ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុណ្យកឋិនទានសាមគ្គីដែលផ្តួចផ្តើម ឡើងដោយរដ្ឋបាលរាជធានីភ្នំពេញទទួលបានបច្ច័យ១០ម៉ឺនដុល្លារ ដើម្បីកសាងទីអារាមវត្ត២ក្នុងរាជធានីភ្នំពេញ

109
ភ្នំពេញ៖  ​បុណ្យកឋិនទានសាមគ្គីដែលផ្តួចផ្តើមឡើងដោយគណៈអភិបាលរាជធានីភ្នំពេញ ក្រុមប្រឹក្សារាជធានីភ្នំពេញ មន្ត្រីរាជការអាជ្ញាធរដែនដី មន្ទីរអង្គភាពជុំវិញរាជធានីភ្នំពេញប្រមូលបានបច្ច័យចំនួន១០ម៉ឺនដុល្លារ ដើម្បីវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងពុទ្ធសីមាវត្តចំនួន២ នោះគឺវត្តព្រះបារមីវង្គតបូរីកបិលភ័ស្ថ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌ សែនសុខ និងវត្តវិមានតេជះ(ហៅវត្តស្រះចក)ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។
   កម្មវិធីបុណ្យនេះ ពោលគឺកាលពីវេលាល្ងាចថ្ងៃទី៣០តុលា បានធ្វើពិធីជួបជុំពុទ្ធបរិសទ័ប្រារព្វពិធីក្រុងពាលី និងនមៈសិកាព្រះរតនៈត្រយ័សមាទានសីល និមន្តព្រះសង្ឃចំរើនព្រះបរិតនិងសម្តែងធម៌ទេសនា
នៅក្នុងបរិវេណសាលាក្រុងភ្នំពេញ ជាមួយការចូលចាប់មគ្គ ផលតាមកំលាំងសទ្ធាជ្រះថ្លារៀងៗខ្លួន ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធបុព្វការីជនមានមាតា បិតា ញាតិការទាំង៧សណ្តាននិងឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធវីរះយុទ្ធជន វីរះយុទ្ធនារីដែលបានពលីជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិ។លុះព្រឹកឡើងត្រូវនិងថ្ងៃទី៣១ តុលា ទើបអង្គកឋិនទាននេះ ដង្ហែរមកវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងពុទ្ធសីមាវត្តខាងលើតែម្តង ដោយក្នុងនោះលោកឃួង ស្រេង អភិបាលរាជធានីនិងលោកស្រីដឹកនាំអង្គកឋិនទាននេះ ដង្ហែរមកវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងពុទ្ធសីមាវត្តព្រះបារមីវង្គតបូរីកបិលភ័ស្ថ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌ សែនសុខ។ ចំណែកលោកស៊ុយ សេរិទ្ធ អភិបាលរងរាជធានីជាអ្នកដឹកនាំអង្គកឋិនទានដង្ហែរមកវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងពុទ្ធសីមាវត្តវិមានតេជះ(ហៅវត្តស្រះចក)ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។
   គួរបញ្ជាក់ផងដែរថា បច្ច័យចំនួន១០ម៉ឺនដុល្លារនេះ រដ្ឋបាលរាជធានីភ្នំពេញ បានប្រគេនដល់ដែលគង់នៅ
វត្តព្រះបារមីវង្គតបូរីកបិលភ័ស្ថ ចំនួន៥ម៉ឹនដុល្លារនិងប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងពុទ្ធសីមាវត្តវិមានតេជះ(ហៅវត្តស្រះចក)ចំនួន៥ម៉ឹនដុល្លារដូចគ្នា។
   ពិធីបុណ្យកឋិនទាន បានប្រតិស្ថានតាំងពីជាង២៥០០ឆ្នាំមុន ពោលគឺតាំពីសម័យកាលដែលព្រះពុទ្ធអង្គព្រះសម្មាសម្ពុធ្ធបរមគ្រូគង់នៅ និងបានព្រះរាជទានអនុញ្ញាតិឲ្យពុទ្ធបរិសទ័ប្រារព្វពិធីនេះឡើងដើម្បីនាំយកចីវរទានដែលមានអង្គសំខាន់៣ គឺស្បង់ ចីវរ និងសង្ឃាដី ទៅវេរប្រគេនព្រះភិក្ខុសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងពុទ្ធសីមាតាមទីអារាមនានា។
  ​ប្រជាពុទ្ធបរិសទ្ធគ្រប់មជ្ឈដ្ឋាន​ គ្រប់ទីកន្លែងទូទាំងព្រះរាជាណាចក្រកម្ពុជា អនុមោទនាដោយសទ្ធាជ្រះថ្លាដ៏បរិសុទ្ធបានចាប់ផ្តើមប្រារព្វពិធីបុណ្យកឋិនទាន តាមពុទ្ធានុញ្ជាតិដោយសប្បាយរីករាយ និងប្រកបដោយមោទនៈភាព ជ្រះថ្លាចំពោះសិទ្ធិសេរីភាពពេញលេញនៅក្នុងជំនឿសាសនា ក៏ដូចជានៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃនាសម័យតេជោ ដែលពោរពេញដោយសុខសន្តិភាព ស្ថេរភាពនិង មានការអភិវឌ្ឍន៏រីកចំរើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ៕
អត្ថបទដែលជាប់ទាក់ទង