កម្ពុជា និង JICA ចុះហត្ថលេខាលើ កិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង សម្រាប់គម្រោង អភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ ប្រមាណជា ២៧ លានដុល្លារ
ភ្នំពេញ៖ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី១ខែវិច្ឆិកានេះថា
លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ និង លោក Yuichi
SUGANO ប្រធានតំណាង JICA ប្រចាំនៅកម្ពុជា បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង សម្រាប់គម្រោង អភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ (The Project for Sewerage System Development in
Phnom Penh) ដែលមានទឹកប្រាក់ចំនួន ២ ៧៧៧ លានយ៉េន (ប្រមាណជា ២៧ លានដុល្លារអាមេរិក), នៅថ្ងៃសុក្រ
ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
បើតាមសេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញនេះ មានទិសដៅចម្រោះទឹកកខ្វក់មុនពេលបង្ហូរចូលទន្លេ តាមរយៈការសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកកខ្វក់មួយ កន្លែងនៅបឹងជើងឯកក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ និងបំពង់បង្ហូរទឹកកខ្វក់ដែលមានប្រវែង ២០០០ម៉ែត្រ មានមុខកាត់ ៥០០មិល្លីម៉ែត្រ តភ្ជាប់ពីស្ថានីយបូមទឹកបឹងត្របែក ។
រោងចក្រប្រព្រឹត្តកម្មនេះ មានសមត្ថភាព ចម្រោះទឹកកខ្វក់បាន៥០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ។
ការសាងសង់នឹងត្រូវចាប់ផ្តើមនៅចុងឆ្នាំ២០២០ ដែលមានរយៈពេលប្រមាណ៣២ខែ។ បន្ថែមពីលើការសាងសង់គម្រោង
ក៏នឹងផ្តល់ជំនួយបច្ចេកទេសសម្រាប់ពង្រឹងសមត្ថភាពមន្រ្តី ក្នុងការគ្រប់គ្រងរោងចក្រដំណើរការ និងហិរញ្ញវត្ថុផងដែរ។
គម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញនេះ ជាគម្រោងបំពេញបន្ថែមឲ្យគម្រោងការពារទឹកជំនន់
និងកែលម្អប្រព័ន្ធប្រឡាយលូ ក្នុងរាជធានីភ្នំពេញ ជំហានទី១ ទី២ ទី៣ និងទី៤ ដែលត្រូវបានសាងសង់
ដោយហិរញ្ញប្បទានឥតសំណង របស់ប្រទេសជប៉ុនផងដែរ។ គម្រោងនេះ
នឹងចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែង របស់សាលារាជធានីភ្នំពេញ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ដែលបានឆ្លើយតបយ៉ាងជាក់ច្បាស់ ទៅនឹងសេចក្តីត្រូវការជាអាទិភាព ក្នុងការអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់
ដែលនាំមកនូវការការពារ និងលើកកម្ពស់គុណភាពទឹក និងអនាម័យបរិស្ថាន ស្របទៅនឹងមុំ ទី១ នៃចតុកោណទី៤
ដូចមានចែងក្នុង ឯកសារយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។
កិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង ដែលត្រូវចុះហត្ថលេខានេះ គឺជាឯកសារគតិយុត្តិមួយទៀត
បន្ទាប់ពិលិខិតប្តូរសារ ដែលទើបត្រូវបានចុះហត្ថលេខា កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩ កន្លងទៅ រវាងក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ដែលអាចនាឲ្យឈានទៅដល់ការអនុវត្តនីតិវិធី បន្តបន្ទាប់ទៀត សម្រាប់ការអនុវត្តគម្រោងជាក់ស្តែង។
ជារួម ហិរញ្ញប្បទានកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ផ្លូវការ (Japanese ODA) ពីប្រទេសជប៉ុន និងប្រជាជនជប៉ុន
ឬនិយាយឲ្យចំទៅថា “អ្នកបង់ពន្ធជប៉ុន” ចាប់ពីដំណើរការ កសាងសន្តិភាព និងការបង្រួបបង្រួមជាតិនៅកម្ពុជា
រហូតមកដល់បច្ចុប្បន្ន មានចំនួនសរុបប្រមាណជាង ៥០០០លានដុល្លារអាមេរិក
ក្នុងនោះមានហិរញ្ញប្បទានឥតសំណងប្រមាណជាង ៣៥០០លានដុល្លារអាមេរិក៕