សូមបងប្អូនត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះឆ្នាំងសាក ឬខ្សែកាសទូរស័ព្ទ ដែលមិនមានការធានាត្រឹមត្រូវ បណ្ដាលឲ្យនារីម្នាក់ ត្រូវចរន្តអគ្គិសនី ឆក់ស្លាប់
កណ្ដាល៖ នារីម្នាក់ត្រូវបានអគ្គិសនីឆក់បណ្ដាលឲ្យបាត់បង់ជីវិត ដោយសារតែនាងសាកថ្មទូរស័ព្ទបណ្ដើរ លេងទូរស័ព្ទ និងដាក់កាសថែមទៀត ដែលបណ្ដាលឲ្យឆ្លងចរន្ត ឆក់ស្លាប់នៅនឹងកន្លែងកើតហេតុ។
នគរបាលក្រុងតាខ្មៅ បានរាយការណ៍ពីករណី សាកថ្មបណ្តើរស្តាប់កាសបណ្តើរបណ្តាលឲ្យឆ្លងចរន្តអគ្គិសនីឆក់ស្លាប់នារីម្នាក់ ដែលបានកើតហេតុថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ៨:១០នាទី ចំណុចកើតហេតុ ផ្ទះជួលលេខ៣២ ភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ជនរងគ្រោះ ឈ្មោះ អាន សុខណា អាយុ៣៣ឆ្នាំ មុខរបរ កម្មការិនីរោងចក្រ ជនជាតិខ្មែរ ទីកន្លែងកំណើត ឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្តាល ។ វត្ថុតាងចាប់យក មាន ដុំសាកទូរស័ព្ទម៉ាក Samsung ពណ៌ស ចំនួន១ ខ្សែកាស ម៉ាក Samsung ពណ៌ស ចំនួន១
ទូរស័ព្ទម៉ាក Samsung LT ពណ៌ខ្មៅ ចំនួន១គ្រឿង ។
តាមការបំភ្លឺរបស់ឈ្មោះសុខ ផាន្នី ភេទស្រី អាយុ៣៤ឆ្នាំ ដែលធ្វើការជាមួយជនរងគ្រោះ បានឲ្យដឹងថា នៅថ្ងៃទី១ វិច្ឆិកា ២០១៩ វេលាម៉ោង៧:០០នាទីព្រឹក ឈ្មោះ អាន សុខណា ជាជនរងគ្រោះ មិនឃើញមកធ្វើការ ដូចសព្វដង ក៏បានខលទៅជាងម៉ូតូឈ្មោះ ឡៅ កុសល ភេទប្រុស ដែលនៅជិតនិងឲ្យជួយមើលបន្ទប់ជួលជនរងគ្រោះ ពេលទៅដល់បន្ទប់ជនរងគ្រោះ ឃើញបិទទ្វារបង្អួច ចាក់គន្លឹះខាងក្នុង ហើយគោះទ្វារ អត់មានបើកទេ ។ រួចខលហៅអ្នកធ្វើការនៅរោងចក្រឲ្យជួយមើល ពេលមកដល់នាំគ្នាទាញបង្អួច ហើយលូកដៃបើកគន្លឹះបង្អួច លូកដៃទាញគន្លឹះទ្វារបើក ឃើញជនរងគ្រោះដេកក៏ដាស់ មិនក្រោក ជនរងគ្រោះមានសភាពរឹងដៃ រឹងជើង និងឃើញមានកាសជាប់នឹងត្រចៀក ឯទូរស័ព្ទ មានសាកថ្មជាប់នឹងព្រីភ្លើង ក៏នាំគ្នាបិទឌីសង់ទ័រភ្លើង ប៉ុន្តែជនរងគ្រោះបានស្លាប់បាត់ទៅហើយ ។ បន្ទាប់មក បានរាយការណ៍ជូនសមត្ថកិច្ចចុះធ្វើការពិនិត្យ។
សមាសភាពចូលរួមពិនិត្យរួមមាន សមត្ថកិច្ចផ្នែកជំនាញពិនិត្យវិភាគកន្លែងកើតហេតុក្រុងតាខ្មៅ ប៉ុស្តិ៍រដ្ឋបាល គ្រូពេទ្យ អាជ្ញាធរ ពិនិត្យឃើញថា សាកសព មានសភាពធម្មតា ធ្មេញខាំអណ្តាត ប្រឹង ហើយពុំមានស្លាកស្នាមអ្វីគួរឱ្យកត់សម្គាល់ទេ ។ សមត្ថកិច្ចបានសន្និដ្ឋានថា តាមការពិនិត្យរបស់សមត្ថកិច្ចជំនាញ និងលោកគ្រូពេទ្យ ជនរងគ្រោះ ស្លាប់ដោយសារ ឆ្លងចរន្តអគ្គីសនីបណ្តាលឲ្យស្លាប់ ។ សាកសពត្រូវបានប្រគល់ជូនប្អូនជនរងគ្រោះ យកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕