ចោរលួចលុយជាង៦ម៉ឺនដុល្លារ ទុកនៅក្នុងទូដែកក្នុងបន្ទប់ របស់លោកអេង ទីតា ប្រធានសាខាពន្ធដារខណ្ឌដង្កោ
ភ្នំពេញ ៖ ពិតជាហ៊ានមែន ក្រុមចោរឡើងទៅគាស់បង្អួចសាខាពន្ធដារខណ្ឌដង្កោចូលទៅវាយបើកទូដែក រួចលួចយកលុយជាង៦ម៉ឺនដុល្លារ ដែលទុកនៅក្នុងទូដែកក្នុងបន្ទប់ជាន់ទី២ របស់លោកអេង ទីតា ប្រធានសាខាពន្ធដារខណ្ឌដង្កោ។
មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលលុយ ត្រូវបានក្រុមចោរឡើងទៅគាស់បង្អួចចូលទៅវាយបើកទូដែក រួចលួចយកលុយ រួចគេចខ្លួនដោយសុវត្ថិភាព ដែលពុំដឹងថា ក្រុមចោរមានគ្នាប៉ុន្មាននាក់នោះទេ រហូតដល់លោកប្រធានពន្ធដារ ចូលទៅធ្វើការ ទើបដឹងថា បាត់លុយ និងភ្ញាក់ផ្អើលតែម្ដង។
ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនោះបានកើតឡើងកាលពីព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ មានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវលេខ២១៧ ហៅផ្លូវចំការដូង ទល់មុខប៉ុស្តិ៍រដ្ឋបាលនគរបាលជើងឯង ស្ថិតក្នុងភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
បើតាមបុរសជាសន្តិសុខឯកជនម្នាក់ ត្រូវបាននគរបាលនាំទៅសាកសួរនៅប៉ុស្តិ៍នគរបាលជើងឯក ដើម្បីបំភ្លឺខ្លះៗផងដែរ ព្រោះគាត់ក៏ជាអ្នកយាមនៅទីតាំងកើតហេតុនោះដែរ ។ ខណៈនោះគាត់បាននិយាយប្រាប់នគរបាលថា នៅវេលាយប់ថ្ងៃទី២៤ ខែតុលា រូបគាត់ចំវេនឈប់សម្រាកនៅផ្ទះមិនបានយាមនោះឡើយ លុះព្រឹកឡើងពេលធ្វើដំណើរចេញមកពីផ្ទះទៅយាមនៅសាខាពន្ធដារខណ្ឌដង្កោវិញ ស្រាប់តែមានការភ្ញាក់ផ្អើលថា មានចោរចូលគាស់ទូដែកយកលុយអស់រាប់ម៉ឺនដុល្លារទៅហើយ ហើយរូបគាត់ក៏ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ជើងឯក ទៅដឹកយកមកសាកសួរបំភ្លឺនៅប៉ុស្តិ៍៕