នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិដូងថា មានពលករខ្មែររាប់ពាន់នាក់ ធ្វើការនៅប្រទេសថៃ វិលត្រឡប់ចូលមកស្រុកកំណើតប្រទេសកម្ពុជាវិញ ជារូបថតចាស់
បាត់ដំបង៖ ក្នុងរយៈពេលថ្មីៗនេះ បណ្តាញសង្គមហ្វេសប៊ុក បានផ្សាយព័ត៌មានថាមានពលករខ្មែររាប់ពាន់នាក់ ដែលធ្វើការនៅប្រទេសថៃ បានវិលត្រឡប់ចូលមកស្រុកកំណើតប្រទេសកម្ពុជាវិញ តាមច្រកទ្វារអន្តរជាតិដូង ខេត្តបាត់ដំបង។
ករណីនេះ នៅថ្ងៃទី៣០តុលា២០១៩ នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង បានចេញសេចក្តីបំភ្លឺជូនដល់សាធារណជន បញ្ជាក់ថា សារព័ត៌មាននោះ បានយករូបភាពចាស់ ដែលប្រជាពលរដ្ឋខ្មែរ ធ្វើដំណើរចូលមកប្រទេសកម្ពុជាវិញ តាមច្រកទ្វារព្រំដែនអន្ដរជាតិដូង ដើម្បីចូលរួមពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ កាលពីឆ្នាំ២០១៨ ។
សូមបញ្ជាក់ថា រយៈពេល២ថ្ងៃជាប់ៗគ្នាចាប់តាំងពីថ្ងៃទី២៧និងថ្ងៃទី២៨ខែតុលានេះ ពលករខ្មែរទាំងប្រុស ស្រី រាប់ពាន់នាក់បានចាប់ផ្តើមនាំគ្នា សម្រុកចេញពីប្រទេសថៃ ចូលមកព្រះរាជាណាចក្រកម្ពុជា ជាប្រទេសដើមកំណើតវិញ តាមច្រកទ្វារអន្តរជាតិដូង ស្ថិតក្នុងភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។
មន្ត្រីដដែលបានបន្តថា ការសម្រុកចេញពីប្រទេសថៃ របស់ពលករខ្មែររយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នានេះ សរុបចំនួនជាង៣០០០ទៅ៤០០០នាក់ ហើយអ្វីដែលផ្លែករយៈពេល២ថ្ងៃនេះ គឺនៅថ្ងៃទី២៧និងថ្ងៃទី២៨ ដែលក្នុងមួយថ្ងៃចូលជាង១០០០នាក់ ខុសផ្នែកពីធម្មតា ដែលថ្ងៃធម្មតាមានត្រឹមតែ១០០នាក់ គឺស្ងាត់ឈឹង ខុសគ្នាទៅនឹងរយៈពេល២ថ្ងៃនេះគឺមានចំនួនច្រើន ដែលមន្ត្រីរបស់លោកអង្គុយវៃប៉ាស្ទ័រ តាំងពីព្រឹករហូតដល់ម៉ោង១២ថ្ងៃត្រង់ ហើយនៅតែមានមកកកកុញបន្តមិនអស់។
ពលករខ្មែរដែលសរុកមកនាពេលនេះ គឺពួកគាត់មានប៉ាស្ព័រទាំងអស់ (វីសារពីរឆ្នាំ) ដោយមានមេខ្យល់ដើរបំផុស នៅក្នុងតំបន់ដែលខ្មែរយើងរស់នៅ ធ្វើការច្រើន ដូចជារ៉ាក់យ៉ង ដូចជាច័ន្ទ អីនិង សុទ្ធតែមានមេខ្យល់គេដាក់ប្រចាំនៅមួយៗក្នុងតំបន់នឹង ហើយនៅពេលក្រុមការងារសួរនាំពួកគាត់ថាមកលេងផ្ទះ។
ពាក់ព័ន្ធករណីនេះ ប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្ដរជាតិដូង ស្ថិតក្នុងខេត្តបាត់ដំបង បានចេញមកបំភ្លឺ និងធ្វើការបដិសេធទាំងស្រុង ចំពោះព័ត៌មានមួយចំនួន ដែលផ្សាយថា មានពលរដ្ឋខ្មែរជាច្រើនវិលត្រឡប់ ចូលមកប្រទេសកម្ពុជាវិញ តាមច្រកទ្វារព្រំដែនអន្ដរជាតិ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ ដែលនាំឲ្យមហាជនមានការភាន់ច្រឡំ។
លោកវរសេនីយ៍ឯក ផាត សុផាន់ណា នាយប៉ុស្ដិ៍នគរបាលច្រកទា្វរព្រំដែនអន្ដរជាតិដូង បានអំពាវនាវដល់គ្រប់បណ្ដាញសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្ដាញសង្គមទាំងអស់ មេត្ដាកុំចុះផ្សាយនូវព័ត៌មានដែលមិនពិត និងមានប្រភពព័ត៌មានមិនច្បាស់លាស់ ដែលនាំឲ្យមានការយល់ច្រឡំ និងប៉ះពាល់ដល់កិត្តិយសស្ថាប័នមានសមត្ថកិច្ច ដែលកំពុងបំពេញភារកិច្ចជូនប្រជាពលរដ្ឋ និងប្រទេសជាតិ៕