បញ្ជូនជនសង្ស័យម្នាក់ទៅតុលាការ ពីបទខ្ចីម៉ូតូគេ២គ្រឿង យកទៅលក់ស៊ីចាយអស់
បន្ទាយមានជ័យ ៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី២៦ខែតុលានេះ បានឲ្យដឹងថា នៅវេលាម៉ោង ១៥ និង ៥៥នាទី ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះបង្ក្រាបករណី រំលោភលើទំនុកចិត្ត (ខ្ចីម៉ូតូ) និងឃាត់ខ្លួនជនសង្ស័យបានចំនួន ១នាក់ ។
ប្រភពដដែល បានបន្តថា ក្រោយពីបញ្ចប់ការស៊ើបអង្កេត និងតាមចម្លើយសារភាពរបស់ជនសង្ស័យ គឺមានភាពស៊ីសង្វាក់គ្នា បង្ហាញពីតម្រុយនៃបទល្មើសយ៉ាងជាក់លាក់ ដូច្នេះជនសង្ស័យត្រូវបានចោទប្រកាន់ពីបទ រំលោភលើទំនុកចិត្ត (ខ្ចីម៉ូតូ) ។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី ។ ចំណែកម៉ូតូរបស់ឈ្មោះ អន សុភក្ត្រា ត្រូវបានសមត្ថកិច្ចស្រាវជ្រាវរកឃើញ ហើយបានប្រគល់ជូនម្ចាស់ដើមវិញ រីឯម៉ូតូរបស់ឈ្មោះ សំ សុធា រកមិនទាន់ឃើញ បច្ចុប្បន្នសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវ ដើម្បីយកមកប្រគល់ជូនម្ចាស់ដើមវិញ ៕