អតីតសមាជិកគណបក្សសង្រ្គោះជាតិ ៤ នាក់ នៅស្រុកសំឡូត បង្ហាញពីការបោកនិងឧបាយកល ក្រុមក្បត់ជាតិ ក្បត់រាជបល្ល័ង្ក សម រង្ស៊ី និងបក្ខពួក
បាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានផ្សព្វផ្សាយព័ត៌មានថា បងប្អូនដែលធ្លាប់ជា អតីតសមាជិកគណបក្សសង្រ្គោះជាតិចំនួន ៤ នាក់ នៅស្រុកសំឡូត ខេត្តបាត់ដំបង បង្ហាញពីអំពើក្បត់ជាតិ ក្បត់រាជបល្ល័ង្ក របស់ សម រង្ស៊ី និងបក្ខពួកព្រមទាំងអំពាវនាវកុំឲ្យបងប្អូន ប្រជាពលរដ្ឋចាញ់បោកនិងដើរតាមឧបាយកលនេះបន្តទៀត។
នៅថ្ងៃ ពុធ ទី ៣០ ខែតុលា ឆ្នាំ២០១ ៩ ដោយមើលឃើញនូវសកម្មភាព ក្បត់ជាតិ ក្បត់រាជបល្ល័ង្ក របស់ទណ្ឌិត សម រង្ស៊ី មេចលនាឧទ្ទាមដែលកំពុងបំផុសបំផុល ញុះញង់ឲ្យពួកគាត់ព្រមទាំងប្រជាពលរដ្ឋងើបបះបោរក្នុងបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត ដោយប្រជាពលរដ្ឋនោះមកនិងដោយយល់ឃើញថា ការចូលរួមក្នុងសកម្មភាព (ក្បត់ជាតិ) ដែលផ្តើមឡើងដោយទណ្ឌិត សម រង្ស៊ី រូបនេះនិងបក្ខពួក ជាហេតុនាំបង្កឲ្យមានទោសកំហុសដល់ខ្លួន ដែលជាប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន ។ អតីតសកម្មជននិងជាសមាជិកគណបក្សសង្រ្គោះជាតិចំនួន ៤នាក់ នៅក្នុងឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង បានចេញមុខ ប្រកាសថ្កោលទោសចំពោះអំពើក្បត់ជាតិរបស់ សម រង្ស៊ី និងបក្ខពួក ហើយមិនចូលរួមដាច់ខាងក្នុងសកម្មភាពនេះព្រមទាំងបានអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេស ឈប់ជឿនិងឈប់ចាញ់បោក ការឃោសនាញុះញង់បំផុសបំផុល ឧបាយកលបោកបញ្ឆោតរបស់ ជនក្បត់ជាតិ សម រង្ស៊ី នេះទៀតទៅ ព្រោះការចូលរួមក្នុងសកម្មភាពនេះ គឺជាអំពើល្មើសច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា ហើយពេលមានទោសដល់ខ្លួន សម រង្ស៊ី មិនមែនជាអ្នកទទួលខុសត្រូវនោះទេ គឺបងប្អូនប្រជាពលរដ្ឋខ្លួនឯងជាអ្នកទទួលទោស។
បើតាមរបាយការណ៍របស់ ផែនការងារសន្តិសុខនិងក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបញ្ជាក់ថា សកម្មជន និងជាសមាជិកអតីតបក្សសង្រ្គោះជាតិមាន៖
១-ឈ្មោះ ហេង សុផល ភេទប្រុស អាយុ៤៥ ឆ្នាំរស់នៅភូមិភ្នំរៃ ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង
២-ឈ្មោះណង ណូ ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅក្នុងភូមិភ្នំរៃ ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង
៣-ឈ្មោះឡឹង សំ ភេទ ប្រុស អាយុ២៤ឆ្នាំ រស់នៅក្នុងភូមិភ្នំរៃ ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង
៤-ឈ្មោះ ប៊ុន សុផៃ ភេទ ស្រី អាយុ ២៤ឆ្នាំ រស់នៅក្នុងភូមិភ្នំរៃ ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង៕