ការត្រួតពិនិត្យការអនុវត្ត UNCAC ជុំទី២
ភ្នំពេញ៖ អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានប្រកាសថា ការមកត្រួតពិនិត្យការអនុវត្តអនុសញ្ញាអង្គការសហប្រជាជាតិ
ប្រឆាំងអំពើពុករលួយ (UNCAC) ជុំទី២ នៅកម្ពុជាពីសំណាក់ អ.ស.ប. និងអ្នកជំនាញមកពីប្រទេសថៃ និងអេស្វាទីនី
អង្គភាពប្រឆាំងអំពើពុករលួយ ថ្ងៃទី៣០-៣១ ខែតុលា និងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ ២០១៩។ ពិធីនេះធ្វើឡើងនៅអង្គភាពប្រឆាំងអំពើពុករលួយ កាលពីព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩។
ក្នុងឱកាសនោះដែរ លោកឃាង សេង អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានថ្លែងថា នៅថ្ងៃទី៣០
-៣១ ខែតុលា និងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ ២០១៩ អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) នៃ
ព្រះរាជាណាចក្រកម្ពុជា បានរៀបចំកិច្ចប្រជុំទទួលការមកត្រួតពិនិត្យដល់ប្រទេស (Country Visit) នូវការអនុវត្តអនុសញ្ញា
អង្គការសហប្រជាជាតិប្រឆាំងអំពើពុករលួយ (UNCAC) ជុំទី២ នៅកម្ពុជា ពីសំណាក់តំណាងអង្គការសហប្រជាជាតិ និង
អ្នកជំនាញមកពីប្រទេសថៃ និងអេស្វាទីនី ដោយមានការអញ្ជើញចូលរួមពីតំណាងមកពីក្រសួងស្ថាប័នសាធារណៈ វិស័យ
ឯកជន និងអង្គការសង្គមស៊ីវិលផងដែរ ។
លោកបានថ្លែងថា កិច្ចប្រជុំត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្តល់ជាវេទិកាដល់ភាគីត្រួតពិនិត្យ (តំណាងអ.ស.ប, និងអ្នកជំនាញ
មកពីប្រទេសថៃ និងអេស្វាទីនី) ជួប សាកសួរ ជជែកដេញដោលលម្អិតផ្ទាល់ជាមួយភាគីពាក់ព័ន្ធអំពីការអនុវត្តជាក់ស្តែង
ទាក់ទងនឹងបទដ្ឋានដែលUNCAC បានកំណត់ និងដែលកម្ពុជាត្រូវគោរពតាម ដោយផ្តោតលើ ជំពូកទី ២ វិធានការបង្ការ
អំពើពុករលួយ និង ជំពូកទី ៥ ការបញ្ជូនមកវិញនូវផលនៃបទល្មើសពុករលួយ នៃ UNCAC បន្ថែមលើព័ត៌មានដែលបាន
ផ្តល់ជូនក្នុងរបាយការណ៍ស្វ័យវាយតម្លៃដែលបានអនុម័តក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី៣០ ខែសីហា
ឆ្នាំ២០១៩ ដែលកម្ពុជាបានដាក់ជូនពិនិត្យ ។
កិច្ចប្រជុំនេះ ក៏បានឆ្លុះបញ្ចាំងពីឆន្ទៈដ៏មោះមុត របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ
និងការបើកចំហរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទទួលទស្សនកិច្ចត្រួតពិនិត្យដល់ប្រទេសពីភាគីត្រួតពិនិត្យ ដែលជា
យន្តការជាជម្រើសក្នុងដំណើរការត្រួតពិនិត្យ ។
ក្រោយកិច្ចប្រជុំ ផ្អែកលើព័ត៌មានទទួលបាន ភាគីត្រួតពិនិត្យ នឹងរៀបចំនូវរបាយការណ៍ប្រចាំប្រទេស (Country
Report) ស្តីពីការអនុវត្ត UNCAC នៅកម្ពុជា ដែលជាការគូសបញ្ជាក់ពីការបិទបញ្ចប់ការត្រួតពិនិត្យការអនុវត្ត UNCAC
ជុំទី២ នៅកម្ពុជា ។
សូមគូសបញ្ជាក់ថា ការត្រួតពិនិត្យការអនុវត្ត UNCAC ត្រូវបានធ្វើឡើងជា២ជុំ ដោយជុំទី១ ផ្តោតការត្រួតពិនិត្យ
លើ ជំពូកទី៣ ការកំណត់ជាបទល្មើស និង ជំពូកទី ៤ កិច្ចសហប្រតិបត្តិការអន្តរជាតិ និងជុំទី២ ផ្តោតការត្រួតពិនិត្យលើ
ជំពូកទី ២ វិធានការបង្ការអំពើពុករលួយ និង ជំពូកទី ៥ ការបញ្ជូនមកវិញនូវផលនៃបទល្មើសពុករលួយ ហើយ ភាគីមក
ត្រួតពិនិត្យគឺជ្រើសរើសតាមការចាប់ឆ្នោត។ កម្ពុជាបានទទួលការត្រួតពិនិត្យជុំទី១ បានបញ្ចប់នៅឆ្នាំ២០១៥ ដោយ
តំណាងអង្គការសហប្រជាជាតិ និងអ្នកជំនាញមកពីប្រទេសមីយ៉ាន់ម៉ា និងតូហ្គ។
ដំណើរការនៃការរៀបចំការត្រួតពិនិត្យការអនុវត្ត UNCAC នៅកម្ពុជា ត្រូវបានមជ្ឈដ្ឋានអន្តរជាតិកោតសរសើរ និង
ទទួលស្គាល់ថា មានលក្ខណៈគ្រប់ជ្រុងជ្រោយ និងបើកចំហប្រកបដោយតម្លាភាព ដោយកម្ពុជាបានរួមបញ្ចូលគ្រប់ភាគី
ពាក់ព័ន្ធក្នុងយន្តការនៃការត្រួតពិនិត្យ រួមមានភាគីមកពីក្រសួងស្ថាប័នសាធារណៈ អង្គការសង្គមស៊ីវិល ផ្នែកសារព័ត៌មាន
ផ្នែកសិក្សាធិការ និងវិស័យឯកជន។
សូមបញ្ជាក់ថា សម្រាប់ការត្រួតពិនិត្យការអនុវត្ត UNCAC ជុំទី១ កម្ពុជា ក៏បាន
បញ្ជូនអ្នកជំនាញការរាជរដ្ឋាភិបាលរបស់ខ្លួន ទៅត្រួតពិនិត្យប្រទេសចំនួន ៣ រួមមាន ម៉ាល់តា (២០១៣) ប៉ាឡៅ
(២០១៤) និងអារ៉ាប៊ីសាអូឌីត (២០១៥) ហើយក៏បានទៅចែករំលែកបទពិសោធន៍របស់ខ្លួន តាមការអញ្ជើញរបស់
អ.ស.ប. អំពីការរៀបចំយន្តការត្រួតពិនិត្យការអនុវត្ត UNCAC នៅកម្ពុជា ដល់ប្រទេសមីយ៉ាន់ម៉ា ដែលជាភាគីត្រួតពិនិត្យ
ខ្លួនផងដែរ កាលពីដើមឆ្នាំ២០១៥ ។ សម្រាប់ការត្រួតពិនិត្យការអនុវត្ត UNCAC ជុំទី២ កម្ពុជា ក៏នឹងបញ្ជូនអ្នកជំនាញការ
រាជរដ្ឋាភិបាលទៅត្រួតពិនិត្យប្រទេសគីរីបាសផងដែរ៕