ស្រ្តីមេតុងទីនម្នាក់ វេចលុយជាង២៦ម៉ឺនដុល្លារ រត់បាត់
ភ្នំពេញ ៖ស្រ្តីម្នាក់ជាមេតុងទីនជា យោធា ពាក់សក្តិ១ ប្រមូលបានលុយច្រើនគួរសមហើយ ជនសង្ស័យវេចលុយរត់គេចទៅបាត់ស្រមោល ទើបកូនតុងទីនផ្អើលឆោឡោរត់ទៅប្តឹងអាជ្ញាធរទប់ស្កាត់ ប៉ុន្តែមកដល់រសៀលថ្ងៃទី២៤តុលានេះ
សមត្ថកិច្ច ចោមចៅ២ មិនទាន់ចាប់ខ្លួនបាននៅឡើយ។
សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នំ២០១៩ ក្រុមអ្នកលេងតុងទីនប្រមាណជាង៤០នាក់ នាំគ្នាទៅប្តឹងចៅសង្កាត់ចោមចៅ២ ក្រោយពីដឹងថា ចាញ់បោកស្ត្រីម្នាក់មេតុងទីន ដែលប្រមូលលុយជាង២៦ម៉ឺនដុល្លារ រត់គេចទៅបាត់ ។
ស្ត្រីម្នាក់ជាជនរងគ្រោះ បានប្រាប់ឲ្យដឹងថា ស្ត្រីជាមេតុងទីន ឈ្មោះ មាស សុគន្ធ មានឋានៈជាយោធាពាក់សក្តិ១ និងជាអាជីករលក់គ្រឿងក្រអូប មានទីលំនៅភូមិចោមចៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ បានរត់គេចខ្លួនបាត់តាំងពីថ្ងៃទី១៧ តុលា មកម្ល៉េះ ។
មេតុងទីននេះបាន ប្រើល្បិចប្រមូលលុយយកខ្លួនឯង ហើយឆ្លើយថា អ្នកនេះដេញបាន ឬអ្នកនោះដេញបាន ប្រមាណជាង២៦ម៉ឺនដុល្លារ ពីអ្នកចូលរួមលេងជាង១០០នាក់ តែធាតុពិតមេតុងទីនបង្កើតកូនតុងទីនខ្យល់ ដេញប្រមូលយកស្ងាត់ៗ នៅពេលប្រមូលបានច្រើនហើយ វេចលុយរត់គេចទៅបាត់ស្រមោល ទើបកូនតុងទីនផ្អើលឆោឡោរត់ទៅប្តឹងអាជ្ញាធរទប់ស្កាត់ ចាប់ខ្លួន៕