ប្រធានាធិបតីសាធារណរដ្ឋហុងគ្រីសម្តែងការអបអរសាទរចំពោះការអភិវឌ្ឍ និងអរិយធម៌ដ៏រុងរឿងរបស់កម្ពុជា
ភ្នំពេញ៖ ក្នុងឱកាសជួបសម្តែងការគួរសមជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩នេះ លោកយាណូស អាឌ័រ (Janos Ader) ប្រធានាធិបតីសាធារណរដ្ឋហុងគ្រី បានសម្តែងការអបអរសាទរចំពោះ ការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។
លោកបានលើកឡើងថា ការអភិវឌ្ឍទីក្រុងភ្នំពេញប្រកបដោយវិបុលភាព ដោយមានអគារខ្ពស់ៗ នាពេលបច្ចុប្បន្ននេះ ជាសញ្ញា បង្ហាញពីអនាគតដ៏ល្អរបស់កម្ពុជា។ ប្រទេសហុងគ្រីសូមចូលរួមអបអរសាទរជាមួយវឌ្ឍនភាពកម្ពុជា។ ជាមួយគ្នា លោកប្រធានាធិបតី បានជម្រាបសម្តេចប្រធានរដ្ឋសភាថា កម្ពុជាជាប្រទេសមួយដែលមានវប្បធម៌ អរិយធម៌ដ៏រុងរឿង និងយូរលង់មកហើយ ប្រាសាទអង្គរ ជាអច្ឆរិយដ៏ល្អឯកមួយ ដែលពលរដ្ឋហុងគ្រីចង់មកទស្សនា រួមទំាងខ្លួនលោកផង។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក យាណូស អាឌ័រ ដែលបានអញ្ជើញមកបំពេញ ទស្សនកិច្ចជាផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា។
សម្តេចបានគូសបញ្ជាក់ថា វត្តមានដ៏ខ្ពង់ខ្ពស់របស់ លោកប្រធានាធិបតី និងគណៈប្រតិភូជាន់ខ្ពស់នៅពេលនេះ មានអត្ថន័យជា ប្រវត្តិសាស្រ្ត និងបានផ្តល់កិត្តិយសយ៉ាងធំធេងដល់ប្រជាជាតិកម្ពុជា។ រដ្ឋសភាកម្ពុជា វាយតម្លៃខ្ពស់ និងពេញចិត្ត ចំពោះវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងរដ្ឋាភិបាលនៃប្រទេសទំាងពីរ រួមទំាងសមិទ្ធផលនានា ដែលប្រមុខរដ្ឋាភិបាល នៃប្រទេសទំាងពីរ ខិតខំរួមគ្នាសម្រេចបានមកនេះ។
សម្តេចប្រធានរដ្ឋសភា បានរំលឹកថា ហុងគ្រីគឺជាមិត្តចាស់របស់កម្ពុជា ដែលធ្លាប់មានគុណបំណាច់ដ៏ធំចំពោះកម្ពុជា កាលពីទសវត្សរ៍ ឆ្នាំ១៩៨០ បន្ទាប់ពីកម្ពុជាទើបបានរំដោះពីរបប ប៉ុល ពត មិនត្រឹមតែប៉ុណ្ណោះ ហុងគ្រីក៏បានចូលរួមចំណែកយ៉ាងសកម្មក្នុងការស្វែងរក សន្តិភាព ជូនកម្ពុជា ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិនៅកម្ពុជាទៀតផង៕