិទ្យាឌីជីថល សំដៅធ្វើយ៉ាងណា​ឱ្យ​វិស័​យឌីជីថលអាចក្លាយទៅជាក្បាលម៉ាស៊ីនអូសកំណើនសេដ្ឋកិច្ចថ្មី និងដើម្បីប្រើប្រាស់វិស័យបច្ចេកវិទ្យាសម្រាប់ធ្វើការពង្រួញផ្លូវនិងពន្លឿនការអភិវឌ្ឍប្រទេស ការបង្តើនផលិតភាព ប្រសិទ្ធភាព និងភាពប្រកួតប្រជែង ព្រមទាំងការដោះស្រាយបញ្ហាប្រឈមនានា ដែលកំពុងមានស្រាប់ ក៏ដូចជាបញ្ហាប្រឈមនានាដែលអាចកើតមានឡើងជាយថាហេតុដោយសារឥទ្ធិពលនៃការប្រើប្រាស់បច្ចេកវិទ្យាខាងលើ។

លោកបានបន្តថា ក្នុងស្មារតីនេះ កាលពីដើមឆ្នាំ២០១៩ កន្លងទៅនេះ ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ដែលជាស្ថាប័នខួរក្បាលរបស់នាយករដ្ឋមន្រ្តី បានបង្កើតនូវក្រុមការងារបច្ចេកទេសមួយ ដើម្បីរៀបចំក្របខណ្ឌគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថលកម្ពុជានៅក្នុងរយៈពេលវែង។

គិតមកទល់នឹងពេលនេះ ក្រុមការងារបានរៀបចំនូវឯកសារទស្សនាទានរួមមួយ សម្រា​ប់​​​ជាមូលដ្ឋាន ក្នុងការរៀបចំក្របខ័ណ្ឌគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថលកម្ពុជា ដោ​យ​ផ្តោតលើអាទិភាព និងយុទ្ធសាស្រ្ត ដែលរួមមាន ១.ការរៀបចំ និងបង្តើតរដ្ឋាភិបាលឌីជីថលគ្រប់ជ្រុងជ្រោយ ដើម្បីម្យ៉ាងពង្រឹងការផ្តល់សេវាសាធារណៈប្រកប​ដោយគុណភាព ប្រសិទ្ធភាព និងតម្លភាពផង និងម្យ៉ាងវិញទៀត ដើម្បីបង្កើតនូវបរិស្ថាន និងជាឃ្នាស់សម្រាប់ជំរុញសេដ្ឋកិច្ចឌីជីថល និងនវានុវត្តន៍ផងដែរ ២.ការជំរុញវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដូចជា ខែ្សកាបអុបទិច ខ្សែកាបអុបទិកតាមបាតសមុទ្រ មជ្ឈមណ្ឌលទិន្នន័យ និងការតភ្ជាប់បណ្តាញសេវាដល់អ្នកប្រើប្រាស់ និងធុរកិច្ច ដើម្បីធ្វើឱ្យសេវាអ៊ិនធឺណែតកាន់តែមានល្បឿន​លឿន ហើយថ្លៃកាន់តែថោកជាមុន និងមានវិសាលភាពអាចគ្របដណ្តប់ទូទាំងប្រទេ​ស ៣.ការទាញយកប្រយោជន៍ជាអតិបរិមាពីវិស័យឌីជីថល តាមរយៈការបង្កើនអក្ខរកម្ម និងសមត្ថភាពឌីជីថល ពិសេសការអភិវឌ្ឍជំនាញឌីជីថល និងការស្រាវជ្រាវនិងអភិវឌ្ឍន៍ (R&D) ៤.ការបង្កើតក្របខណ្ឌច្បាប់ និងបទប្បញ្ញតិ្តពាក់ព័ន្ធផ្សេងៗ ពិសេសបទដ្ឋានស្តង់ដាមួយចំនួន ក្នុងគោលដៅពង្រឹងការគ្រប់គ្រងទិន្នន័យ ការការពារទិន្នន័យឯកជន និងការទប់ស្តាត់បទល្មើសក្នុងវិស័យបច្ចេកវិទ្យាព័ត៌មានជាដើម។ល។ និង ៥.ការបង្កើតនូវថ្នាល និងប្រព័ន្ធ អេកូឡូស៊ី សម្រាប់លើកស្ទួយសហគ្រិនភាពនិងការបង្កើតធុរកិច្ចថ្មី (Startup)ក្នុងវិស័យឌីជីថល។

លោកបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបាន និងកំពុងដាក់ចេញនូវវិធានការមួយចំនួនជាបន្តបន្ទាប់រួចហើយ ក្នុងគោលដៅបង្កើតនូវប្រព័ន្ធអេកូឡូស៊ីខាងលើនេះ ដូចជា ១.ការបង្កើតនិងដាក់ឱ្យដំណើរការមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ២.ការបង្កើតនិងដាក់ឱ្យដំណើរការមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មីតេជោ ៣.ការបង្កើតនិងដាក់ឱ្យដំណើរការមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព (EDF) និងមជ្ឈមណ្ឌលលើកកម្ពស់សហគ្រិនភាព (EPC) និង ៤.ការរៀបចំបង្កើតធនាគារសហគ្រាសធុនតូច និងមធ្យម (SMEs Bank) ជាដើម។

នៅក្នុងកិច្ចប្រជុំតុមូលនេះ ក្រៅពីការពិភាក្សាលើឯកសារទស្សនាទានរួម នៃការរៀបចំក្របខ័ណ្ឌគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថលកម្ពុជា ដែលធ្វើបទបង្ហាញដោយក្រុមការងាររបស់ភាគីកម្ពុជា, ភាគីកម្ពុជាក៏បានធ្វើការផ្លាស់ប្តូរទស្សនៈ និងមតិយោបល់ផងលើបទបង្ហាញរបស់ជំនាញការជាន់ខ្ពស់ធនាគារពិភពលោក លើប្រធានបទសំខាន់ៗមួយចំនួនដូចជាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល ការរៀបចំថ្នាលនិងប្រព័ន្ធអេកូឡូស៊ីសម្រាប់សហគ្រិនភា​ពឌីជីថល ពិសេសពាណិជ្ជកម្មអេឡិចត្រូវនិច (E-Commerce) ការរៀបចំក្របខណ្ឌច្បាប់ និងការទូទាត់ តាមប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) និងការអភិវឌ្ឍប្រកប​ដោយបរិយាប័ន្នក្នុងយុគសម័យឌីជីថល ព្រមទាំងអន្តរាគមន៍ និងអាទិភាពគោលនយោបាយរបស់ធនាគារពិភពលោក ក្នុងការគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល នៅក្នុងតំបន់ជាដើម។ល។

នៅក្នុងកិច្ចប្រជុំនេះ មន្រ្តីជំនាញការរបស់ធនាគារពិភពលោកបានធ្វើការវាយតម្លៃខ្ពស់ ចំពោះការគិតគូរ និងការកំណត់យុទ្ធសាស្រ្ត និងអាទិភាពគោលនយោបាយទាំងឡាយ ដែលមាននៅក្នុងឯកសារទស្សនាទានរួម នៃការរៀបចំក្របខ័ណ្ឌគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិ​ច្ច​​ឌីជីថលកម្ពុជា ដែលរៀបចំឡើងដោយក្រុមការងារ នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ។

ក្រុមការងារភាគីកម្ពុជាយល់ឃើញថា ការរៀបចំកិច្ចប្រជុំតុមូលនេះ ពិតជាមានសារៈសំខាន់ ហើយក្រុមការងារប្រមូលបាននូវធាតុចូលគន្លឹះសំខាន់ៗ និងបទពិសោធន៍ល្អៗបានយ៉ាងច្រើន សម្រាប់ជាមូលដ្ឋានក្នុងការរៀបចំក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថលកម្ពុជា ឱ្យកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ។

សូមបញ្ជាក់ផងដែរថា ការរៀបចំក្របខណ្ឌគោលនយោបាយ រយៈពេលវែងសេដ្ឋកិច្ចឌីជីថលកម្ពុជា ​ត្រូវបានធ្វើឡើងទាំងស្រុង ដោយក្រុមការងារ នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ដោយមានការចូលរួម ពីដៃគូសំខាន់ៗមួយចំនួន ពិសេសធនាគារពិភពលោក៕ដោយ៖បញ្ញាស័ក្តិ

អត្ថបទដែលជាប់ទាក់ទង