លោកគួច ចំរើន បើកកិច្ចប្រជុំដោះស្រាយ ករណីក្រុមហ៊ុនធានារ៉ាប់រងកាំមីនកូ អូសបន្លាយក្នុងការដោះស្រាយសំណងដល់ជនរងគ្រោះក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តក្រឡុកស៊ីម៉ង់បុកសម្លាប់មនុស្ស
ព្រះសីហនុ៖ ដោយសារក្រុមហ៊ុនធានារ៉ាប់រងកាំមីនកូ អូសបន្លាយក្នុងការដោះស្រាយសំណងដល់ជនរងគ្រោះក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ទើបនៅរសៀលថ្ងៃទី២៨ខែតុលា ឆ្នាំ២០១៩ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល ក្នុងការដោះស្រាយសំណងជូនជនរងគ្រោះ ដោយសារគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយរថយន្តក្រឡុកស៊ីម៉ង់របស់ក្រុមហ៊ុនបេតុងSCG ដែលធ្វើអាជីវកម្មនៅក្រុងព្រះសីហនុ ដោយមានការចូលរួមពីតំណាងអយ្យការអមសាលាដំបូងខេត្ត, ស្នងការរងទទួលផែនចរាចរណ៍ ពីមន្ទីរជំនាញ និងគូភាគីពាក់ព័ន្ធផងដែរ ។
តាមតំណាងក្រុមគ្រួសារជនរងគ្រោះ បានបញ្ជាក់ថាគ្រោះថ្នាក់ចរាចរណ៍ខាងលើបង្កឡើងដោយរថយន្តបេតុងរបស់ក្រុមហ៊ុនបេតុង SCG កាលពីថ្ងៃទី០២ ខែមិថុនាឆ្នាំ២០១៩ នៅចំណុចភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុបណ្តាលឱ្យមានមនុស្សស្លាប់នៅនឹងកន្លែង។ ជនរងគ្រោះមានឈ្មោះ ជា ស៊ីវ៉ាន ភេទប្រុស មុខរបរជាគ្រូបង្រៀននៅសាលាបឋមសិក្សា ហ៊ុន សែន មិត្តភាព ក្រុងព្រះសីហនុ។
ក្នុងនោះតំណាងក្រុមហ៊ុនធានារ៉ាប់រងកាំមីនកូ បានលើកឡើងថា ខ្លួនមិនទទួលខុសត្រូវទូទាត់សំណងជូនជនរងគ្រោះនោះទេ ដោយចោទថា ក្រុមហ៊ុនបេតុង SCG មិនគោរពតាមគោលការណ៍របស់ខ្លួន ។
នៅក្នុងកិច្ចប្រជុំដោះស្រាយនោះ ខាងក្រុមហ៊ុនបេតុងSCG សុខចិត្តសងសំណងជាថវិកាចំនួន ១០.០០០ដុល្លាអាមេរិក (មួយម៉ឺនដុល្លាសហរដ្ឋអាមេរិក) ជូនដល់ភាគីជនរងគ្រោះដើម្បីដោះស្រាយសំណងរដ្ឋប្បវេណី ។
ជាចុងក្រោយលោក គួច ចំរើន បានថ្លែងថា តាមព័ត៌មានដែលទទួលបានកន្លងមកក្រុមហ៊ុនធានារ៉ាប់រងកាំមីនកូ មានភាពយឺតយ៉ាវក្នុងការទូទាត់សំណងជូនជនរងគ្រោះ ដោយលើកយកហេតុផលផ្សេងៗដែលធ្វើឱ្យជនរងគ្រោះទទួលភាពអយុត្តិធម៌កាន់តែខ្លាំងឡើង ។ហើយឯកឧត្តមក៏បានព្រមានផងដែរថា ក្នុងករណីរកឃើញថាក្រុមហ៊ុននេះមានកំហុសក្នុងការអនុវត្តការងាររបស់ខ្លួននោះ រដ្ឋបាលខេត្តនឹងធ្វើរបាយការណ៍ជូនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ៕