រដ្ឋាភិបាលចិន ផ្ដល់ជំនួយឥតសំណង ៨៤លានដុល្លារ សម្រាប់ពង្រឹងវិស័យការពារជាតិ
ភ្នំពេញ៖ នាយកដ្ឋានព័ត៌មាន អគ្គនាយកដ្ឋានយោធសេវា បានផ្សព្វផ្សាយព័ត៌មានថា សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានឲ្យដឹងថា រដ្ឋាភិបាលចិន បន្ដផ្ដល់ជំនួយឥតសំណង រហូតដល់ ៦០០លានយ័ន ស្មើនឹងប្រមាណ ៨៤លានដុល្លារអាមេរិក ដល់ប្រទេសកម្ពុជា សម្រាប់ពង្រឹងវិស័យការពារជាតិ បន្ថែមពីលើអ្វីដែលធ្លាប់ចុះកិច្ចព្រមព្រៀងកន្លងមក។
ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន នៅព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ នារសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩នេះ ក្រោមបញ្ចប់ការបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសចិន សម្ដេចពិជ័យសេនា ទៀ បាញ់ បានអះអាងថា ទំហំទឹកប្រាក់ដែលមហាមិត្តចិនបង្កើននេះ គឺជាការបញ្ជាក់អំពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា-ចិន។ សម្ដេចពិជ័យសេនា ទៀ បាញ់ បានថ្លែងថា ចិននឹងបង្កើននូវជំនួយឥតសំណងដល់កម្ពុជា ខាងវិស័យយោធាទឹកប្រាក់ក្នុងទំហំ ៦០០លានយ័ន សម្រាប់យើងយកមកពិភាក្សា និងចាត់ចែងដើម្បីបង្កើននូវសមត្ថភាពវិស័យការពារជាតិរបស់យើង គឺខាងយោធាតែម្ដង ដែលនេះបន្ដពីកិច្ចសហប្រតិបត្តិការជាស្រេចរួចមកហើយ។ ប្រមុខការពារជាតិរបស់កម្ពុជា បានគូសបញ្ជាក់ទៀតថា ក្នុងដំណើរទស្សនកិច្ចរបស់សម្ដេច ទៅប្រទេសចិនក្នុងឱកាសនេះ នឹងធ្វើឲ្យទំនាក់ទំនងដែលមានស្រាប់ កាន់តែរឹងមាំបន្ថែមទៀត លើអ្វីដែលប្រទេសទាំងពីរ បានចុះកិច្ចព្រមព្រៀងកន្លងមក៕