សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងបាងកក ប្រទេសថៃ នាថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។ កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ និងកិច្ចប្រជុំពាក់ព័ន្ធដែលធ្វើឡើងចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែវិច្ឆិកា នាទីក្រុងបាងកកនេះ នឹងប្រព្រឹត្តទៅក្រោមមូលបទ ”ជំរុញភាពជាដៃគូសម្រាប់ចីរភាព”។
តាមរយៈផេកហ្វេសប៊ុកផ្លូវ Samdech Hun Sen, Cambodian Prime Minister សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា សុខសប្បាយជាទេបងប្អូនជនរួមជាតិ?។
សម្តេចតេជោ បានថ្លែងថា នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ខ្ញុំនឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទៅចូលរួមកិច្ចប្រជុំកំពូល អាស៊ានលើកទី៣៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធមួយចំនួន នៅទីក្រុងបាងកក ប្រទេសថៃ ក្រោមមូលបទ “ជំរុញភាពជាដៃគូសម្រាប់ចីរភាព”។
សម្តេច នាយករដ្ឋមន្រ្តី បានលើកឡើងថា កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធមួយចំនួនទៀត គឺមានសារសំខាន់ខ្លាំងណាស់ សម្រាប់កម្ពុជា ក៏ដូចជាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ឬហៅថា អាស៊ាន។ នេះជាឱកាសរបស់កម្ពុជាក្នុងការចូលរួមពិភាក្សា ដោះស្រាយបញ្ហាដែលជាកង្វល់រួមរបស់អាស៊ាន និងពិភពលោក។ ស្របពេលនៃការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៥ នេះ ខ្ញុំនឹងមានជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំ និងឥស្សរជនសំខាន់ៗ មកពីប្រទេសជាសមាជិកអាស៊ាន និងប្រទេសដៃគូសន្ទនាអាស៊ានមួយចំនួនទៀតផង។
សូមអញ្ជើញបងប្អូនជនរួមជាតិ និងភ្ញៀវទេសចរអន្តរជាតិមកចូលរួមកម្សាន្តសប្បាយ នៅក្នុងថ្ងៃបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និង ក្នុងថ្ងៃបុណ្យអុំទូក អកអំបុក សំពះព្រះខែ ចាប់ពីថ្ងៃទី ១០ -១២ វិច្ឆិកា ២០១៩ ខាងមុខនេះ។ សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ, សេចក្តីចម្រើន និងសំណាងល្អគ្រប់ៗគ្នា។
យោងតាមក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា កិច្ចប្រជុំដែលនឹងប្រារព្ធឡើងនៅទីក្រុងបាងកក នាពេលនេះរួមមាន៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥, កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២២, កិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា លើកទី១៦, កិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិលើកទី១០, កិច្ចប្រជុំកំពូលអាស៊ានបូកបីលើកទី២២, កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិកលើកទី៧, កិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៤, កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២២ និង កិច្ចប្រជុំកំពូលភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់លើកទី៣។
បើតាមក្រសួងការបរទេសកម្ពុជា ស្របពេលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ និងកិច្ចប្រជុំពាក់ព័ន្ធហើយនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏គ្រោងមានជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំ និងឥស្សរជនមកពីប្រទេសជាសមាជិកអាស៊ាន និងប្រទេសដៃគូសន្ទនាអាស៊ានផងដែរ។
សម្តេចតេជោ ក៏នឹងអញ្ជើញចូលរួមកម្មវិធីអាហារការងារពេលព្រឹកជាមួយលោក ង្វៀន សួនហ៊ុក នាយករដ្ឋមន្ត្រីវៀតណាម និងលោក ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្ត្រីឡាវផងដែរ។
អញ្ជើញអមដំណើរសម្តេចតេជោនាយករដ្ឋមន្ត្រីទៅចូលរួមកិច្ចប្រជុំដ៏មានសារសំខាន់ប្រចាំឆ្នាំនាពេលនេះ រួមមាន៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីពាណិជ្ជកម្ម, លោកបណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីអប់រំ យុវជន និងកីឡា ព្រមទាំងឥស្សរជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំធុរកិច្ច នៃសភាពាណិជ្ជកម្មកម្ពុជាផងដែរ៕