អភិបាលខេត្តកំពង់ស្ពឺ៖ ស្ថានភាពទឹកនៅកំពង់ស្ពឺធម្មតា គ្រាន់តែទឹកបានហូរកាត់២ឃុំ ហើយស្ពានសំរោងទឹកស្រកអស់ហើយ
ខេត្តកំពង់ស្ពឺ: គិតមកមកដល់ម៉ោងជិត ៦ព្រឹកថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០១៨នេះ ស្ថានភាពទឹកនៅស្ពានស្ទឹងសំរោង លើដងផ្លូវជាតិលេខ៤ ក្នុងស្រុកកំពង់សិលា ខេត្តព្រះសីហនុ កម្ពស់ទឹកលើស្ពានស្ទឹងសំរោង ស្រកយឺតៗបន្តិចម្តងៗ ក្នុងនោះទឹក បានស្រកអស់ពីលើស្ពានទាំងពីរហើយ។
មន្ត្រីជំនាញនិងអាជ្ញាធរឱ្យដឹងថា៖ចំណែកទឹក នៅលើផ្លូវជាតិក្បែរស្ពាននៅមានកំពស់ ប្រមាណ៥០សង់ទីម៉ែត្រ ហូរកាត់តាមបណ្ដោយផ្លូវជាតិប្រវែង ប្រមាណ១៥០ម៉ែត្រ។ការសន្និដ្ឋានរបស់សមត្ថកិច្ចគឺ ស្ថានភាពទឹកនៅបន្តស្រកយឺតៗបន្ថែមទៀត រីឯអាកាសធាតុនៅមានភ្លៀងធ្លាក់បន្តបន្ទាប់។ មន្ត្រីបន្តថា៖ចំពោះការធ្វើចរាចរណ៍លើកំណាត់ផ្លូវជាតិលេលេខ ៤ ក្នុងភូមិសាស្ត្រស្រុកកំពង់សីលា ខេត្តព្រះសីហនុ នៅផ្អាកជាបណ្តោះអាសន្ន ដ៍ដែល ដោយរង់ចាំពិនិត្យស្ថានភាពផ្លូវសិនអាចផុងឬបែកដែរឬទេហើយធ្វើចរាចរបានឬអត់។
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានថ្លែងថា ស្ថានភាពទឹកនៅកំពង់ស្ពឺធម្មតាទេ គ្រាន់តែទឹកបានហូរកាត់២ឃុំក្នុងស្រុកសំរោង តែពេលនេះគឺធម្មតាទេ អាចគ្រប់គ្រងបាន។ “វាមិនអីទេ គ្រាន់តែមានបញ្ហាតិចតួច គឺថាវាគ្រាន់តែឡើងបន្តិច ដូចថាវាឡើង វាហូរចំអីចឹង គ្រាន់តែប៉ុណ្ណឹងទេ តែថាឲ្យវាលិចលង់មិនអាចសង្រ្គោះបាន ហើយនឹងបានបង្កឲ្យប៉ះពាល់ចំនួនតែ២ឃុំទេ គឺនៅឃុំមួយក្នុងស្រុកសំរោងទង និងឃុំមួយទៀតនៅស្រុកភ្នំស្រួច ប៉ុន្តែនៅព្រឹកនេះស្ថានភាពបានល្អឡើងវិញហើយ”។ លោកអភិបាលបញ្ជាក់បន្ថែម។
ជំនន់នៅខេត្តកំពង់ស្ពឺ
គិតដល់ម៉ោងនេះកម្រិតកម្ពស់ទឹកនៅស្ថានីយ៍ពាមឃ្លៃឡើងដល់ ៨,២០ ម៉ែត្រ ហើយ ( លើសកម្រិតប្រកាសអាសន្នហើយ ) និងនៅទំនប់រលាំងជ្រៃទឹកឡើងដល់ ៧,១៤ ម៉ែត្រ ហើយ ( កម្រិតទឹកជំនន់នៅរលាំងជ្រៃគឺ កម្រិតទឹកចាប់ពី ៧,៥០ ម៉ែត្រ ) មានន័យថាបើកម្រិតទឹកនៅរលាំងជ្រៃឡើងចាប់ពី ៧,៥០ ម៉ែត្រ ដល់ ៧,៨០ ម៉ែត្រ គឺលិចផ្សារកំពង់ស្ពឺហើយ។
គួរបញ្ជាក់ដែរថា៖ ៣ថ្ងៃកន្លងមកផ្លូវជាតិលេខ៤ ត្រង់ស្ទឹងសំរោង ត្រូវបានជំនន់ទឹកភ្លៀងជន់លិច ហើយកំណាត់ផ្លូវជាតិលេខ៤ត្រូវបានផ្អាកចរាចរបណ្ដោះអាសន្ន៕