បញ្ជូនជនសង្ស័យ៥នាក់រួមនឹងអាវុធខ្លីមួយដើម ករណីបង្ខាំងជនជាតិវៀតណាម៦នាក់ ជំរិតទារប្រាក់
ខេត្តស្វាយរៀង៖ ជនសង្ស័យប្រុសស្រីចំនួន៥នាក់ ក្នុងនោះមានជនជាតិវៀតណាមម្នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង សហការជាមួយអាវុធហត្ថខេត្តព្រៃវែង ធ្វើការឃាត់ខ្លួនតាមពាក្យបណ្តឹងរបស់ម្តាយជនរងគ្រោះ ដែលជាជនជាតិវៀតណាម ដោយមានជនសង្ស័យមិនស្គាល់អត្តសញ្ញាណ (បានចាប់កូនស្រីរបស់ខ្លួចរួចទូរស័ព្ទទៅជំរិតទាប្រាក់) ហើយជនសង្ស័យរួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចធ្វើការបញ្ជូន ទៅសាលាដំបូងខេត្តស្វាយរៀង ដើម្បីចាត់ការបន្តនារសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។
បើយោងតាមលោកវរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តស្វាយរៀង បានមានប្រសាសន៍ថា៖ ដោយយោងតាមពាក្យបណ្តឹងរបស់ឈ្មោះ ឡេ ធីង៉េ ភេទស្រី អាយុ ៦៥ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅបច្ចុប្បន្នភូមិហ្គរណយ ឃុំ និនឌៀង ស្រុក ចូវថាន់ ខេត្តតៃនិញ ប្រទេសវៀតណាម បានមកដាក់ពាក្យបណ្ដឹងជនសង្ស័យ មិនស្គាល់អត្តសញ្ញាណ បានចាប់កូនស្រីរបស់ខ្លួន រួចបានទូរស័ព្ទទៅជំរិតទាប្រាក់ពីគាត់។
លោកវរសេនីយ៍ឯកបានបន្តទៀតថា៖ ក្រោយពីទទួលបានពាក្យបណ្តឹងភ្លាម មន្ត្រីនគរបាលយុត្តិធម៌កងរាជអាវុធហត្ថខេត្តស្វាយរៀង សុំការអនុញ្ញាតពីលោក គង់ ច័ន្ទខេមរិទ្ធ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ធ្វើការស្រាវជ្រាវបន្តរហូតមកដល់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង៩និង៤៣នាទី ទើបកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តស្វាយរៀង បានកំណត់មុខសញ្ញាជនសង្ស័យ ដែលបានចាប់បង្ខាំងមនុស្សនៅផ្ទះសំណាក់មួយកន្លែងយីហោ ស សារឿន នៅខាងកើតស្ពានអ្នកលឿង។
លោកបានបញ្ជាក់ទៀតថា៖ ដោយមានអនុញ្ញាតពីលោក គង់ ច័ន្ទខេមរិទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង តាមរយៈលេខទូរស័ព្ទ ០៨៨៩២១២២២២ អនុញ្ញាតឲ្យមន្ត្រីគនរបាលយុត្តិធម៌ កងរាជអាវុធហត្ថខេត្តស្វាយរៀង (ពន្លាតសមត្ថកិច្ចដែនដីតាមមាត្រា៦៨ នៃក្រមនីតិវិធីក្រមព្រហ្មទណ្ឌ) សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តព្រៃវែង និងក្រោមបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង ដឹកនាំដោយលោកវរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តស្វាយរៀង យកកម្លាំងអាវុធហត្ថខេត្តស្វាយរៀង ចំនួន១០នាក់ សហការជាមួយកម្លាំងអាវុធហត្ថខេត្តព្រៃវែង ហើយនៅវេលាម៉ោង១១និង៤០នាទីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩ កម្លាំងបានសហការដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង។ ជាលទ្ធផលសមត្ថកិច្ចយើង បានឆែកឆេរនៅផ្ទះយីហោ ស សារឿន នោះរកឃើញមនុស្សចំនួន១១នាក់ ប្រុស៨នាក់ ស្រី៣នាក់ ហើយកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តព្រៃវែង បាននាំខ្លួនមនុស្សទាំងអស់ ទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែង ដើម្បីធ្វើការសាកសួរ។ ក្រោយពីបញ្ចប់ការសាកសួរ មន្ត្រីនគរបាលយុត្តិធម៌កងរាជអាវុធហត្ថខេត្តព្រៃវែង ប្រគល់មនុស្សទាំង១១នាក់ ឲ្យទៅកងរាជអាវុធហត្ថខេត្តស្វាយរៀង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។
ជនសង្ស័យដែលសមត្ថកិច្ចយើងឃាត់ខ្លួនទាំង៥នាក់នោះ៖ ទី១.មានឈ្មោះ ហួច សៅ ភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបររត់តាក់ស៊ី មានទីលំនៅភូមិ លេខ១ សង្កាត់លេខ៥ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ទី២.មានឈ្មោះ ហួរ តាម ភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិខ្មែរ មានមុខរបរជាងសំណង់ មានទីលំនៅភូមិ បាវិត សង្កាត់ បាវិត ក្រុង បាវិត ខេត្តស្វាយរៀង។ ទី៣.មានឈ្មោះ ផាម ប៊ិនញឺ ភេទស្រី អាយុ ៤០ឆ្នាំជនជាតិវៀតណាម មុខរបរចុងភៅ មានទីលំនៅក្រុម១ ទីប្រជុំជនកឹងយួក ស្រុក កឹងយួក ខេត្តឡុងអាន ប្រទេសវៀតណាម។ ទី៤.មានឈ្មោះ ស៊ាង បញ្ញា ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកកាស៊ីណូ មានទីលំនៅភូមិ អូឈើនាល ឃុំ កំពង់ត្រាច ស្រុក កំពង់ត្រាច ខេត្ត កំពត។ ទី៥.ឈ្មោះ រ័ត្ន សុខ ភេទប្រុស អាយុ ៤៨ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិ បាវិតកណ្តាល សង្កាត់ បាវិត ក្រុង បាវិត ខេត្តស្វាយរៀង។
ចំណែកជនរងគ្រោះទាំង៦នាក់នោះរួមមាន: ទី១.ឈ្មោះ យ៉ ធីញឹង ភេទស្រី អាយុ ៤៤ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅភូមិ ហុងភូ ឃុំ ហុងណាំ ស្រុក កេសាត់ ខេត្តសុខត្រាំង ប្រទេសវៀតណាម។ ទី២.ង្វៀន ទឹងខាន់ ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅ សង្កាត់១ ខណ្ឌទី៥ ក្រុង ហូជីមិញ ប្រទេសវៀតណាម។ ទី៣.ឈ្មោះ ហ្វៀន យូមិនគ្រឿង ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិវៀតណាម មុខរបរជាងឈើ មានទីលំនៅសង្កាត់១១ ខណ្ឌ១១ ក្រុងហូជីមិញ ប្រទេសវៀតណាម ។ ទី៤.ឈ្មោះ វូ ហ្វាងយ៉ុង ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិវៀតណាម មុខរបរអាជីវករ មានទីលំនៅសង្កាត់ទី៥ ខណ្ឌ១០ ក្រុង ហូជីមិញ ប្រទេសវៀតណាម។ ទី៥.ឈ្មោះ ត្រឹង មិញវ៉ាង ភេទប្រុស អាយុ ៤០ឆ្នាំជនជាតិវៀតណាម មុខរបរកម្មករ មានទីលំនៅភូមិ អិនប៊ិន ឃុំ អានហឹង ស្រុក ធន់អាង ខេត្តបិនយឿង ប្រទេសវៀតណាម។ ទី៦.ឈ្មោះ ងួន សារី ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅភូមិ បាវិតកណ្តាល សង្កាត់ បាវិត ក្រុង បាវិត ខេត្តស្វាយរៀង។
បច្ចុប្បន្នជនសង្ស័យចំនួន៥នាក់ និងវត្ថុតាងអាវុធខ្លីមួយដើម (កាំភ្លើងបាញ់ខ្យល់) និងរថយន្តកាមរីឆ្លាមមួយគ្រឿង កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ រីឯជនរងគ្រោះ ក៏បញ្ជូនទៅតុលាការ ដើម្បីសាកសួរផងដែរ៕