បង្រ្កាបអ្នកញៀនល្បែងអាប៉ោងនៅស្រុកឧដុង្គ ឃាត់ខ្លួន៣នាក់
កំពង់ស្ពឺ៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ពាក្យចាស់ពោលថា ល្បែងតែងតែវិនាស
កម្លាំងសមត្ថកិច្ចនគរបាលបង្រ្កាបអ្នកលេងល្បែងអាប៉ោងនៅស្រុកឧដុង្គ ឃាត់ខ្លួន៣នាក់ រួមជាមួយវត្ថុតាងមួយចំនួន ហើយសមត្ថកិច្ចជំនាញ កំពងកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់។
ថ្ងៃអង្គារ ទី២២ ខែ តុលា ឆ្នាំ ២០១៩ វេលាម៉ោង ១៤:០០ នាទី កម្លាំងនៃអធិការដ្ឋាន នគរបាលស្រុកឧដុង្គ ក្រោយពីទទួលបានសេចក្ដីរាយការណ៍របស់ពលរដ្ឋល្អ លោកវរសេនីយ៍ឯក ខឹម សាម៉ុន អធិការនគរបាលស្រុកបានដឹកនាំកម្លាំងចុះប្រតិបត្ដិការបង្រ្កាបទីតាំងលួចលាក់លេងល្បែងស៊ីសងខុសច្បាប់ (អាប៉ោង) នៅចំណុចភូមិទំនប់ទឹក ឃុំចាន់សែន ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ឃាត់បានមុខសញ្ញា៣នាក់ ៖ ១.ឈ្មោះ ហេង អុល ភេទប្រុស អាយុ៥៦ឆ្នាំ នៅ ភូមិចុងបឹង ឃុំចាន់សែន ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។ ២. ឈ្មោះ សូត សយ ភេទប្រុស អាយុ ៦០ឆ្នាំ នៅភូមិត្រពាំងគោ ឃុំចាន់សែន ស្រុកឧដុង្គខេត្តកំពង់ស្ពឺ។ ៣. ឈ្មោះ ឃុយ ធា ភេទប្រុស អាយុ ៤០ ឆ្នាំ នៅភូមិ ត្រពាំងអន្ទង់ ឃុំចាន់សែន ស្រុកឧុង្គ ខេត្តកំពង់ស្ពឺ។ សម្ភារៈដកហូតបានរួមមាន
ចានទ្រ បាញ់អាប៉ោង ១ មេអាប៉ោង ១ លុយខ្មែរ ១ លានរៀល លុយដុល្លារ ១៦៦ ដុល្លារ ទូរស័ព្ទ ចំនួន ៤គ្រឿង ម៉ូតូ C125 ពណ៌ ខ្មៅ ស៊េរីឆ្នាំ២០០៨ លេខកំពង់ស្ពឺ 1B-0787 ម៉ូតូ គុបជ្រុង ពណ៌ ទឹកប៊ិច លេខកំពង់ស្ពឺ 1G-8855។
បច្ចុប្បន្នជនសង្ស័យអ្នកញៀនល្បែង និងវត្ថុតាង កម្លាំងជំនាញកំពុងកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់៕