មេឧទ្ទាមជំនាន់ថ្មី មានផែនការបង្កេីតចលនា ផ្តួលរំលំរាជរដ្ឋាភិបាល ចេញពីតំបន់ប៉ោយប៉ែត និងក្នុងទឹកដីថៃ នៅអារ៉ាញ់ប្រថេន
ភ្នំពេញ៖ លោកហេង រតនាអគ្គនាយកស៊ីម៉ាក់ នៅព្រឹកថ្ងៃទី 7 ខែវិច្ឆិកា ឆ្នាំ 2019 នេះ បានសរសេរសារនៅលើផេក facebook ផ្លូវការរបស់លោកថា នៅថ្ងៃទី ៩ វិចិ្ឆកា ២០១៩នេះ មេឧទ្ទាមជំនាន់ថ្មី មានផែនការបង្កេីតចលនា ផ្តួលរំលំរាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចតេជោសែន និងរំលាយរបបរាជានិយមទី២ ចេញពីតំបន់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងក្នុងទឹកដីថៃ នៅអារ៉ាញ់ប្រថេន។
លោកអគ្គនាយកស៊ីម៉ាក់បានបញ្ជាក់ដូច្នេះថា “ក្នុងឆ្នាំ១៩៦៨ កាលអេីយកាលនោះណាមានមេឧទ្ទាមបានបង្កេីត “ចលនាខែ្មរសេរីរណសិរ្យយោធាភ្នំដងរ៉ែក” នៅព្រំដែនកម្ពុជា-ថៃ ដេីម្បីផ្តួលរំលំរបបរាជានិយមរបស់សម្តេចព្រះបរមរតនកោដ្ឋ ដែលកាលនោះតំបន់ព្រំដែនមិនទាន់មានលទ្ធភាពអភិវឌ្ឍន៍នោះទេ គឺជាតំបន់ជនបទដាច់ស្រយាល គ្មានផ្លូវគមនាគមន៍ ដែលជាឱកាសល្អសំរាប់ពួកឧទ្ទាមបង្កេីតចលនាតស៊ូប្រដាប់អាវុធក្នុងមូលដ្ឋានដាច់ស្រយាលទាំងឡាយនៃប្រទេសកម្ពុជា ជាពិសេសតំបន់សំឡូត និងភ្នំដងរែកតែម្តង”។
លោកបានលើកឡើងទៀតថា “នៅថ្ងៃទី ៩ វិចិ្ឆកា ២០១៩នេះ មេឧទ្ទាមជំនាន់ថ្មី មានផែនការបង្កេីតចលនា ផ្តួលរំលំរាជរដ្ឋាភិបាលដឹកនាំ ដោយសម្តេចតេជោសែននិងរំលាយរបបរាជានិយមទី២ ចេញពីតំបន់ប៉ោយប៉ែតខេត្តបន្ទាយមានជ័យ និងក្នុងទឹកដីថៃនៅអារ៉ាញ់ប្រថេន។ ស្ថានភាពតំបន់ប៉ោយប៉ែត ជាអតីតតំបន់សមភូមិប្រយុទ្ធ យ៉ាងសិ្វតស្វាញបាន ក្លាយជាទីក្រុងកំពុងវិវត្តន៍រីកចម្រើនយ៉ាងខ្លាំងក្លា។ ផ្លូវជាតិនិងផ្លូវក្រវ៉ាត់ព្រំដែន បានសំរួលគមនាគមន៍តំបន់ប៉ោយប៉ែត ងាយស្រួលក្នុងការបង្កេីនសេដ្ឋកិច្ចក្នុងតំបន់នេះ។ តំបន់ព្រំដែនកម្ពុជា-ថៃ រាប់ពីតំបន់ប៉ោយប៉ែត ទៅដល់តំបន់ស្រុកសំឡូត សុទ្ធតែជាតំបន់មានសេដ្ឋកិច្ចរីកចម្រើនខ្លាំងក្លា ជាងតំបន់ព្រំដែនទាំងឡាយនៃប្រទេសនេះ”។
លោកបានបន្តថា “ការទប់ទល់កម្លាំងតស៊ូចេញ ពីតំបន់ប៉ោយប៉ែតនេះ កងកម្លាំងប្រដាប់អាវុធ អាចចល័តកម្លាំងហ៊ុមព័ទ្ធ និងគ្រប់គ្រងសភាពការណ៍ ខាងក្នុងប្រទេស ដោយមានច្រកអន្តរជាតិតែមួយ ដោយតំបន់ទាំងឡាយ តាមបណ្តោយព្រំដែន ជាតំបន់ចំការមីន ហេីយខាងក្នុងទឹកដីភាគីថៃ មានការត្រួតពិនិត្យសន្តិសុខរឹងមាំណាស់ រីឯខាងកម្ពុជា ក៏មានកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រៀមលក្ខណៈជាស្រេច! ប្រហែលជាមេឧទ្ទាមគិតគូរយុទ្ធសាស្ត្រ ដោយប្រេីប្រាស់ភូមិសាស្ត្រ និងប្រជាជនជាពិសេសពលករ កម្មករ ពាណិជ្ជករ និងកសិករក្នុងតំបន់នេះ ដែលអាចយល់ថា ពួកគាត់គាំទ្រខ្លួនខ្លាំងក្លាជាងគេ ច្រកអន្តរជាតិធំជាងគេ និងក្រុងប៉ោយប៉ែត មានភាពច្របូកច្របល់ជាងគេ ដូចនេះងាយយកតំបន់នេះ ជាឈ្នាន់ក្នុងការបញ្ឆេះចលនា ឈានដល់ផ្តួលរំលំរាជរដ្ឋាភិបាល។ ក្នុងកាល:ទេស:បច្ចុប្បន្ននេះ យុទ្ធសាស្ត្រដែលមេឧទ្ទាមជ្រេីសរេីសនេះ អាចជាកំហុសឆ្គងធ្ងន់ធ្ងរ និងជួបបរាជ័យទាំងស្រុងមិនខានឡេីយ”។
លោកបញ្ជាក់ថា សូមអំពាវនាវបងប្អូនជាពលករ កម្មករ ពាណិជ្ជករ និងកសិករទាំងឡាយ ព្រមទាំងបងប្អូនមកពីបរទេស( មិនស្គាល់ភូមិសាស្ត្រតំបន់ប៉ោយប៉ែតនេះ) គប្បីស្វែងយល់ឱ្យច្បាស់លាស់ អំពីផែនការសកម្មភាពនេះ និងចៀសវាងការចូលរួមសកម្មភាព ល្មេីសរបស់ក្រុមឧទ្ទាម នៅថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០១៩ ព្រោះថា លទ្ធផលនៃសកម្មភាពនេះ នឹងនាំមកនូវក្តីវិនាសដល់ខ្លួនឯងផង ក្រុមគ្រួសារផង និងសង្គមជាតិរបស់ខ្លួនផងដែរ។
លោកថ្លែងថា ការសម្រេចចិត្តយ៉ាងមុឺងម៉ាត់ របស់នាយឧត្តមសេនីយ៍នាយករដ្ឋមន្ត្រីថៃ មិនអនុញ្ញាតឲ្យពួកឧទ្ទាមខែ្មរ ជាពិសេសមិនអនុញ្ញាតឱ្យមេឧទ្ទាម សម រង្សុី យកទឹកដីថៃដេីម្បីបម្រើសកម្មភាពនយោបាយ ប្រឆាំងរដ្ឋក្បែរខាងនេះ មានចរឹកពង្រឹងសន្តិភាពក្នុងតំបន់។ ជាក់ស្តែង បេីក្រឡេកមេីលផែនការសម្ងាត់របស់ពួកឧទ្ទាមនោះ គឺមេឧទ្ទាមត្រៀមយកទីតាំងវត្តអារាមថៃ ជាមូលដ្ឋានបញ្ជាការចាត់ចែង បញ្ជាកម្លាំងបង្កបាតុកម្ម និងបង្កហឹង្សានៅចំណុព្រំដែនប៉ោយប៉ែត ហេីយករណីនេះ អាចមានលទ្ធភាពបង្កេីតអំពេីហឹង្សា ទាំងក្នុងទឹកដីថៃ ឬនៅទឹកដីកម្ពុជា។ ប្រសិនបេីមានករណីស្ថានភាព អាក្រក់បំផុតអ្វីមួយកេីតឡេីងនោះ អាចបង្កបញ្ហាសន្តិសុខ ក្នុងតំបន់វឹកវរជាថ្មី មិនត្រឹមតែរវាងថៃនិងកម្ពុជានោះទេ អាចឈានដល់បញ្ហាអាស៊ានទាំងមូលផងដែរ។
លោកថា ថ្ងៃទី៩ វិច្ឆិកា ជាថ្ងៃរំលឹកស្នាព្រះហស្ត ដ៏ថ្លៃថ្លាបំផុតរបស់ សម្តេចព្រះបរមកោដ្ឋ ក្នុងការដណ្តេីមឯករាជ្យជាតិ ដូចនេះមិនមែនអ្នកណា ចង់បំផ្លាញបានដោយងាយៗនោះទេ ពិសេសសម័យតេជោសែនផងនោះ ក្រុមឧទ្ទាមអាចប្រឈម ការរលំរលាយសាបសូន្យ មិនខានឡេីយ៕