ប្រកាសផ្សព្វផ្សាយឲ្យប្រើប្រាស់ជាផ្លូវការនូវ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ ២០១៩-២០២៣
ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៧ ខែវិច្ឆិកា ឆ្នាំ ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីប្រកាសផ្សព្វផ្សាយ ឲ្យប្រើប្រាស់ជាផ្លូវការនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ ២០១៩-២០២៣ ដែលកម្មវិធីនេះប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។
លោកឆាយ ថន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងផែនការ បានឲ្យដឹងថា ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិនេះ ត្រូវបានរៀបចំឡើងបន្តពីផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ២០១៤-២០១៨ ដែលត្រូវបានចប់អាណត្តិនាចុងឆ្នាំ២០១៨ ក្នុងនីតិកាលទី៥ នៃរដ្ឋសភាកន្លងទៅ។ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ២០១៩-២០២៣ មានតួនាទីយ៉ាងសំខាន់ក្នុងការអនុវត្តគោលនយោបាយអាទិភាពនានារបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានកំណត់នៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា។
សម្តេចតេជោ បានបង្ហាញនូវក្តីរីករាយដែលបានអញ្ជើញមកចូលរួមក្នុងពិធីផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ ផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ និងអបអរសាទរ ក៏ដូចជាកាតកោតសរសើរចំពោះក្រសួងផែនការ ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍនានា ក្នុងការធ្វើឱ្យសម្រេចបាន ផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣។
សម្តេចតេជោបានមានប្រសាសន៍បន្តថា កម្ពុជានៅមានការងារអាទិភាពសេសសល់នៅក្នុងដំណើរការ នៃការអនុវត្តផែនការយុទ្ធសាសស្ត្រអភិវឌ្ឍជាតិ ២០១៤-២០១៨ ចំនួន៧៖១)ការលើកកម្ពស់ ការកាត់បន្ថយភាពក្រីក្រនិង កំណើនប្រកបដោយបរិយាប័ន្ន ២)ការពង្រីកវិស័យកសិកម្ម ៣)ការធានានូវភាពប្រកួតប្រជែងកាន់តែខ្លាំង ៤)ការគ្រប់គ្រងការធ្វើចំណាកស្រុកនិងនគរូបនីយកម្ម ៥)ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួល អាកាសធាតុនិងការកាប់ព្រៃឈើ ៦)ការធានានូវអភិបាលកិច្ចល្អប្រសើរ និង៧)កែលម្អមូលដ្ឋានធនធានមនុស្ស។ ទោះបីជាយើងជួបនឹងបញ្ហាប្រឈមជាច្រើនក្នុងការអនុវត្តការងារអាទិភាពទាំងនេះ តែយើងបានខិតខំប្រឹងប្រែងរួមគ្នាក្នុងការអនុវត្តការងារគន្លឹះទាំងឡាយនៅក្នុងក្របខ័ណ្ឌ ផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិ រាជរដ្ឋាភិបាលកម្ពុជាសម្រេចបាននូវជោគជ័យធំៗ គួរជាទីមោទនៈក្នុងពេលកន្លងមក។
កម្ពុជាបានលើកកម្ពស់ជីវភាពប្រចាំថ្ងៃរបស់ប្រជាជន និងការបង្កើតនូវបរិយាកាសអំណោយ
ផលមួយសម្រាប់ធានាឱ្យមានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ការធ្វើឱ្យសេដ្ឋកិច្ចមានកំណើនថេរ ក្នុងរង្វង់
៧% និងការសម្រេចបាននូវវឌ្ឍនភាព ក្នុងដំណើរការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច និងការកាត់ បន្ថយភាពក្រីក្រស្របតាមឆន្ទៈនៃ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ចំពោះមុខនេះ ផែនការ
យុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិ នឹងបន្តគាំទ្រនិងជំរុញល្បឿននៃកម្មវិធី នយោបាយរបស់រាជរដ្ឋាភិបាល ពិសេសយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ ដើម្បី កំណើនការងារ សមធម៌ និង ប្រសិទ្ធភាព ដែលជារបៀបវារៈគោលនយោបាយសង្គម-សេដ្ឋកិច្ច សម្រាប់កសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
ក្នុងនាមរាជរដ្ឋាភិបាល សម្តេចតេជោបានផ្តល់ការ ណែនាំ និងអនុសាសន៍មួយចំនួន ដូចតទៅ៖
១)បង្កើនការសម្របសម្រួលគោលនយោបាយជាមួយសហគមន៍ដៃគូអភិវឌ្ឍ អ្នកផ្តល់ហិរញ្ញប្បទាន ការបង្កើនអភិបាលកិច្ច ជំរុញការអនុវត្តនូវកម្មវិធីកំណែទម្រង់គ្រប់វិស័យ ឱ្យកាន់តែទូលំទូលាយ និងស៊ីជម្រៅថែមទៀត ដែលកិច្ចការទាំងនេះ ត្រូវពួតផ្តុំគ្នាជាប្រព័ន្ធតែមួយ ប្រទាក់ក្រឡាគ្នា និង យោងគ្នាទៅវិញទៅមកសម្រាប់គោលដៅអភិវឌ្ឍ សេដ្ឋកិច្ច សង្គមកិច្ច និង ការងារគ្រប់គ្រងធនធានធម្មជាតិ បរិស្ថាន ឱ្យបានកាន់តែល្អប្រសើរ។
២)ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍តាមវិស័យ របស់ខ្លួននីមួយៗ តាមរយៈការពិនិត្យមើលឡើងវិញរាល់គម្រោង ឬកម្មវិធីកំពុងដំណើរការ ព្រមទាំង គម្រោង ឬកម្មវិធីថ្មីៗដែលនៅបន្តគាំទ្រដោយធនធានពីក្នុង និងក្រៅប្រទេស ដើម្បីធានាសង្គតិភាពនិង អាទិភាព និងទំនាក់ទំនងផ្សារភ្ជាប់ជាមួយ ផ.យ.អ.ជ. ២០១៩-២០២៣ ព្រមទាំងរៀបចំ កម្មវិធីវិនិ យោគសាធារណៈ និងការប៉ាន់ស្មានតម្លៃសម្រាប់វិស័យរបស់ខ្លួន ឱ្យទាន់ពេលវេលា ដើម្បីដាក់បញ្ចូល ក្នុងកម្មវិធីវិនិយោគសាធារណៈបីឆ្នាំរំកិល។
៣)គ្រប់រាជធានី ខេត្ត ត្រូវរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ខេត្ត រាជធានីរបស់ខ្លួន និងត្រូវគិត គូររៀបចំកម្មវិធីវិនិយោគសាធារណៈបីឆ្នាំរំកិល ឱ្យស្របតាមអាទិភាពនិងអាណត្តិរបស់ ផ.យ.អ.ជ. ២០១៩-២០២៣ ក្នុងការអនុវត្តវិមជ្ឈការ និងវិសហមជ្ឈការ និងការសម្រេចចិត្ត លើការស្នើសុំធ្វើវិនិយោគ ដែលបានកំណត់ដោយច្បាប់ស្តីពីការគ្រប់គ្រង រដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។
៤)សូមឱ្យដៃគូអភិវឌ្ឍ ទាំងពហុភាគីនិងទ្វេភាគីរបស់យើង ព្រមទាំងអង្គការមិនមែនរដ្ឋាភិបាល បន្តធានាថា ក្របខ័ណ្ឌនៃជំនួយសម្រាប់ការអភិវឌ្ឍ របស់ខ្លួនត្រូវបានតម្រឹមតម្រង់ និង តម្រង់ទិសចំជាមួយនឹងអាទិភាពទាំងឡាយរបស់ ផ.យ.អ.ជ. ២០១៩-២០២៣ ហើយហិរញ្ញប្បទានអភិវឌ្ឍន៍ត្រូវ បានតម្រឹមជាមួយនឹងកម្មវិធីវិនិយោគសាធារណៈ ផងដែរ។ ដៃគូអភិវឌ្ឍទាំងអស់គួរតែធានាថា ធនធាន ទាំងឡាយដែលនឹងត្រូវផ្តល់ទៅអង្គការមិនមែនរដ្ឋាភិបាល ត្រូវសមស្របទៅនឹងអាទិភាពនិងគោលដៅ អភិវឌ្ឍន៍ ដូចមានចែងនៅក្នុង ផ.យ.អ.ជ. ២០១៩-២០២៣ ហើយធនធានទាំងនោះត្រូវបានយកទៅប្រើប្រាស់ប្រកបដោយតម្លាភាព និងភាពទទួលខុសត្រូវ។
៥)ក្រសួង ស្ថាប័ន និងដៃគូអភិវឌ្ឍទាំងអស់ ដែលកំពុងផ្តល់ហិរញ្ញប្បទានដល់សកម្មភាព កម្មវិធី គម្រោងនានា ផ្តល់នូវអាទិភាពខ្ពស់ដល់ការតាមដានត្រួតពិនិត្យនិងវាយតម្លៃយ៉ាង ទៀតទាត់លើការអនុវត្តផែនការសកម្មភាព កម្មវិធី គម្រោង ទាំងនោះ ហើយផ្ញើរបាយការណ៍ស្តីពីលទ្ធផល នៃការតាមដានត្រួតពិនិត្យនិងវាយតម្លៃ មកក្រសួងផែនការ ទៅដាក់បញ្ចូលក្នុងការវាយតម្លៃលើវឌ្ឍនភាព ក្នុងការសម្រេចបានគោលដៅ និងចំណុចដៅនៃការអភិវឌ្ឍដែលមានចែងក្នុង ផ.យ.អ.ជ.២០១៩-២០២៣។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានអំពាវនាវ ដល់គ្រប់ក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍវិស័យឯកជន សង្គមស៊ីវិល និងអង្គការមិនមែនរដ្ឋាភិបាល សូមផ្តល់កិច្ចសហការ និងគាំទ្រគ្រប់បែបយ៉ាងដល់ក្រសួងផែនការ ក្នុងដំណើរការតាមដាន និងត្រួតពិនិត្យការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ ២០១៩-២០២៣ និងការរៀបចំគោលនយោបាយជាតិសម្រាប់ការតាមដាន ត្រួតពិនិត្យ និង វាយតម្លៃឱ្យទទួលបាននូវភាពជោគជ័យ។
នៅថ្ងៃនេះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍សូមឲ្យអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ត្រូវយកចិត្តទុកដាក់ ចំពោញកីឡាករកីឡាការិនីអុំទូក ដែលអញ្ជើញមកពីបណ្តាខេត្តនានាមកភ្នំពេញ ទាំងការធ្វើដំណើរ ការស្នាក់នៅ និងការហូបចុកជាដើម។ ម្យ៉ាងវិញទៀតសម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍សូមឲ្យកីឡាករដែលមកប្រណាំងទូកទាំងត្រូវចេះថែរក្សា និងការពារខ្លូនពីបញ្ហាជំងឺអេដស៍ ក្នុងពេលបុណ្យអុំទូកនេះ ជាពិសេសសូមកុំនាំជំងឺអេដស៍ត្រឡប់ទៅផ្ទះ។ ក្នុងនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានអំពាវឲ្យមហាជន និងអាជ្ញាធរទាំងអស់ត្រូវចូលរួមក្នុងការគ្រប់គ្រងសំរាម ក្នុងពេលបុណ្យអុំទូកនេះផងដែរ។ សម្តេចតេជោសូមសាលារាធានីភ្នំពេញ ក្រសួងបរិស្ថាន រួមជាមួយយុវជនផ្សេងៗ រួមទាំងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា រួមគ្នាក្នុងការគ្រប់គ្រងបញ្ហាសំរាមនេះ។
នៅថ្ងៃនេះផងដែរ សម្តេចតេជោក៏បានមានប្រសាសន៍ សូមអំពាវនាវកុំឲ្យបងប្អូនប្រជាពលរដ្ឋដែលមានកូនចៅរស់នៅ និងធ្វើការនៅរាជធានីភ្នំពេញនោះ សូមកុំមានការព្រួយបារម្ភរឿងសន្តិសុខ សុវត្ថិភាពក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ថា គ្មានរឿងអ្វីកើតឡើងចំពោះសម្តេចឡើយនៅថ្ងៃ៩វិច្ឆិកា ហើយយើងនឹងរីករាយក្នុងឱកាសបុណ្យអុំទូកខាងមុខ ហើយថ្ងៃ៩វិច្ឆិកានេះ យើងនឹងហូបអំបុកទាំងអស់គ្នាដើម្បីការពារ ជាតិ សាសនា ព្រះមហាក្សត្រ៕