ស្នើឱ្យធនាគារCDB ពិនិត្យមើលគម្រោងវិនិយោគនៅកម្ពុជា ទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ភ្នំពេញ៖ លោករដ្ឋមន្ត្រីក្រសួងសាធារណការ បានស្នើឱ្យធនាគារCDB ពិនិត្យមើលកិច្ចសហប្រតិបត្តិការ បន្ថែមទៀត លើគម្រោងវិនិយោគចិននៅកម្ពុជា ដែលទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ផ្លូវល្បឿនលឿន ការអភិវឌ្ឍកំពង់ផែ ការដឹកជញ្ជូនផ្លូវដែក និងប្រព័ន្ធដឹកជញ្ជូនក្នុងទីក្រុង និងការដឹកជញ្ជូនតាមផ្លូវទឹក។
ថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលា ឆ្នាំ២០១៩ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូមកពីធនាគារអភិវឌ្ឍន៍ចិន ដឹកនាំដោយលោក Mei Shiwen នាយកចាត់ការទូទៅរបស់ CDB សាខាខេត្តក្វាងស៊ី។
ជាកិច្ចចាប់ផ្តើម លោក Mei Shiwen បានជម្រាបជូនលោកទេសរដ្ឋមន្ត្រី អំពីសមិទ្ធផលសម្រេចបាន គួរឱ្យសម្គាល់ នៅក្នុងកិច្ចសហប្រតិបត្តិការ រយៈពេលកន្លងមក រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងធនាគារអភិវឌ្ឍន៍ចិន (CDB) ក្នុងការចូលរួមចំណែក ដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកម្ពុជា ឱ្យមាន ការរីកចម្រើន។
លោកទេសរដ្ឋមន្រ្តី បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះធនាគារអភិវឌ្ឍន៍ចិន(CDB) ដែល បានផ្តល់ហិរញ្ញប្បទាន ដល់គម្រោងសាងសង់ផ្លូវល្បឿនលឿន ពីភ្នំពេញ ទៅខេត្តព្រះសីហនុ និងគម្រោងដទៃទៀត នៅកម្ពុជា ឱ្យដំណើរការបានដោយរលូន។
ជាមួយគ្នានេះផងដែរ លោកទេសរដ្ឋមន្ត្រី បានស្នើឱ្យធនាគារCDB ពិនិត្យមើលកិច្ចសហប្រតិបត្តិការ បន្ថែមទៀតលើគម្រោងវិនិយោគចិននៅកម្ពុជា ដែលទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ផ្លូវល្បឿនលឿន ការអភិវឌ្ឍកំពង់ផែ ការដឹកជញ្ជូនផ្លូវដែក និងប្រព័ន្ធដឹកជញ្ជូនក្នុងទីក្រុង ជាពិសេសការដឹកជញ្ជូនតាមផ្លូវទឹក។
លើសពីនេះទៀត លោកទេសរដ្ឋមន្ត្រី បានស្នើឱ្យធនាគារCDB ពិនិត្យលទ្ធភាពផ្តល់ការគំាទ្រផ្នែក ហិរញ្ញវត្ថុលើយុទ្ធនាការ ផ្សព្វផ្សាយសាធារណៈ អំពីគ្រោះថ្នាក់ចរាចរ ការផ្សព្វផ្សាយតាមទូរទស្សន៍ពី ផលលំបាក និងការខាតបង់ ដោយសារគ្រោះថ្នាក់ចរាចរ យុទ្ធនាការចែកមួកសុវត្ថិភាពចរាចរណ៍ និងយុទ្ធនាការផ្សេងៗថែមទៀត ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរ ស្របតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា “ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរ”។
សូមជម្រាបជូនថា៖ ធនាគារអភិវឌ្ឍន៍ចិន (CDB) ជាធនាគារឯកជន របស់រដ្ឋ ក្រោមការដឹកនាំផ្ទាល់ពី ក្រុមប្រឹក្សារដ្ឋចិន បច្ចុប្បន្នធនាគារCDB បានផ្តល់ហិរញ្ញប្បទាន ដល់គម្រោងធំៗចំនួនពីរ នៅកម្ពុជាគឺ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងគម្រោងព្រលានយន្តហោះសៀមរាបថ្មី លើសពីនេះទៀត CDB ចាប់អារម្មណ៍ ក្នុងការវិនិយោគ លើអាកាសយានដ្ឋានភ្នំពេញថ្មី និងការអភិវឌ្ឍមជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែក្រុងព្រះសីហនុផងដែរ៕ដោយ៖បញ្ញាស័ក្តិ