បិទចរាចរចុះពីស្ពានព្រះមុន្នីវង្សចាស់ ដើម្បីចាក់បេតុងតួស្ពានក្បាលថ្នល់ ចាប់ម៉ោង ២១យប់ថ្ងៃទី២៥ តុលា ដល់ម៉ោង ៥ភ្លឺ ថ្ងៃទី២៦
ភ្នំពេញ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា ដើម្បីធានាសុវត្ថិភាពការដ្ឋាន ចាប់ពីវេលាម៉ោង ២១:០០យប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ ដល់ម៉ោង ៥:០០ទៀបភ្លឺ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ ការដ្ឋានសាងសង់បន្ថែម ស្ពានអាកាសក្បាលថ្នល់ នឹងធ្វើការចាក់បេតុងតួស្ពាន (Box Girder) ដំណាក់កាលទី២ ដោយត្រូវបិទផ្លូវមិនឲ្យធ្វើចរាចរចុះពីស្ពានព្រះមុន្នីវង្សចាស់ ត្រង់ឆ្ពោះទៅទិសមហាវិថីព្រះមុន្នីវង្សឡើយ ។
ប្រភពដដែល បានបន្តថា ចំពោះចរាចរពីស្ពានព្រះមុនី្នវង្សចាស់ បត់ស្តាំមកមហាវិថីព្រះនរោត្តម ចរាចរពីមហាវិថីព្រះមុនី្នវង្ស ទៅស្ពានព្រះមុនីវង្សថ្មី និងចរាចរទៅមកលើស្ពានអាកាសក្បាលថ្នល់ នឹងអនុញ្ញាតឲ្យធ្វើចរាចរជាធម្មតា។
សូមសាធារណជនមេត្តាជ្រាប និងមេត្តាយោគយល់អធ្យាស្រ័យ ដោយសេចក្តីអនុគ្រោះ៕ ដោយ៖កូឡាប