លំហូរពលករទៅតាមតំបន់អាស៊ាន មានជនខិលខូចឬឧក្រិដ្ឋជន ឆ្លៀតបន្លំកេងប្រវ័ញ្ចលើជនស្លូតត្រង់ទាំងនេះ
សៀមរាប៖ សម្ដេចតេជោ បានថ្លែងប្រាប់គណៈប្រតិភូ អគ្គព្រះរាជអាជ្ញា រដ្ឋអាជ្ញា នៃបណ្តាលប្រទេសអាស៊ាន-ចិន ថា ប្រធានបទការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ក្នុងវេទិកានេះ គឺជាប្រធានបទដ៏ត្រឹមត្រូវមួយ ព្រោះថានេះគឺជាអ្វីដែលយើងធ្វើ ដើម្បីជួយដល់មនុស្សស្លូតត្រង់ ជាពិសេសពលករ ដែលកំពុងតែមានចលនា កំពុងតែមានលំហូរ ទៅតាមតំបន់អាស៊ាន ហើយតែងតែមានជនខិលខូច ឬឧក្រិដ្ឋជនខិលខូច ឆ្លៀតបន្លំកេងប្រវ័ញ្ចលើជនស្លូតត្រង់ទាំងនេះ។
នៅព្រឹកថ្ងៃពុធ ទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះផងដែរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារ ជាមួយលោកស្រី HAJAH ZURAINI BINTI HAJI SHARBAWI ប្រធានប្រតិភូ នៃប្រតិភូ អគ្គព្រះរាជអាជ្ញា រដ្ឋអាជ្ញា នៃបណ្តាលប្រទេសអាស៊ាន-ចិន នៅខេត្តសៀមរាប។
លោកស្រី HAJAH ZURAINI ប្រធានប្រតិភូនៃ ប្រតិភូអគ្គព្រះរាជ្ញា រដ្ឋអាជ្ញាមកពីបណ្ដាប្រទេសអាស៊ាន-ចិន បានមានប្រសាសន៍ថា នេះពិតជាកិត្តិយសណាស់ដែលបាន សម្តេចតេជោ អញ្ជើញមកចូលរួមជាអធិបតី ហើយក៏បានគោរពជម្រាបជូនសម្ដេចតេជោផងដែរថា វេទិកាដែលបានរៀបចំឡើងនៅពេលនេះ គឺដើម្បីធ្វើការរួមគ្នា ក្នុងការពង្រឹកកិច្ចសហប្រតិបត្តិការឱ្យបានកាន់តែស៊ីជម្រៅ ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសលើការជួញដូរមនុស្ស។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះប្រតិភូព្រះរាជអាជ្ញា រដ្ឋអាជ្ញាទាំងអស់ ដែលបានមកកាន់ទីក្រុងសៀមរាប ដែលជាទឹកដីអតីតរាជធានីកម្ពុជា តាំងពីជាងមួយពាន់ឆ្នាំមុន។ សម្ដេចតេជោបានលើកឡើងថា ប្រធានបទការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ក្នុងវេទិកានេះ គឺជាប្រធានបទដ៏ត្រឹមត្រូវមួយ ព្រោះថានេះគឺជាអ្វីដែលយើងធ្វើដើម្បីជួយដល់មនុស្សស្លូតត្រង់ ជាពិសេសពលករដែលកំពុងតែមានចលនា កំពុងតែមានលំហូរទៅតាមតំបន់អាស៊ាន ហើយតែងតែមានជនខិលខូចឬឧក្រិដ្ឋជនខិលខូច ឆ្លៀត បន្លំកេងប្រវ័ញ្ចលើជនស្លូតត្រង់ទាំងនេះ។ តាមរយៈវេទិកានេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានផ្តោតក្តីសង្ឃឹមខ្លាំងថា ក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងអស់ជាពិសេស រវាងព្រះរាជអាជ្ញា រដ្ឋអាជ្ញា នៃប្រទេសអាស៊ាន-ចិន នឹងមានការពង្រឹងកាន់តែខ្លាំងក្លា រឹងមាំថែមទៀតដើម្បីជាផលប្រយោជន៍ ក្នុងការទប់ស្កាត់ អំពើឧក្រិដ្ឋកម្មឆ្លងដែនផង ក៏ដូចជាអំពើឧក្រិដ្ឋកម្មទាំងឡាយ ដែលមានទៅលើប្រជាពលរដ្ឋស្លូតត្រង់ នៅក្នុងតំបន់អាស៊ាន-ចិនផងដែរ៕