ឆេះផ្ទះលក់គ្រឿងសំណង់ និងសម្ភារៈអគ្គិសនី នៅតាមផ្លូវឯករាជ្យម្តុំជិតផ្សារទំនើបអូរ៉េន
ព្រះសីហនុ៖ អគ្គិភ័យដែលឆាបឆេះផ្ទះមួយកន្លែង នៅតាមផ្លូវឯករាជ្យម្តុំជិតផ្សារទំនើបអូរ៉េន ក្នុងសង្កាត់លេខ៤ក្រុងព្រះសីហនុ សមត្ថកិច្ចប្រើឡានទឹកច្រើនគ្រឿងអន្តរាគមន៍ពន្លត់ ។ បើតាមសមត្ថកិច្ចប្រាប់ថា ផ្ទះដែលឆេះនេះ ជាផ្ទះលក់គ្រឿងសំណង់ និងសម្ភារៈអគ្គិសនី ហើយថា ការឆាបឆេះជាអគ្គិភ័យនេះ គឺឆេះសម្ភារៈផ្សេងៗមានដូចជា ខ្សែភ្លើងជាដើម ក្នុងផ្ទះនោះ បណ្តាលឲ្យខូចខាតទាំងស្រុង។
រដ្ឋបាលខេត្ត បានបញ្ជាក់ថា នៅយប់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង២១ និង០០នាទីយប់ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំបញ្ជាផ្ទាល់ ក្នុងប្រតិបត្តិការជួយសង្គ្រោះ និងពន្លត់គ្រោះអគ្គីភ័យមួយកើតឡើង នៅចំណុចផ្ទះលក់គ្រឿងអគ្គិសនី ៣ល្វែងអឺ០អឺ១ ដែលមានម្ចាស់ផ្ទះឈ្មោះ ឈូ លីជូ ភេទស្រី អាយុ៣៥ឆ្នាំ ស្ថិតក្នុងក្រុមទី១២ ភូមិ២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ បណ្តាលឲ្យឆេះព្រទ្យសម្បត្តិ និងសម្ភារស្ទើរទាំងស្រុង និងបន្តឆេះរោលជញ្ជាំងផ្ទះនៅខាងក្រោយ បណ្តាលឲ្យខូចខាតបន្តិចបន្តួច (ក្រុមការងារបានវាយទម្លាយជញ្ជាំង បង្អួចខ្លះ ដើម្បីបាញ់ទឹកការពារកុំឲ្យឆេះរាលដាលបន្ត)។
ក្នុងកិច្ចអន្តរាគមន៍ពន្លត់គ្រោះអគ្គីភ័យនេះ បានប្រើប្រាស់កម្លាំងសរុប២៥៧នាក់ រថយន្តពន្លត់អគ្គីភ័យចំនួន ៨គ្រឿង ក្នុងនោះរថយន្តស្នងការដ្ឋាននគរបាលខេត្ត ២គ្រឿង កងរាជអាវុធហត្ថខេត្ត ២គ្រឿង ង៧០ ចំនួន២គ្រឿង និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ២គ្រឿង ព្រមទាំងអេស្កាវ៉ាទ័រក្រុមហ៊ុនធ្វើផ្លូវ ពិស្ណុការ ២គ្រឿង ប្រើប្រាស់ទឹកអស់៣៥ឡាន បានរលត់ទាំងស្រុង នៅវេលាម៉ោង២៤និង០០នាទីរំលងអធា្រត្រ ។ ដោយឡែកចំពោះមូលហេតុដែលបង្កឱ្យកើតឡើងគ្រោះអគ្គីភ័យ និងទំហំនៃការខូចខាត សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ៕