ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មណ្ឌលកីឡាហែលទឹក ខេត្តបាត់ដំបង សាងសង់បាន៣០ភាគរយហើយ

79


ខេត្តបាត់ដំបង៖លោកហែម គិរី អគ្គលេខាធិការសហព័ន្ធខ្មែរហែលទឹក ប្រាប់ឲ្យដឹងថា ការសាងស់មណ្ឌលកីឡាហែលទឹកខេត្តបាត់ដំបង នៅក្នុងបរិវេណសាកលវិទ្យាល័យបាត់ដំបង គិតមកដល់ពេលនេះ ទទួលបានលទ្ធផល៣០ភាគរយ បន្ទាប់ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់ នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ។
លោកបន្តថា ក្នុងនោះយើងបានបុកគ្រឹះ និងចាក់បាតអាងរួចរាល់ហើយ ចំណែកប្រព័ន្ធទុយោខាងក្រោមអាង ក៏ហើយដែរស្ថានភាពនៃការសាងសង់ល្អខ្លាំងណាស់ ដោយសារតែដីនៅទីនោះ អំណោយផលនិងអាកាសធាតុល្អទៀត អាចធ្វើការទាន់ពេលវេលាកំណត់។ សម្រាប់ការចុះទៅលើកនេះ គឺដើម្បីត្រួតពិនិត្យទំហំខ្នាត និងសម្ភារបរិក្ខារ ឲ្យត្រឹមត្រូវតាមស្តង់ដារអន្តរជាតិ។
សូមបញ្ជាក់ថា “មណ្ឌលកីឡាហែលទឹកខេត្តបាត់ដំបង” សាងសង់ឡើងលើផ្ទៃដីទំហំ១១២ម៉ែត្រ គុណ៦៥ម៉ែត្រ ប្រើរយៈពេលសាងសង់២៤ខែ។ អាងហែលទឹកនេះ គ្រោងប្រើថវិកាប្រមាណ២០០០០០០ដុល្លារអាមេរិក។
អាងហែលទឹកនេះ សាងសង់ឡើងតាមស្តង់អន្តរជាតិ ដែលមានក្រឡាផ្ទៃអាង បណ្តោយ២៥ម៉ែត្រ ទទឹង២០ម៉ែត្រ ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចក្រឡាហោម ដើម្បីអាចឲ្យកីឡាករ-កីឡាការិនី ទាំងជាតិ និងអន្តរជាតិ ក៏ដូចជាមហាជនទូទៅខេត្តបាត់ដំបង ធ្វើការហ្វឹកហាត់កីឡាហែលទឹក។
លោកហែម គិរីបានបញ្ជាក់ថា សាងសង់មណ្ឌលកីឡាហែលទឹក នៅខេត្តបាត់ដំបងនេះ ជាផែនការមេរបស់សហព័ន្ធកីឡាខ្មែរហែលទឹក ក្នុងការអភិឌ្ឍ និងបណ្តុះបណ្តាល កីឡាករកីឡាការិនី ឈុតធំ និងថ្នាល ដើម្បីត្រៀម ចូលរួមប្រកួតព្រឹត្តការណ៍ កីឡាថ្នាក់ខេត្ត ថ្នាក់ជាតិ និងការប្រកួតកីឡាSEA GAMES 2023 នាពេលខាងមុខនេះ៕

អត្ថបទដែលជាប់ទាក់ទង