កម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ នៅខេត្តបន្ទាយមានជ័យ បានធ្វើការហ្វឹកហាត់រួមគ្នា
បន្ទាយមានជ័យ ៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា កងកម្លាំងទាំង៣ប្រភេទរួមមាន កងរាជអាវុធហត្ថខេត្ត កងទ័ព និងនគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បើកការហ្វឹកហាត់រួមគ្នា ដើម្បីបង្កើនការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពនៅក្នុងខេត្ត។
ប្រភពដដែល បានបន្តថា រួមជាមួយនឹងការហ្វឹកហាត់នេះ មានការចល័តកម្លាំងចេញពីទីបញ្ជាការដ្ឋានទិសទី១ និងទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ឆ្ពោះទៅស្នងការដ្ឋាននគរបាលខេត្តផងដែរ។ នេះបើយោងតាមសេចក្តីជូនព័ត៌មាន របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩នេះ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់សាលាខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ការចល័តកម្លាំងដើម្បីហ្វឹកហាត់នេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានអំពាវនាវដល់ប្រជាពលរដ្ឋនៅក្នុងខេត្តបន្ទាយមានជ័យ កុំឲ្យមានការភ្ញាក់ផ្អើល និងព្រួយបារម្ភពេលដែលមានការចល័តកងកម្លាំងប្រដាប់អាវុធ។
សូមបញ្ជាក់ថា ការហ្វឹកហាត់រួមគ្នានេះគឺដើម្បីបង្កើនសមត្ថភាព ការពារជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាល៕