ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចៅហ្វាយខណ្ឌចំការមនលេងធម៌ក្ដៅ ចំពោះថៅកែសំណង់ តាមការដ្ឋានសំណង់នានា ធ្វើប្រឡាក់ផ្លូវ បង្កគ្រោះថ្នាក់ដល់អ្នកដំណើរ និង បរិស្ថាន

48

 

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី៤ខែវិច្ឆិកាឆ្នាំ២០១៩នេះ ចៅហ្វាយខណ្ឌចំការមន បានលេងធម៌ក្ដៅចំពោះថៅកែសំណង់ នៅតាមការដ្ឋានសំណង់នានា ក្នុងមូលដ្ឋានខណ្ឌចំការមន រាជធានីភ្នំពេញ ដែលធ្វើអោយប្រឡាក់ផ្លូវថ្នល់ យ៉ាងអាក្រក់មើលពោល គឺតែងតែបង្កគ្រោះថ្នាក់ដល់អ្នកដំណើរ តាមម៉ូតូនិងប៉ះពាល់ដល់សណ្ដាប់ធ្នាប់ សាធារណៈនៃរាជធានីភ្នំពេញ និងប៉ះពាល់បរិស្ថានផងដែរ។ ចៅហ្វាយខណ្ឌចំការមន លេងធម៌ក្ដៅបែបនេះ ខណៈពេលចុះពិនិត្យការស្ដារប្រព័ន្ធលូ និងបាញ់លាងសម្អាតមហាវិថីព្រះមុនីវង្ស ក្នុងមូលដ្ឋានខណ្ឌចំការមន ដែលមានការប្រឡាក់ដោយកងឡាន ពេលបើកចេញចូលការដ្ឋាន ជាប់មហាវិថីព្រះមុនីវង្ស និង បានធ្វើការណែនាំដល់ម្ចាស់ការដ្ឋាន អោយចូលរួមជួយថែរក្សាសម្អាតបរិស្ថាន តាមដងផ្លូវនានា និងតាមដងមហាវិថីនានា ព្រមទាំងប្រព័ន្ធលូមេតូចធំផងដែរ ដើម្បីកុំអោយមានការស្ទះ, ហើយក្នុងនាមអាជ្ញាធរមូលដ្ឋាន ពិតជារីករាយសាទរ ក្នុងការអភិវឌ្ឍន៍ដែលមានអគារសំណង់ខ្ពស់ៗ តែសូមការអភិវឌ្ឍន៍នោះ កុំអោយមានផលប៉ះពាល់ដល់ សម្បត្តិសាធារណៈរបស់រដ្ឋ និង ចូលរួមថែរក្សាបរិស្ថានអនាម័យ ផ្លូវថ្នល់ ប្រព័ន្ធលូ ជាដើម។
ជាមួយគ្នានេះដែរ ចៅហ្វាយខណ្ឌចំការមនថេង សុថុល ក៏បានអំពាវនាវទៅដល់ម្ចាស់ ការដ្ឋានសំណង់ទាំងអស់ ត្រូវមានការទទួលខុសត្រូវខ្ពស់ ចំពោះបញ្ហានេះ ពោលគឺពេលឡានបើកចេញចូលការដ្ឋានសំណង់ ដោយដីភក់ប្រឡាក់ជាប់កង់ឡាន ពេលបើកឡានដឹកសម្ភារះសំណង់ និងឡានក្រឡុកស៊ីម៉ងត៍ ធ្វើអោយប្រឡាក់ផ្លូវ គឺត្រូវបាញ់ទឹកលាងសម្អាតជាប្រចាំ ដោយមិនត្រូវទុកអោយផ្លូវប្រឡាក់ ដីពេញផ្លូវយ៉ាងអាក្រក់មើលដូចនេះ នោះទេដែលធ្វើប៉ះពាល់បរិស្ថានធ្ងន់ធ្ងរបំផុត ពោលគឺពេលមេឃរាំងផ្លូវហុយសំពោង មកលើអ្នកដំណើរហើយពេលមេឃភ្លៀងធ្លាក់មក ផ្លូវរអិលដូចខ្លាញ់បង្កគ្រោះថ្នាក់ដល់ អ្នកដំណើរជាហូរហែរ នៅពេលធ្វើដំណើរឆ្លងកាត់មុខការដ្ឋានសំណង់ របស់អស់លោកនោះ ដូចនេះត្រូវកែលម្អពិនិត្យការងារនេះឡើងវិញ។ ដូចនេះថ្ងៃមុខថ្ងៃក្រោយ ក្នុងនាមអាជ្ញាធរខណ្ឌចំការមន និងប្រើធម៌ក្ដៅដោយគ្មានការលើកលែងឡើយ ចំពោះការដ្ឋានសំណង់ណា ដែលមិនគោរពស្ដាប់តាមការណែនាំ ដែលធ្វើអោយប្រឡាក់ផ្លូវ ដែលបង្កគ្រោះថ្នាក់ដល់អ្នកដំណើរ និងធ្វើអោយប៉ះពាល់សោភ័ណភាពទីក្រុង នៃរាជធានីភ្នំពេញ និយាយជារួម និងនិយាយដោយឡែក ក្នុងមូលដ្ឋានខណ្ឌចំការមន ហើយគួបផ្សំជិតដល់ថ្ងៃបុណ្យអុំទូកផងដែរ។
ក្នុងថ្ងៃដដែលនេះ ចៅហ្វាយខណ្ឌចំការមនថេង សុថុល ក៏បានដឹកនាំកម្លាំងចុះត្រួតពិនិត្យ ស្ថានភាពប្រឡាយទឹកស្អុយបឹងត្របែក និង ចុះជួបសំណេះសំណាល ជាមួយបងប្អូនប្រជាជន ដែលរស់នៅស្របតាមបណ្ដោយមាត់ប្រឡាយទឹកស្អុយបឹងត្របែក ក្នុងមូលដ្ឋានសង្កាត់ផ្សារដើមថ្កូវ និងសង្កាត់បឹងត្របែក ដើម្បីជម្រាប់ជូនពួកគាត់ ពីគោលបំណងក្នុងការបន្តបុកសៀផាយ ស្ថាបនាជញ្ជាំងបេតុង សងខាងប្រឡាយទឹកស្អុយបឹងត្របែក។
ឆ្លៀតឱកាសនោះ ចៅហ្វាយខណ្ឌចំការមនថេង សុថុល ក៏បានជួបសំណេះសំណាល សាកសួរសុខទុក្ខដល់បងប្អូនអាជីវករ ដែលប្រកបមុខរបរលក់លៀសហាល តាមមុខផ្ទះនិងតាមរឺម៉ក់ម៉ូតូនីមួយៗ អោយមានអនាម័យ និងពេលជិះម៉ូតូលក់លៀសហាល តាមដងផ្លូវនានា ត្រូវមានការប្រុងប្រយ័ត្ន នៅពេលម៉ូយហៅទិញលៀសហាលនោះ ដោយឈប់ចតនៅតាមចិញ្ចើមផ្លូវ និងគោរពនូវច្បាប់ចរាចរណ៍ផងដែរ ដើម្បីសុវត្ថិភាព៕

អត្ថបទដែលជាប់ទាក់ទង