លទ្ធផលនៃកិច្ចប្រជុំត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥
ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅថ្ងៃទី០២ខែវិចិ្ឆកាឆ្នាំ២០១៩នាទីក្រុងបាងកក។
ក្នុងការត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅថ្ងៃទី០២ខែវិច្ឆិកាឆ្នាំ២០១៩លោកប្រាក់សុខុនឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានចូលរួមក្នុងកិច្ចប្រជុំលើកទី២០របស់ក្រុមប្រឹក្សាសហគមន៍នយោបាយ–សន្តិសុខអាស៊ាននិងកិច្ចប្រជុំលើកទី២៤របស់ក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន។
កិច្ចប្រជុំលើកទី២០របស់ក្រុមប្រឹក្សាសហគមន៍នយោបាយ–សន្តិសុខអាស៊ាន
កិច្ចប្រជុំបានពិភាក្សាលើបញ្ហាសន្តិសុខប្រពៃណីនិងមិនប្រពៃណីនានាដែលជះឥទ្ធិពលទៅដល់ការវិវឌ្ឍថ្មីៗក្នុងបណ្តាផ្នែកចំណុះសហគមន៍នយោបាយ–សន្តិសុខអាស៊ាននិងវឌ្ឍនភាពនៃការអនុវត្តផែនការលំអិតរបស់សហគមន៍នយោបាយ–សន្តិសុខអាស៊ាន២០២៥។
ពាក់ព័ន្ធនឹងបញ្ហាប្រឈមនិងផែនការនាពេលអនាគតតសម្រាប់ការអនុវត្តផែនការលំអិតរបស់សហគមន៍នយោបាយ–សន្តិសុខអាស៊ានលោកឧបនាយករដ្ឋមន្រ្តីប្រាក់សុខុនបានសង្កត់ទៅលើផលប៉ះពាល់ធ្ងន់ធ្ងរនៃសន្តិសុខតាមប្រព័ន្ធអ៊ិនធឺរណែតនិងភាពចាំបាច់ក្នុងកិច្ចប្រឹងប្រែងរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងបទឧក្រិដ្ឋឆ្លងដែនជាពិសេសការរត់ពន្ធគ្រឿងញៀនខុសច្បាប់។ លោកបានជម្រាបជូនអង្គប្រជុំអំពីការរួមចំណែករបស់មជ្ឈមណ្ឌលអាស៊ានសម្រាប់សកម្មភាពមីន(ARMAC) ក្នុងការលើកកម្ពស់ការយល់ដឹងអំពីគ្រោះថ្នាក់នៃគ្រាប់មីននិងសំណល់គ្រឿងផ្ទុះពីសង្រ្គាមនៅក្នុងតំបន់និងពិភពលោក។ឯកឧត្តមក៏បានជម្រាបដល់អង្គប្រជុំអំពីលទ្ធផលនៃសិក្ខាសាលាតំបន់ស្តីពីការអនុវត្តរបៀបវារៈស្រ្តីសន្តិភាពនិងសន្តិសុខនៅក្នុងអាស៊ានដែលបានប្រព្រឹត្តទៅនៅរាជធានីភ្នំពេញកាលពីខែសីហាឆ្នាំ២០១៩។
កិច្ចប្រជុំលើកទី២៤របស់ក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន
កិច្ចប្រជុំបានពិភាក្សាលើតួនាទីនិងប្រតិបត្តិការរបស់លេខាធិការដ្ឋានអាស៊ានការអនុវត្តផែនការសកម្មភាពនៃគំនិតផ្តួចផ្តើមសម្រាប់សមាហរណកម្មអាស៊ាន(IAI) និងវឌ្ឍនភាពនៃការអនុវត្តផែនការមេស្តីពីការតភ្ជាប់អាស៊ាន(MPAC) ២០២៥។
នៅក្នុងបទអន្តរាគមន៍លោកឧបនាយករដ្ឋមន្រ្តីប្រាក់សុខុនបានអរគុណដល់រដ្ឋាភិបាលឥណ្ឌូនេស៊ីដែលបានប្តេជ្ញាចិត្តចំពោះអាស៊ានសម្រាប់អគារនៃលេខាធិការដ្ឋានអាស៊ាននៅទីក្រុងហ្សាការតាដែលទើបបានសម្ពោធនាពេលថ្មីៗកន្លងទៅនេះ។ចំពោះIAI លោកបានអះអាងជាថ្មីអំពីសារសំខាន់នៃគំនិតផ្តួចផ្តើមនេះក្នុងការជំរុញសមាហរណកម្មនៅក្នុងតំបន់និងបានលើកទឹកចិត្តឲ្យផ្តោតការយកចិត្តទុកដាក់បន្ថែមទៀតលើការធ្វើឲ្យប្រសើរឡើងនូវកម្លាំងប្រកួតប្រជែងរបស់សហគ្រាសមីក្រូតូចនិងមធ្យមការលើកកម្ពស់ភាពជាដៃគូរវាងវិស័យសាធារណៈនិងឯកជនដើម្បីធ្វើឲ្យកាន់តែស៊ីជម្រៅសមាហរណកម្មឌីជីថលនិងកម្មវិធីកសាងសមត្ថភាព។ចំពោះសមាជិកភាពទីម័រឡេស្តេនៅក្នុងអាស៊ានលោកបានបញ្ជាក់ថាកម្ពុជាគាំទ្រទីម័រឡេស្តេជាសមាជិកអាស៊ាននិងបានស្វាគមន៍នូវការវិវឌ្ឍជាវិជ្ជមានតាមរយៈបេសកកម្មស្វែងរកការពិតដែលបានធ្វើឡើងកាលពីខែកញ្ញាឆ្នាំ២០១៩។លោកក៏បានលើកទឹកចិត្តឲ្យសរសរស្តម្ភក្រុមប្រឹក្សាសេដ្ឋកិច្ចនិងក្រុមប្រឹក្សាសង្គម–វប្បធម៌រៀបចំបេសកកម្មស្វែងរកការពិតនៅទីម័រឡេស្តេឲ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាននៅដើមឆ្នាំ២០២០។
នៅរសៀលថ្ងៃទី០១ខែវិច្ឆិកាឆ្នាំ២០១៩លោកឧបនាយករដ្ឋមន្រ្តីប្រាក់សុខុនបានអញ្ជើញចូលរួមក្នុងកម្មវិធីអាហារពេលល្ងាចការងារសម្រាប់រដ្ឋមន្រ្តីការបរទេសអាស៊ានដែលនៅក្នុងឱកាសនោះបញ្ហាតំបន់និងអន្តរជាតិដែលជាការយកចិត្តទុកដាក់រួមត្រូវបានលើកយកមកពិភាក្សា។
នៅថ្ងៃទី០២ខែវិច្ឆិកាឆ្នាំ២០១៩លោកឧបនាយករដ្ឋមន្រ្តីប្រាក់សុខុនរួមជាមួយរដ្ឋមន្រ្តី
ការបរទេសអាស៊ានដទៃបានចុះហត្ថលេខាលើលិខិតុបករណ៍នៃការចូលជាភាគីនៃសន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ីអាគ្នេយ៍(TAC) ដោយសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់និងដោយ
ព្រះរាជាណាចក្របារ៉ែន៕