នារីជនជាតិអង់គ្លេស ដែលបាត់ខ្លួននៅក្រុងកោះរ៉ុង ត្រូវបានរកឃើញសាកសពនៅលើផ្ទៃសមុទ្រក្បែរកោះឆ្លាម ជិតព្រំដែនខ្មែរ-ថៃ
ព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ បានប្រកាសថា យោងតាមអាជ្ញាធរខេត្តព្រះសីហនុបានបញ្ជាក់ថា នារីដែលបាត់ខ្លួនមាន ឈ្មោះ BAMBRIDGE AMELIA LUISE កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩កន្លងទៅ ត្រូវបានប្រទះឃើញសាកសព អណ្ដែតនៅលើផ្ទៃសមុទ្រនៅចំណុច ( ខន ដរ ) ក្បែរព្រំដែនសមុទ្រកម្ពុជា ថៃ ត្រង់ចំណុចនិយាមការ (N10°47.691, E102°26.645)។ សាកសពកំពុងត្រូវបានដឹកមកដីគោកខេត្តព្រះសីហនុ ដើម្បីឲ្យអ្នកជំនាញធ្វើកោសល្យវិច័យ រកមូលហេតុពិតនៃមរណភាពរបស់នាង។
គួររំលឹកថានៅក្នុងប្រតិបត្តិការតាមស្វែងរកនារីជនជាតិអង់គ្លេសដែលបាត់ខ្លួនស្ថិតនៅភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ត្រូវបានធ្វេីឡេីងនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ ដោយអជ្ញាធរក្រុងកោះរ៉ុងក្រោមបទបញ្ជារបស់ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្ត។ រហូតដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ឯកឧត្តម នី ផល្លី អគ្គលេខាធិការ គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍ឆ្នេរសមុទ្រកម្ពុជា នាយឧត្តមសេនីយ៍ ថោង លីម អគ្គស្នងការរងនគរបាលជាតិ និងមន្ត្រីថ្នាក់ដឹកនំាតាមមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុងកោះរ៉ុង សង្កាត់ទាំងពីរ ជាមួយក្រុមជនបរទេស ម្ចាស់ទូកដឹកភ្ញៀវទេសចរ និងប្រជាជនក្នុងតំបន់ក៏បានចូលរួមសហការស្វែងរកផងដែរ។
ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់អោយកំលាំងគ្រប់ផ្នែកតាមរកនៅតាមទីតាំងផ្សេងៗ តាមដងព្រៃភ្នំ ដងព្រែក តាមឆ្នេរខ្សាច់ឆ្នេរថ្ម នៅតាមកន្លែងស្នាក់នៅនានា នៅលើកោះរ៉ុង និងកន្លែងដែលនារីនោះបានទៅលេងរួមទាំងក្រុមមុជទឹក(diving)ផង ធ្វើយ៉ាងណារកអោយអស់លទ្ធភាព។
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថា ប៉ុស្តិ៍នគរបាលកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ នាវេលាម៉ោង ១៨និង២០នាទី ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ មានអូប័រដឹកសាកសពស្រ្តី ជនជាតិ អង់គ្លេស Amelia Bambridge ឆ្លងកាត់កំពង់ផែអន្តរជាតិខេត្តព្រះសីហនុ។
នគរបាលអន្តោប្រវេសន្តបានឲ្យដឹងថា សាកសពស្រ្តី ជនជាតិ អង់គ្លេស មានឈ្មោះ Amelia Bambridge អាយុ ២១ឆ្នាំ ត្រូវបានទទួលយកដោយ លោកឧត្តមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរងនគរបាលខេត្តព្រះសីហនុ, លោកឧត្តមនាវីទោ ហែម សុខខេង និងគ្រួសារសព ដើម្បីយកសាកសពទៅតម្កល់ទុក នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ រង់ចាំធ្វើកោសល្យវិច័យបន្ត។
សូមបញ្ជាក់ថា នារីដែលបាត់ខ្លួនមានឈ្មោះ BAMBRIDGE AMELIA LUISE ភេទស្រី កើតថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៩៩៨ សញ្ជាតិអង់គ្លេស កាន់លិខិតឆ្លងដែនលេខ ៥៣១៨៩០៨៣៣ បានចេញពីក្រុងព្រះសីហនុ ឆ្ពោះទៅគោលដៅក្រុងកោះរ៉ុង នៅម៉ោង ៥និង០០ល្ងាច ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ មកដល់កោះរ៉ុងនៅម៉ោង៦និង០០ល្ងាច។ នាងបានចូលស្នាក់នៅផ្ទះសំណាក់ Ness Beach នៅម៉ោង៨និង១៥នាទីយប់ថ្ងៃខែឆ្នាំដដែលក្នុងគោលបំណងទេសចរណ៍។ មុនបាត់ខ្លួនគេបានប្រទះឃើញនារីនោះលើកចុងក្រោយនៅម៉ោង៣:៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ ក្នុងពិធីជប់លៀងមួយនៅឆ្នេរកោះរ៉ុង (Police Beach) ក្រោយមកក៏បាត់ដំណឹងតែម្តង។ ក្នុងសមត្ថកិច្ចមូលដ្ឋានបានរកឃើញកាបូប និងសម្ភារៈមួយចំនួនរបស់នាងនៅលើផ្ទាំងថ្មជាប់ឆ្នេរក្បែរកន្លែងធ្វើពិធីជប់លៀងនោះផងដែរ៕