គ្រាប់មីនជាងកន្លះលានគ្រាប់ ត្រូវបានរកឃើញ និងកម្ទេចចោល ដោយអង្គការ HALO Trust
ភ្នំពេញ៖ ចាប់តាំងពីឆ្នាំ១៩៩១ អង្គការHALO Trust បានបើកកិច្ចប្រតិបត្តិការ បោសសម្អាតមីននៅលើទឹកដីកម្ពុជា ដោយបានរកឃើញ និងកម្ទេចចោលគ្រាប់មីន ជាងកន្លះលានគ្រាប់ និងមានទទួលផលប្រមាណមួយលាននាក់។
អាជ្ញាធរមីន បានប្រកាសព័ត៌មានថា នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ចៅ ជីអាន អគ្គលេខាធិការរងអាជ្ញាធរមីន តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីអបអរសាទរ និងថ្លែងអំណគុណដល់សហការីដែលបម្រើការងារជាមួយអង្គការហេឡូត្រាស់នៅកម្ពុជា ចាប់ពី២៥ឆ្នាំឡើងទៅ ដោយមានការអញ្ជើញចូលរួមពីលោកស្រីឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា តំណាងស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា និងថ្នាក់ដឹកនាំ បុគ្គលិកអង្គការ HALO Trust។
លោកប្រធានអង្គការHALO Trust បានមានប្រសាសន៍ថា អង្គការHALO Trust បានបើកកិច្ចប្រតិបត្តិការ បោសសម្អាតមីន ចាប់តាំងពីឆ្នាំ១៩៩១ ដោយបានរកឃើញនិងកម្ទេចចោល គ្រាប់មីនជាងកន្លះលានគ្រាប់ និងមានទទួលផល ប្រមាណមួយលាននាក់។
លោក ចៅ ជីអាន បានមានប្រសាសន៍ថា កម្ពុជាទទួលស្គាល់នូវការរួមចំណែក ដ៏ធំធេងរបស់ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកអង្គការ HALO Trust ទាំងអស់ នៅក្នុងវិស័យសកម្មភាពមីននៅកម្ពុជា តាមរយៈការបោសសម្អាតផ្ទៃដី ដែលរងការគំរាមកំហែង ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលសកម្មភាពនេះ បានចូលរួមចំណែក ដល់ការកាត់បន្ថយភាពក្រីក្រ ការអភិវឌ្ឍ និង ការកាត់បន្ថយអត្រាគ្រោះថ្នាក់ ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម៕