ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចិននឹងប្រមូលទិញផ្លែស្វាយពីកម្ពុជា កន្លះលានតោនជារៀងរាល់ឆ្នាំ ប្រសិនបើកិច្ចព្រមព្រៀងរួមគ្នានេះទទួលបានជោគជ័យ

53

 

ភ្នំពេញ៖ ចិននឹងប្រមូលទិញផ្លែស្វាយពីកម្ពុជាកន្លះលានតោនជារៀងរាល់ឆ្នាំ ទៅកាន់ទីផ្សារ របស់ខ្លួន  ប្រសិនបើកិច្ចព្រមព្រៀងរួមគ្នាស្តីពីការ នាំចេញផ្លែស្វាយពីកម្ពុជាទៅកាន់ប្រទេស ចិននោះ ទទួលបានជោគជ័យនៅឆ្នាំក្រោយ។

ស្ថានទូតចិនប្រចាំកម្ពុជា កាលពីថ្ងៃទី២៤ខែតុលា ឆ្នាំ២០១៩ បានបញ្ជាក់ឱ្យដឹងថា ប្រសិនបើដំណើរការបានយ៉ាងរលូន និងជោគជ័យ នៅដើមឆ្នាំ២០២០ខាងមុខនេះ ប្រទេសកម្ពុជា និងប្រទេសចិន នឹងចុះកិច្ចព្រមព្រៀងរួមគ្នាស្តីពីការនាំចេញផ្លែស្វាយពីកម្ពុជា ទៅកាន់ប្រទេសចិន ខណៈដែលផ្លែស្វាយកម្ពុជាប្រមាណជាងកន្លះលានតោន អាចនាំចេញ ទៅកាន់ប្រទេសចិនជារៀងរាល់ឆ្នាំ។ នេះបើយោងតាមការបញ្ជាក់ ពីស្ថានទូតចិនប្រចាំ នៅកម្ពុជា។

ស្ថានទូតចិនប្រចាំកម្ពុជាបានបញ្ជាក់ នៅក្នុងបណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុកផ្លូវការរបស់ខ្លួនយ៉ាងដូច្នេះថា «ប្រសិនដំណើរការបានយ៉ាងរលូន និងជោគជ័យ នាដើមឆ្នាំក្រោយ នេះប្រទេសចិន និងកម្ពុជានឹងមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីអំពីការនាំចេញផ្លែស្វាយពីប្រទេសកម្ពុជាទៅកាន់ប្រទេសចិន។ ប្រទេសកម្ពុជាមាន សក្តានុពលក្នុងការនាំចេញផ្លែស្វាយជាង៥០ម៉ឺនតោនទៅកាន់ប្រទេសចិនជារៀងរាល់ឆ្នាំ។ ដោយមើលទៅលើទំនាក់ទំនងដ៏ល្អប្រពៃនេះ ប្រទេសចិននាថ្ងៃខាងមុខនឹងបើកចំហទីផ្សារ ជូនដល់ផលិតផលកសិកម្មក្នុងប្រទេសកម្ពុជាកាន់តែច្រើន»។

ក្រៅពីផ្លែស្វាយកម្ពុជាក៏បានស្នើឱ្យភាគីចិនពន្លឿនការអនុញ្ញាតឱ្យនាំចេញផលិតផលកសិកម្មមួយចំនួនទៀតដូចជាផ្លែមៀនស្រកានាគដូងម្រេចនិងទឹកមាត់ត្រចៀកកាំទៅកាន់ប្រទេសចិនឱ្យបានឆាប់រហ័ស។

បើតាមរបាយការណ៍របស់ក្រសួងកសិកម្មបានឱ្យដឹងថា នៅរយៈពេលជាង ៩ខែឆ្នាំ២០១៩នេះកម្ពុជាបាននាំចេញផ្លែស្វាយជាង៤ម៉ឺនតោន ទៅកាន់ទីផ្សារប្រទេស វៀតណាម បារាំង អាល្លឺម៉ង់ ឆែក អង់គ្លេស ជប៉ុន សិង្ហបុរី អារ៉ាប៊ីសាអូឌីត ឥណ្ឌា តៃវ៉ាន់ បែលហ្ស៊ិក ថៃ អូស្ត្រាលី ស្វ៊ីស កាណាដា និងកាហ្សាក់ស្ថាន។

    សូមបញ្ជាក់ថា បើផ្អែកតាមរបាយការណ៍ពីក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ទំហំ ពាណិជ្ជកម្មសរុបកម្ពុជា-ចិនក្នុងឆ្នាំ២០១៨បានកើនឡើងដល់ ៦,៤៥៧លានដុល្លារអាម៉េរិក ដែលការនាំចេញពីប្រទេសកម្ពុជាទៅប្រទេសចិន មានទំហំទឹកប្រាក់ចំនួន៨៧៤លាន ដុល្លារអាម៉េរិកមានការកើនឡើង១៥ភាគរយ ធៀបនឹងឆ្នាំ២០១៧ ចំណែកការនាំចូល ពីចិនមកកម្ពុជាមានទំហំទឹកប្រាក់ចំនួន៥,៥៨៣លានដុល្លារអាម៉េរិក មានការកើនឡើង ១៦ភាគរយ ធៀបនឹងឆ្នាំ២០១៧៕ ដោយ៖ សំរិត

អត្ថបទដែលជាប់ទាក់ទង