ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ផ្សឹកព្រះសង្ឃក្លែងក្លាយជាលើកទី២ ក្រោយសុំបិណ្ឌបាត្របច្ច័យពីប្រជាពលរដ្ឋ យកទៅកសាងព្រះវិហារ

132

កណ្តាល៖បុគ្គលឈ្មោះ ប៉ោង វិត ដែលជាព្រះសង្ឃក្លែងក្លាយ សុំបិណ្ឌបាត្របច្ច័យពីប្រជាពលរដ្ឋ យកទៅកសាងព្រះវិហារនៅវត្ត វិហារកោះអណ្តែត នៅស្រុកពញាឮ ខេត្តកណ្តាល ត្រូវសមត្ថកិច្ចអាវុធហត្ថចាប់ខ្លួន ប្រគល់ទៅឲ្យលោក ហ៊ីង សុភាព ប្រធានការិយាល័យធម្មការ និងសាសនាក្រុងតាខ្មៅ ជាមួយនឹងព្រះតេជគុណ ខេង លាងហ៊ី លេខាអនុគណក្រុងតាខ្មៅ ដើម្បីយកទៅសាកសួរ និងចាត់ចែងតាមពុទ្ធវិន័យ ដោយផ្សឹក និងឲ្យធ្វើកិច្ចសន្យា នៅវត្តព្រះពុទ្ធអណ្តែត ហៅវត្តព្រែកហូរ ស្ថិតក្នុងភូមិ.សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាលនៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ ។

នៅថ្ងៃទី១៤-១៥-១៦ មានព្រះសង្ឃក្លែងមួយអង្គ បានទូរស័ព្ទមកប្រជាពលរដ្ឋ សុំបិណ្ឌបាត្របច្ច័យយកទៅកសាងសមិទ្ធផលក្នុងវត្ត វិហារកោះអណ្តែត ពេលនោះជនរងគ្រោះ បានឆ្លើយតបវិញថា បានផ្តល់ជាបច្ច័យម្តងជាពីរដងរួចហើយ ពុំមានលទ្ធភាពផ្តល់បច្ច័យទៀតទេ សូមព្រះអង្គកុំទូរស័ព្ទមកទៀត តែព្រះសង្ឃអង្គនោះ នៅតែជ្រក់ជ្រេញបន្តទូរស័ព្ទ ជនរងគ្រោះជាច្រើនលើកច្រើនសារ ទាំងយប់ទាំងថ្ងៃ រកពេលសម្រាកគ្មាន។

ដោយមានការធុញទ្រាន់ និងមានកិច្ចការច្រើនផងក៏បានប្តឹងមកជំនាញអាវុធហត្ថ។ នៅក្នុងការឆ្លើយឆ្លងតាមទូរស័ព្ទ ព្រះសង្ឃក្លែងរូបនោះ បានពោលពាក្យមិនគប្បី និងបានប្រមាថដាក់ទំនាយមកលើជំនាញទៀតផង។ ដោយយល់ឃើញថា ពាក្យសម្តីមិនសមរម្យបែបនេះ ធ្វើឲ្យមានការសង្ស័យជំនាញអាវុធហត្ថ បានធ្វើការស្រវជ្រាវ និងធ្វើការទំនាក់ទំនង ជាមួយព្រះចៅអធិការវត្ត ព្រះនាម ឈឹម សុផល គង់នៅវត្ត វិហារកោះអណ្តែត នៅស្រុកពញាឮ ខេត្តកណ្តាល រហូតបានដឹងថា ព្រះសង្ឃអង្គនោះគង់នៅក្នុងវត្តនោះ ក៏បានអញ្ជើញមកសាកសួរ នៅអង្គភាពវេលាល្ងាចថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨។

តាមការបំភ្លឺរបស់ព្រះសង្ឃក្លែងអង្គនេះឈ្មោះពិតប្រាកដ ប៉ោង វិត ឆ្នាំកំណើត១៩៩៧ មានស្រុកកំណើតភូមិស្យា ឃុំ-ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ឪពុកឈ្មោះ ចេង ប៉ោង (ស្លាប់) ម្តាយឈ្មោះ ស្រី លាង (កសិករ) រស់នៅភូមិ-ឃុំទួលតាឯក ក្រុង-ខេត្តបាត់ដំបង បានបួសជាព្រះសង្ឃគង់នៅវត្ត សូរិយា នៅសង្កាត់រលាប ក្រុង-ខេត្តពោធិ៍សាត់ ក្នុងឆ្នាំ២០១០ ក្រោយមកបានមកគង់នៅវត្ត បុទុមវត្តី ភ្នំពេញ រយៈពេល០៦ឆ្នាំ ចេញមករៀនបន្តនៅវត្ត ពោធិ៍វាល ខេត្តបាត់ដំបង រួចចេញពីនោះ មកគង់នៅវត្ត ទេពសន្យា ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ នៅក្នុងឆ្នាំ២០១៨ មុនចូលឆ្នាំខ្មែរ។ក្រោយចូលឆ្នាំខ្មែរ មកគង់នៅវត្ត សារ៉ាវ័ន្ត បន្ទាប់មកចេញមកវត្ត ពុទ្ធមណ្ឌល បានមួយរយៈក៏បានមកគង់នៅវត្ត វិហារកោះអណ្តែត ស្ថិតក្នុងភូមិភ្នំបាត ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល។ រយៈកាលប៉ុន្មានខែមុន ខ្ញុំបានមកផ្ទះជនរងគ្រោះ ហើយទំនាក់ទំនងបានជួបគាត់ដោយផ្ទាល់ សុំបិណ្ឌបាត្របច្ច័យពីគាត់បានចំនួន២០០ដុល្លារ ក្រោយមកបាន៥០ដុល្លារទៀត តាមរយៈដក វីង។
រហូតមកដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ ខ្ញុំបានទូរស័ព្ទទៅជនរងគ្រោះជាថ្មីទៀត សុំបិណ្ឌបាត្របច្ច័យកសាងរោងបាយនៅក្នុងវត្ត វិហារកោះអណ្តែត ពេលនោះជនរងគ្រោះមិនបានឆ្លើយតបទេ ខ្ញុំនៅតែទូរស័ព្ទទៅគាត់ជាច្រើនលើកច្រើនសារម្តងហើយម្តងទៀត រហូតដល់គាត់បានប្រាប់ខ្ញុំទាក់ទងទូរស័ព្ទជាមួយកូនចៅរបស់គាត់វិញ។ បន្ទាប់ពីទាក់ទងជាមួយកូនចៅគាត់ហើយ កូនចៅគាត់នោះបានឲ្យខ្ញុំមកយកបច្ច័យចំនួន២០០ដុល្លារ នៅផ្ទះគាត់ ប៉ុន្តែខ្ញុំបដិសេធមិនទៅទេ ឲ្យផ្ញើតាម វីង មកព្រោះខ្ញុំធ្លាប់ត្រូវបានគេម្នាក់ (មិនបញ្ចេញឈ្មោះ) ហៅខ្ញុំទៅយកប្រាក់បច្ច័យដូចគ្នា ហើយបានហៅសមត្ថកិច្ចមកឃាត់ខ្ញុំតែម្តង ហេតុដូចនេះទើបខ្ញុំមិនហ៊ានមកយក នៅផ្ទះគាត់។
ចំពោះការសុំបច្ច័យពីជនរងគ្រោះ គឺខ្ញុំបានទូរស័ព្ទទៅរកគាត់ផង និងកូនចៅរបស់គាត់ផងរាល់ថ្ងៃរាល់ម៉ោងរាល់ពេល គឺនៅថ្ងៃទី១៤-១៥ និងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ បន្ទាប់មកក៏មានសមត្ថកិច្ចអញ្ជើញរូបខ្ញុំមកសាកសួរតែម្តង។

ជំនាញបានធ្វើការទំនាក់ទំនងទៅធម្មការក្រុងតាខ្មៅ ដើម្បីសាកសួរព័ត៌មាន និងបានឲ្យដឹងថា ព្រះសង្ឃព្រះនាម ប៉ោង វិត នេះត្រូវបានគណៈកម្មាការធម្មការខេត្តពោធិ៍សាត់បានផ្សឹករួចទៅហើយ កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៨ មូលហេតុ ដើររៃអង្គាសបច្ច័យដោយគ្មានការអនុញ្ញាតិពីព្រះចៅអធិការ និងមានស្រីញីទៀតផង ការផ្សឹកនេះធ្វើឡើងតាមសេចក្តីជូនដំណឹង របស់សាលាគណរាជធានីភ្នំពេញ ហើយថ្មីៗនេះ បុគ្គលឈ្មោះ ប៉ោង វិត បានមកឆបោកប្រាក់ប្រជាពលរដ្ឋនៅក្នុងក្រុងតាខ្មៅ ដោយតាំងខ្លួនជាព្រះសង្ឃដដែល៕

អត្ថបទដែលជាប់ទាក់ទង