រាជរដ្ឋាភិបាល នឹងរៀបចំឲ្យមានការដេញថ្លៃ ប្រកួតប្រជែង និងមានតម្លាភាពស្វែងរកក្រុមហ៊ុន ឲ្យបានយ៉ាងតិច៤ ធ្វើការប្រមូលសំរាមនឹងសម្អាតទីក្រុង
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃសុក្រទី២៥ ខែតុលា ឆ្នាំ២០១៩នេះ មុនបើកកិច្ចប្រជុំគណៈរដ្ឋមន្ត្រី បានបន្ដប្រកាសថា ក្រោយដកសិទ្ធិប្រមូលសំរាម ពីក្រុមហ៊ុនស៊ីនទ្រី ហើយនៅពេលរដ្ឋគ្រប់គ្រងមានស្ថិរភាពនោះ រដ្ឋនឹងធ្វើការជ្រើសរើស ក្រុមហ៊ុនផ្សេងគ្នា ចំនួន៤ ដើម្បីប្រមូលសំរាមក្នុងរាជធានីភ្នំពេញ ដោយចែកចេញជា៤តំបន់។
សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា ចាប់តាំងពីទទួលបានសិទ្ធិ នៅឆ្នាំ២០០២ ក្រុមហ៊ុនស៊ីនទ្រី មិនទាន់បំពេញកាតព្វកិច្ច បម្រើប្រជាពលរដ្ឋ ឲ្យស្របតាមការរីកចម្រើន របស់រដ្ឋ នោះឡើយ ហើយការដកសិទ្ធិគ្រប់គ្រងសំរាម ពីក្រុមហ៊ុនស៊ីនទ្រីជារឿងចាំបាច់ ហើយត្រូវប្រញាប់ដាក់ ចេញវិធានការដោះស្រាយ ឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋ។
បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ក្រោយការដកហូតសិទ្ធិនេះ ក្រុមហ៊ុនស៊ីនទ្រី នឹងទទួលបានការប៉ះប៉ូវសមស្រប និងយុត្តិធម៌ ហើយធានាធនធានរូបវ័ន្ដ និងធនធានមនុស្សទាំងអស់ របស់ក្រុមហ៊ុនបច្ចុប្បន្ន នឹងត្រូវដាក់ឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់អង្គភាពស្វយ័តរបស់រដ្ឋមួយ ជាលក្ខណៈបណ្ដោះអាសន្ន ដើម្បីធានានិរន្ដរភាព នៃការសម្អាតរាជធានីភ្នំពេញ។
សម្ដេចប្រមុខនៃរាជរដ្ឋាភិបាល បានបញ្ជាក់ថា កន្លងទៅសម្ដេចធ្លាប់បានសម្រេចឲ្យបែង ចែកជា៤តំបន់ នៃការទាញយកសំរាមទៅដាក់ ក៏ប៉ុន្ដែរយៈពេលសឹងពេញមួយឆ្នាំទៅហើយ មិនទាន់ មានកន្លែងណាមួយ បានយកសំរាមទៅដាក់ទេ។ ដូច្នេះការដកហូតសិទ្ធិពីក្រុមហ៊ុនឯកជនមួយនេះ មកឲ្យអង្គភាពរដ្ឋគ្រប់គ្រង ជាបណ្ដោះអាសន្ន គឺជាការចាំបាច់ និងត្រូវធ្វើសកម្មភាពបន្ទាន់ដើម្បី ឈានទៅរកការគ្រប់គ្រង គ្រប់មធ្យោបាយ ក៏ដូចជាកម្លាំងមនុស្ស ដើម្បីដោះស្រាយក្នុងមួយរយៈ ឆ្លើយតបទៅ នឹងការចង់បានរបស់ប្រជាពលរដ្ឋ។
សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ទៀតថា បន្ទាប់ពីដំណើរការ នៃអង្គភាពស្វយ័តនេះ មានស្ថិរភាព ហើយ រាជរដ្ឋាភិបាល នឹងរៀបចំឲ្យមានការដេញថ្លៃ ប្រកួតប្រជែង និងមានតម្លាភាពស្វែងរកក្រុមហ៊ុន ឲ្យបានយ៉ាងតិច៤ ធ្វើការប្រមូលសំរាមនឹងសម្អាតទីក្រុងឲ្យបានប្រសើរទាំងគុណភាព និងបរិមាណ ដែលប្រជាពលរដ្ឋអាចទទួលយកបាន។ រាជរដ្ឋាភិបាលរំពឹងថា យន្ដការថ្មីនេះ នឹងជួយបង្កើតការងារ ជូនបងប្អូនកម្មករជាច្រើនបន្ថែមទៀតផងដែរ។
ទន្ទឹមនឹងការដកសិទ្ធិ ប្រមូលសំរាមពីក្រុមហ៊ុនស៊ីនទ្រីនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានប្រកាស ឲ្យដកតម្លៃសំរាម ចេញពីវិក្កយបត្ររបស់អគ្គិសនីផងដែរ ដោយត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២០។ សម្ដេចតេជោ បានហៅការដកតម្លៃសំរាម ចេញពីវិក្កយបត្រអគ្គិសនី ជាការវះកាត់ជំងឺរ៉ាំរ៉ៃ មួយដែលគ្មានការដោះស្រាយ។ ជាងនេះទៀត ការដកថ្លៃសំរាមចេញពីវិក្កយបត្រអគ្គិសនី មិនត្រឹមតែ ឆ្លើយតបទៅ នឹងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋនោះទេ ប៉ុន្តែវាជាការចាំបាច់ដើម្បីកុំឲ្យបញ្ហាសំរាម នេះក្លាយទៅជាកត្តាដែលប្រជាជន មើលមិនឃើញពីការវិវឌ្ឍជាវិជ្ជមាន នៃការកែទម្រង់ របស់អគ្គិសនីកម្ពុជា ដែលបានខិតខំកែលម្អសេវាបម្រើអតិថិជនរបស់ខ្លួន រួមទាំងការបញ្ចុះថ្លៃអគ្គិសនីជាបន្តបន្ទាប់ រួចហើយ។ ក្រៅពីការអនុវត្តនៅក្នុងក្របខ័ណ្ឌរាជធានីភ្នំពេញហើយ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក៏បានណែនាំឲ្យខេត្តផ្សេងៗ ដែលមានភ្ជាប់ថ្លៃសំរាម ជាមួយវិក្កយបត្រអគ្គិសនី ក៏ត្រូវដកចេញដូចគ្នា នឹងរាជធានីភ្នំពេញដែរ៕