អ្នកសង្កេតការណ៍ជាតិ ប្រមាណ ៨០.០០០ នាក់ មកពី ១០៧ ស្ថាប័ន ចូលរួមសង្កេតការណ៍បោះឆ្នោត
ភ្នំពេញ៖ បើតាមការប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨នេះ គឺថ្ងៃនេះ ជាថ្ងៃចុងក្រោយ នៃការទទួលពាក្យសុំចុះឈ្មោះជាអ្នកសង្កេតការណ៍ជាតិ ប្រមាណ ៨០.០០០ នាក់ មកពី ១០៧ ស្ថាប័ន សម្រាប់ចូលរួមសង្កេតការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។ ។
គ.ជ.ប បានបញ្ជាក់ថា ចំពោះអ្នកសង្កេតការណ៍ជាតិ នៃសមាគម អង្គការមិនមែនរដ្ឋាភិបាល ដែលបានដាក់ពាក្យសុំចុះឈ្មោះនៅថ្ងៃនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ត្រូវពិនិត្យ និងសម្រេចលើពាក្យសុំចុះឈ្មោះ ក្នុងរយៈពេលយ៉ាងយូរ ៣ (បី) ថ្ងៃ បន្ទាប់ពីបានទទួលពាក្យស្នើសុំ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨ នេះបើយោងតាមប្រការ ៣.៣.៥ នៃបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦។
សូមជម្រាបជូនថា គិតត្រឹមថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ គ.ជ.ប បានសម្រេចអនុញ្ញាតឱ្យអ្នកសង្កេតការណ៍ជាតិ នៃសមាគម អង្គការមិនមែនរដ្ឋាភិបាលប្រមាណជិត ៨០.០០០ នាក់ មកពី ១០៧ ស្ថាប័ន ចូលរួមសង្កេតការបោះឆ្នោត។ ទន្ទឹមនឹងនេះ គ.ជ.ប ក៏បាននិងកំពុងពិនិត្យលើពាក្យស្នើសុំរបស់អ្នកសង្កេតការណ៍ជាតិ នៃសមាគម អង្គការមិនមែនរដ្ឋាភិបាលប្រមាណជាង ១.៤០០ នាក់ ថែមទៀត ដើម្បីចូលរួមសង្កេតការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ។
បើតាមគ.ជ.ប អ្នកសង្កេតការណ៍ជាតិ គឺជាសាក្សីនៃការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ និងត្រូវផ្តល់របាយការណ៍ជាលាយលក្ខណ៍អក្សរ ស្តីពីការសង្កេតឃើញ និងសេចក្តីសន្និដ្ឋានរបស់ខ្លួននៅក្នុងដំណើរការបោះឆ្នោត ផ្ញើជូន គ.ជ.ប បន្ទាប់ពីដំណើរការបោះឆ្នោតចប់សព្វគ្រប់។
សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ បេក្ខជនឈរឈ្មោះបោះឆ្នោត មេភូមិ ជំនួយការមេភូមិ និងកម្លាំងប្រដាប់អាវុធមិនត្រូវបានអនុញ្ញាត ឱ្យធ្វើជាអ្នកសង្កេតការណ៍ ដើម្បីសង្កេតមើលដំណើរការនៃការបោះឆ្នោត និងការរាប់សន្លឹកឆ្នោតទេ៕