ប្រធានាធិបតីហុងគ្រី និងលោកស្រី អញ្ជើញបំពេញទស្សនកិច្ចប្រាសាទបុរាណខ្មែរ នៅទឹកដីអង្គរដ៏ពិសិដ្ឋ
សៀមរាប៖ លោក យ៉ាណូស អាឌ័រ (Janos Ader) ប្រធានាធិបតីនៃសាធារណរដ្ឋហុងគ្រី និងលោកស្រី ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញធ្វើទស្សនកិច្ចនៅរមណីយដ្ឋានអង្គរចំនួនពីរថ្ងៃ គឺពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ ដើម្បីទស្សនាប្រាសាទបុរាណខ្មែរ និងស្វែងយល់ពីប្រវត្តិសាស្ត្រ អារ្យធម៌ និងភាពដ៏អស្ចារ្យនៃសំណង់ប្រាសាទបុរាណខ្មែរ។
ដោយធ្វើដំណើរតាមជើងយន្តហោះពិសេស លោកប្រធានាធិបតីនិងលោកស្រី បានអញ្ជើញមកដល់ព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប នៅវេលាម៉ោង១១:១០នាទី និងទទួលបានគារវកិច្ចយ៉ាងស្និទ្ធស្នាលជាទីបំផុតពីសំណាក់ លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប លោក ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា មន្ត្រីអ្នកមុខអ្នកការ ព្រមទាំងសិស្សានុសិស្សយ៉ាងច្រើនកុះករ។
ក្នុងពេលអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនេះ លោកប្រធានាធិបតីនិងលោកស្រី បានស្នាក់នៅរាជធានីភ្នំពេញ ចំនួន២ថ្ងៃដោយបានចូលគាល់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជួបសម្តែងការគួរសម ពិភាក្សាការងារ ជាមួយឥស្សរជនជាន់ខ្ពស់ជាថ្នាក់ដឹកនាំ នៃរាជរដ្ឋាភិបាលកម្ពុជា។
សូមបញ្ជាក់ថា ការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការរបស់លោកប្រធានាធិបតីហុងគ្រី និងលោកស្រី បានធ្វើឡើងតបតាមការអញ្ជើញរបស់ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៧ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩៕