របារដែកបារ៉ាស់ ធ្លាក់ចំលើបុរសម្នាក់កំពុងជិះម៉ូតូ បណ្តាលឲ្យដួលបែកក្បាលហូរឈាមស្លាប់
ភ្នំពេញ៖ កាលវេលាម៉ោង១០ និង៣០នាទី ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវ៤៣០ កែងផ្លូវ២០៩ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង មានករណីបុរសម្នាក់ ជិះម៉ូតូធូដេរ ពណ៌ទឹកប្រាក់ កំពុងជិះឆ្លងកាត់បារ៉ាស់ ដែលប្រជាពលរដ្ឋស្នើសុំឲ្យខាងមន្ទីរសាធារណការ ដាក់កាត់ទទឹងផ្លូវ ដើម្បីកុំឲ្យរថយន្តធំបើកចូលតាមផ្លូវ២០៩ ដែលកំពុងរងការខូច ។
នគរបាលមូលដ្ឋាន បានឲ្យដឹងថា ខណៈកំពុងតែខាងក្រុមការងារ កំពុងតែកាត់ទម្លាក់របាំងដែកនេះ និងមានកម្លាំងសន្តិសុខ ប្រជាការពារ បានរារាំង និងសម្រួលចរាចរណ៍កន្លែងកើតហេតុនោះផងដែរ ប៉ុន្តែបុរសរងគ្រោះ នៅតែចចេសរឹងរូស បើកម៉ូតូចូលឆ្លងកាត់របាំងដែរនោះ ចៃដន្យរបារដែកធ្លាក់ចំលើ បណ្តាលឲ្យដួលបែកក្បាលហូរឈាមនៅលើផ្លូវតែម្តង ។
ភ្លាមៗកម្លាំងការពារនៅទីនោះ បានហៅរថយន្តសង្គ្រោះពីមន្ទីររុស្ស៊ី មកដឹកទៅសង្គ្រោះដែរ ប៉ុន្តែខណៈខាងក្រុមគ្រូពេទ្យនៃរថយន្តសង្គ្រោះ បានមកដល់ និងបានពិនិត្យភ្លាមៗ តែអកុសលបុរសរងគ្រោះ បានស្លាប់បាត់ទៅហើយ ។
បច្ចុប្បន្នសពពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ហើយកំពុងរង់ចាំការធ្វើកោសល្យវិច័យ នៃសមត្ថកិច្ចជំនាញនៃនគរបាលស្នងការនគរបាលរាជធានីភ្នំពេញ ៕