សម្តេចក្រឡាហោម ស ខេង ស្នើដល់ធនាគារពិភពលោក ជួយគាំទ្រភ្ជាប់ការងារការគ្រប់គ្រងកាកសំណល់រឹងក្នុងប្រទេសកម្ពុជា ទៅនឹងកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ
ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី បានស្នើដល់ធនាគារពិភពលោក ជួយគាំទ្រភ្ជាប់ការងារគ្រប់គ្រងកាកសំណល់រឹងនេះ ទៅនឹងកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីផ្ទេរអំណាច និងសិទ្ធិក្នុងការគ្រប់គ្រងកាកសំណល់នេះទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិ និងផ្សារភ្ជាប់ការផ្ទេរធនធានហិរញ្ញវត្ថុ និងធនធានមនុស្សទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិផងដែរ។
នៅព្រឹកថ្ងៃចន្ទ ទី៤ ខែតុលា ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទី បានអនុញ្ញាតឲ្យលោក Chritophe Crepin នាយកប្រតិបត្តិផ្នែកបរិស្ថាន និងធនធានធម្មជាតិ នៃធនាគារពិភពលោក ចូលជួបសម្ដែងគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងមហាផ្ទៃ។
ជាកិច្ចស្វាគមន៍ សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណចំពោះលោកតំណាងធនាគារពិភពលោក និងសូមអរគុណដល់ធនាគារពិភពលោក ដែលបានសហការជួយគាំទ្រដល់ប្រទេសកម្ពុជាជាបន្តបន្ទាប់ នារយៈពេលកន្លងមក បើទោះបីជាក្នុងទំនាក់ទំនងនេះ បានជួបនូវបញ្ហាប្រឈមខ្លះ ក៏ប៉ុន្តែមកដល់ពេលនេះ ធនាគារពិភពលោក នៅតែជាដៃគូដ៏ល្អមួយសម្រាប់រាជរដ្ឋាភិបាល និងប្រទេសកម្ពុជា។ សម្ដេចក៏បានសម្ដែងក្ដីសង្ឃឹមជឿជាក់ថា ទំនាក់ទំនងដ៏ល្អនេះ នឹងបន្តរីកចម្រើនទៅមុខទៀតរវាងភាគីទាំងពីរ។
ជាការឆ្លើយតបលោក Chritophe Crepin បានឯកភាពចំពោះប្រសាសន៍លើកឡើងរបស់សម្ដេច ដែលថា ទំនាក់ទំនងរវាងកម្ពុជា និងធានាគារពិភពលោកនេះ មានយូរមកហើយ និងពិតជានៅតែជាដៃគូជាមួយគ្នាដ៏ល្អ។
នៅក្នុងឱកាសនៃជំនួបនេះ លោកបានជំរាបជូនសម្ដេចក្រឡាហោម ថា បច្ចុប្បន្ននេះពាក់ព័ន្ធនឹងក្រសួងមហាផ្ទៃ គឺធនាគារពិភពលោក មានគម្រោង៣រួចមកហើយ ហើយថាការចូលជួបសម្ដេចនាពេលនេះ គឺដើម្បីលើកឡើងពីគម្រោងទី៤ ដែលពាក់ព័ន្ធនឹងការគ្រប់គ្រងកាកសំណល់រឹងនៅកម្ពុជា។
ពាក់ព័ន្ធនឹងកិច្ចការនេះ លោកបានជំរាបជូនសម្ដេចក្រឡាហោម ស ខេង ថាខាងធនាគារពិភពលោកបានជួបជាមួយស្ថាប័នពាក់ព័ន្ធ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើយ៉ាងណាជួយគាំទ្រដល់ ការងារគ្រប់គ្រងកាកសំណល់រឹង ប្រកបដោយប្រសិទ្ធភាព និងធានាបាននូវបរិស្ថាន ក្នុងនោះអ្វីដែលសំខាន់ គឺខិតខំធ្វើយ៉ាងណាដើម្បីផ្សាភ្ជាប់ការគ្រប់គ្រងបរិស្ថាន ទៅនឹងការកែប្រែឥរិយាបទ និងចំណេះដឹងដល់សាធារណជន អំពីការគ្រប់គ្រងកាកសំណល់រឹង ដើម្បីរួមចំណែកធ្វើឲ្យធានាដល់និរន្តរភាព និងចីរភាពនៃបរិស្ថាន។
សម្ដេចក្រឡាហោម ស ខេង បានថ្លែងគាំទ្រចំពោះបំណងដ៏ល្អ របស់ធនាគារពិភពលោក ក្នុងកិច្ចសហប្រតិបត្តិការលើការងារគ្រប់គ្រង កាកសំណល់រឹង ដោយសម្ដេចបានជំរាបជូនដែរថា ក្រសួងមហាផ្ទៃមានកិច្ចការសំខាន់ៗធំចំនួន២ ដែលពាក់ព័ន្ធទៅនឹងរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយសារទី១ក្រសួងមហាផ្ទៃ ជាស្ថាប័នគាំទ្រដល់ថ្នាក់ក្រោមជាតិ និងទី២ក៏ជាស្ថាប័នដើរតួនាទីនាំមុខ ក្នុងការធ្វើវិមជ្ឈការ និងវិសហមជ្ឈការ។
សម្ដេចបានស្នើឲ្យធនាគារពិភពលោក ពិនិត្យលទ្ធភាពភ្ជាប់ការងារគ្រប់គ្រងកាកសំណល់នេះ ទៅនឹងការងារកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីផ្ទេរអំណាច និងសិទ្ធិក្នុងការគ្រប់គ្រងកាកសំណល់នេះ ទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ហើយផ្សាភ្ជាប់ជាមួយការផ្ទេរហិរញ្ញវត្ថុ និងធនធានមនុស្សទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិដែរ។
សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ទៀតថា ក្នុងនាមជាអ្នកដឹកនាំការងារកំណេទម្រង់នេះ សម្ដេចពិតជាចង់ឃើញរដ្ឋបាលថ្នាក់ក្រោមជាតិ មានសមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់ ក្នុងការដោះស្រាយការគ្រប់គ្រងកាកសំណល់ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ។
សម្ដេចបានជម្រាបជូនលោក Chritophe Crepin ថា នៅឆ្នាំ២០២០ខាងមុខនេះ គឺជាឆ្នាំចុងក្រោយនៃការអនុវត្តផែនការ១០ឆ្នាំ នៃកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ របស់កម្ពុជា ហើយកន្លងមកនេះ រាជរដ្ឋាភិបាល ក៏បានសម្រេចផ្ទេរនូវសិទ្ធិអំណាចមួយចំនួន ទៅដល់ថ្នាក់ក្រោមជាតិ ដូចជាការគ្រប់គ្រងសាលារៀនកម្រិតបឋមសិក្សា ការផ្ទេរការគ្រប់គ្រងមន្ទីរពេទ្យបង្អែក ទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសគឺខេត្តបាត់ដំបង ដែលជាខេត្តបានអនុវត្តសាកល្បង។
ក្នុងន័យនេះសម្ដេចបានសម្ដែងសង្ឃឹមជឿជាក់ថា ធនាគារពិភពលោក នឹងបន្តជួយគាំទ្រដើម្បីឲ្យកំណែទម្រង់ និងការពង្រឹងសមត្ថភាព រដ្ឋបាលថ្នាក់ក្រោមជាតិនេះ កាន់តែទទួលបានជោគជ័យ ដោយភ្ជាប់នឹងការងារគ្រប់គ្រងកាកសំណល់នេះដែរ។
ត្រង់ចំណុចនេះ លោក Chritophe Crepin បានជម្រាបជូនសម្ដេចក្រឡាហោម ស ខេង ថាកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវការឲ្យមានជាកញ្ចប់ទាំងធនធានមនុស្ស ថវិកា និងសិទ្ធិអំណាច ដូច្នេះលោកថា អ្វីដែលសម្ដេចបានមានប្រសាសន៍មកនេះ គឺពិតជាដើរស្របទៅនឹងសកម្មភាព របស់ធនាគារពិភពលោក ដែលកំពុងធ្វើសកម្មភាព នៅប្រទេសកម្ពុជានាពេលសព្វថ្ងៃនេះ គឺមានទាំងគម្រោងជួយអភិវឌ្ឍន៍ធនធានមនុស្ស វិស័យបរិស្ថាន សុខាភិបាល និងអប់រំ ដែលពិតជាមានការចូលរួមចំណែក មិនអាចខ្វះបានពីក្រសួងមហាផ្ទៃ និងបានស្នើសម្ដេចជួយជំរុញ ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការចូលរួមម្រោងគ្រប់គ្រងកាកសំណល់ ដែលផ្ដួចផ្ដើមដោយធនាគារពិភពលោក។
ចំពោះសំណើរនេះ សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណ និងទទួលយកនូវការស្នើរបស់លោក Chritophe Crepin ដោយសម្ដេចសន្យាថានឹងបន្តជំរុញ ឲ្យរាជធានី ខេត្តទាំងអស់ ដាក់ពាក្យចូលរួមក្នុងគម្រោងគ្រប់គ្រងកាកសំណល់នេះ។ សម្ដេចក៏បានស្នើឲ្យធនាគារពិភពលោកបន្តធ្វើការជាមួយគណៈកម្មការគ្រប់គ្រងតំបន់ឆ្នេរបស់កម្ពុជា ដើម្បីគ្រប់គ្រងកាកសំណល់ និងបរិស្ថាន ដើម្បីធានាការរអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា៕ដោយ៖កូឡាប