តុលាការកំពូល បដិសេធសំណើសុំនៅក្រៅឃុំ របស់សកម្មជន ដែលត្រូវបានចាប់ខ្លួន អំឡុងពេលរំលឹកខួបឃាតកម្មលោកបណ្ឌិត កែម ឡី
ភ្នំពេញ៖ អង្គការលីកាដូ បានផ្សាយព័ត៌មានថា នាព្រឹកថ្ងៃទី៤វិច្ឆិកានេះ តុលាការកំពូលបានចេញសាលដីកាបដិសេធសំណើសុំនៅក្រៅឃុំរបស់យុវជន គង់ រ៉ៃយ៉ា ដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ បន្ទាប់ពីបានបង្ហោះសារលើបណ្ដាញសង្គមហ្វេសប៊ុកថា លោកមានលក់អាវយឺតមានរូបអ្នកវិភាគនយោបាយដែលត្រូវបានឃាតករបាញ់សម្លាប់។
រ៉ៃយ៉ា ត្រូវបានចោទប្រកាន់ពី “បទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ជាអាទិ៍” ជាមួយនឹងយុវជន សួង នាគព័ន្ធ ដែលត្រូវបានចាប់ខ្លួននៅថ្ងៃបន្ទាប់ នៅព្រឹត្តិការណ៍រំលឹកខួបលោកបណ្ឌិត កែម ឡី និងត្រូវប្រឈមនឹងបទចោទដូចគ្នា។ បច្ចុប្បន្ននេះ អ្នកទាំងពីរកំពុងជាប់ឃុំនៅមណ្ឌលអប់រំកែប្រែទី១ ក្នុងរាជធានីភ្នំពេញ។
សង្គមស៊ីវិល សហជីព និងសហគមន៍មូលដ្ឋានសរុបចំនួន៨៧ស្ថាប័ន រួមទាំងអង្គការលីកាដូ បានចេញសេចក្ដីថ្លែងការណ៍ស្នើសុំឱ្យមានការដោះលែងយុវជន រ៉ៃយ៉ា និងនាគព័ន្ធ នៅប៉ុន្មានថ្ងៃបន្ទាប់ពីការចាប់ខ្លួនអ្នកទាំងពីរក្នុងខែកក្កដា។ សេចក្ដីថ្លែងការណ៍នេះបានចាត់ទុកការចាប់ខ្លួនអ្នកទាំងពីរថា មិនត្រឹមត្រូវ និងជាការរំលោភបំពានយ៉ាងច្បាស់លើសិទ្ធិសេរីភាពអ្នកទាំងពីរក្នុងការបញ្ចេញមតិ ដែលបានធានាដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ អ្នករាយការណ៍ពិសេសលើបញ្ហាសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិចំនួន៥នាក់ ក៏បានអំពាវនាវឱ្យទម្លាក់ចោលការចោទប្រកាន់ទាំងឡាយប្រឆាំងនឹងយុវជន រ៉ៃយ៉ា និងនាគព័ន្ធ និងជំរុញឱ្យអាជ្ញាធរកម្ពុជាដោះលែងអ្នកទាំងពីរ។ អង្គការសិទ្ធិមនុស្សអន្តរជាតិគឺ អង្គការលើកលែងទោសអន្តរជាតិបានចាត់ទុក រ៉ៃយ៉ា និងនាគព័ន្ធ ជា “អ្នកទោសមនសិការ” និងបានអំពាវនាវឱ្យដោះលែងយុវជនទាំងពីរផងដែរ ដូចគ្នានឹងសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស(APHR)៕