បណ្តេញជនជាតិចិន ១១នាក់ ចេញពីកម្ពុជា ប្រព្រឹត្តបទល្មើស ក្លែងបន្លំឆបោកតាមប្រព័ន្ធ VOIP
ភ្នំពេញ៖ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែតុលា ឆ្នាំ២០១៩ ដោយមានការចង្អុលដឹកនាំពី លោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានសហការជាមួយ ប៉ុស្តិ៍ច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៃនាយកដ្ឋានច្រកទ្វារទី១ ធ្វើការបណ្តេញចេញជនជាតិចិនចំនួន ១១នាក់ ចេញពីព្រះរាជាណាចក្រកម្ពុជា។
លោកឧត្តមសេនីយ៍ទោ វឌ្ឍនៈ មង្គល ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានឲ្យដឹងថា ជនជាតិចិនទាំង ១១នាក់ ស្រី ០១នាក់ ត្រូវបានបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា យោងតាមប្រកាសបណ្តេញចេញក្រសួងមហាផ្ទៃ ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ និងហាមចូលព្រះរាជាណាចក្រកម្ពុជារយៈពេល ៣ឆ្នាំ ពាក់ព័ន្ធនឹងបទល្មើស ក្លែងបន្លំឆបោកតាមប្រពន្ធ័ទូរគមនាគមន៍ (VOIP)។ កិច្ចប្រតិបត្តិការនេះ ក៏មានការចូលរួមពីកងកម្លាំងសមត្ថកិច្ច របស់ក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីយកទៅអនុវត្តតាមច្បាប់នៅប្រទេសចិន៕