រៀបចំធ្វើពិធីឡើងផ្ទះ ប្រែក្លាយជាពិធីបុណ្យសពម្តាយ ដោយសារឆក់ខ្សែភ្លើង
បន្ទាយមានជ័យ ៖ រៀបចំធ្វើពិធីឡើងផ្ទះថ្មី ប្រែក្លាយជាពិធីបុណ្យសពម្តាយទៅវិញ ។ ហេតុការណ៍នេះគឺស្ត្រីរងគ្រោះជាម្តាយ បានក្រោកបោសសំរាម នៅក្នុងរោងពិធីសម្រាប់ទទួលភ្ញៀវ ក៏ប៉ះចំព្រីខ្សែភ្លើងបែក និងមានគ្របស្បោងដែលមានជាតិសើម ក៏បានបណ្តាលឲ្យឆក់ចរន្តអគ្គិសនីស្លាប់តែម្តង ។ ហេតុការណ៍នេះបានកើតឡើងនៅចន្លោះវេលាម៉ោង៦ព្រឹក ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ នៅភូមិអូរវែង ឃុំតាបែន ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
ប្រភពព័ត៌មានពីលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំតាបែន បានឲ្យដឹងថា៖ ស្ត្រីរងគ្រោះ ឈ្មោះ គង់ ណាគ្រី អាយុ៥១ឆ្នាំ មានទីលំនៅភូមិអូរវែងត្បូង ឃុំតាបែន ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ មុនពេលកើតហេតុ ស្ត្រីរងគ្រោះបានក្រោកបោសសំរាម នៅក្នុងរោងពិធីសម្រាប់ទទួលភ្ញៀវ ។ ពេលកំពុងតែបោសបោស គាត់បានឃើញព្រីខ្សែភ្លើងដែលបែក ត្រូវបានគេរុំស្រោបថង់ និងយកស្បៃសម្រាប់ហាលស្រូវមកគ្របពីលើ ជួនជាស្បៃនោះសើមត្រូវទឹកភ្លៀងផងនោះ គាត់បានយកដៃទៅទាញដើម្បីបោសសំរាមបន្តក៏ឆក់បណ្តាលឲ្យរងរបួសធ្ងន់ ហើយក៏បានស្លាប់តាមផ្លូវខណៈបញ្ជូនទៅមន្ទីរពេទ្យ។
លោកនាយប៉ុស្តិ៍បានបញ្ជាក់ថា៖ នេះគឺជាធ្វេសប្រហែស ចំពោះអ្នកតខ្សែភ្លើង ឃើញព្រីបែកហើយមិនព្រមផ្លាស់ប្តូរនៅតែយកមកប្រើ ។
ក្នុងនោះលោកក៏បានអំពាវនាវ សូមឲ្យបងប្អូនប្រើប្រាស់ប្រព័ន្ធភ្លើងឲ្យមានការប្រុងប្រយ័ត្ន ជាពិសេសកុំស្តាយព្រីដែលបែកបាក់ហើយត្រូវផ្លាស់ប្តូរចេញជៀសវាងការគ្រោះថ្នាក់ដោយយថាហេតុ ។ សពស្ត្រីរងគ្រោះត្រូវបានរៀបចំធ្វើបុណ្យតាមប្រពៃណី ៕