ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌចំការម នជួបសំណេះសំណាល ជាមួយកម្លាំងប្រជាការពារ ពង្រឹងការងារការពារសន្តិសុខ សណ្ដាប់ធ្នាប់ ថ្ងៃបុណ្យអុំទូក៣ថ្ងៃ នៅភ្នំពេញ

49

 

ភ្នំពេញ៖កាលពីរសៀលថ្ងៃទី៤ខែវិច្ឆិកាឆ្នាំ២០១៩នេះ លោក ថេង សុថុល អភិបាលខណ្ឌចំការមន បានអញ្ជើញជួបសំណេះសំណាល ជាមួយកំលាំងប្រជាការពារសង្កាត់ទន្លេបាសាក់ និង សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ដើម្បីពង្រឹងស្មារតីដល់កងកំលាំង ប្រជាការពារអោយបង្កើនការយកចិត្តទុកដាក់ខ្ពស់ អំពីតួនាទី និង ភារកិច្ចរបស់ខ្លួនក្នុងការ ការពាររក្សានូវសន្តិសុខ សណ្ដាប់ធ្នាប់ក្នុងមូលដ្ឋាន និង ពិធីបុណ្យឯករាជជាតិ, ព្រះ​រាជ​ពិធី​បុណ្យ​អុំ​ទូក បណ្ដែត​ប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុកនាឆ្នាំនេះ ដើម្បីបង្កលក្ខណៈងាយស្រួល ដល់បងប្អូនប្រជាជន ពេលពួកគាត់មកពីបណ្ដាខេត្តនានា មកដើរលេងកម្សាន្តបុណ្យអុំទូក នៅរាជធានីភ្នំពេញនាឆ្នាំនេះ។
លោកអភិបាលខណ្ឌចំការមន ថេង សុថុល បានលើកឡើងថា សម្រាប់ភូមិសាស្រ្តខណ្ឌចំការមន គឺស្ថិតនៅនាប៉ែកខាងកើត ឈាងខាងត្បូង ដែលជាប់ព្រំប្រទល់ខណ្ឌច្បារអំពៅ និងខណ្ឌមានជ័យ និង ប៉ែកខាងលិចឈាងខាងជើង គឺជាប់ព្រំប្រទល់ខណ្ឌបឹងកេងកង និង ខណ្ឌដូនពេញ ហើយមូលដ្ឋានខណ្ឌចំការមន គឺជាច្រកចេញចូលនិងឆ្លងកាត់ឆ្ពោះ ទៅមើលពិធីបុណ្យអុំទូក និងការប្រគំតន្រ្តីតាមឆាកតន្រ្តីនីមួយៗផងដែរ។ ហើយពិសេសជាងនេះទៅទៀត គឺខណ្ឌចំការមនគឺពោរពេញ ទៅដោយកន្លែងដើរលេងកម្សាន្តនានាជាច្រើន ពិសេសនៅតំបន់កោះពេជ្រផងដែរ ដែលជាកន្លែងប្រមូលផ្ដុំ ដើរមើលតន្រ្តី និងមានកន្លែងដាក់ស្ដង់តាំងលក់ដូរ រាល់មុខទំនិញគ្រប់ប្រភេទ។ល។ ដូចនេះចំពោះការងារក្នុងការ ការពារសន្តិសុខសណ្ដាប់ធ្នាប់ នាឱកាសពិធីបុណ្យអុំទូកនាឆ្នាំនេះ គឺកម្លាំងចម្រុះគ្រប់ផ្នែក នៃគណៈបញ្ជាការឯកភាពខណ្ឌចំការមន ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ក្នុងការ ការពារនូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ របៀបរៀបរយអោយបានល្អប្រសើរ ជូនដល់បងប្អូនប្រជាជន ពេលពួកគាត់មកដើរលេងកម្សាន្ត នៅភ្នំពេញនាពេលបុណ្យអុំទូក នៅភ្នំពេញ ដែលមានរយៈពេល៣ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី១០ ,១១ និង ១២ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ហើយឆ្នាំនេះ ក៏ដូចបណ្ដាឆ្នាំមុនៗដែរ គឺបងប្អូនប្រជាជន គាត់មកពីបណ្ដខេត្តនានា គឺមកដើរលេងកម្សាន្តនៅភ្នំពេញ។ ដូចនេះកម្លាំងសមត្ថកិច្ចអាជ្ញាធរយើង ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ ក្នុងន័យរក្សាការពារនូវសន្តិសុខ សណ្ដាប់ធ្នាប់ អោយបានល្អប្រសើរ៕

អត្ថបទដែលជាប់ទាក់ទង