ឆ្លងចរន្តអគ្គិសនីឆេះខ្សែភ្លើង ក្នុងពិតានហាងលក់សម្លៀបបំពាក់ DADA បណ្ដាលឲ្យហុយផ្សែងទ្រលោម
ភ្នំពេញ ៖ មានករណីអគ្គិភ័យមួយបានកើតឡើង បណ្ដាលឲ្យឆាបឆេះខ្សែភ្លើងក្នុងពិតានហុយផ្សែងឡើងទ្រលោម បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះទៅអន្តរាគមន៍ យកបំពង់ពន្លត់អគ្គិភ័យមក បាញ់ពន្លត់យ៉ាងញ៉ាប់ដៃញ៉ាប់ជើង កាលពីវេលាម៉ោង២រសៀល ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវព្រះសីហនុ ក្នុងហាងលក់សម្លៀបបំពាក់ យីហោ DADA ស្ថិតក្នុងភូមិ៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
ម្ចាស់ហាងខាងលើមានឈ្មោះ ជ័យ សុវណ្ណដា ភេទស្រី អាយុជាង៣០ឆ្នាំ ។
បើតាមសម្ដីម្ចាស់ផ្ទះបានឲ្យដឹងថា មុនកើតហេតុ មានការលោតឌីសង់ទ័រ ក្នុងប្រអប់ភ្លើង រួចគាត់ក៏បានហៅជាងភ្លើង ឲ្យមកមើល តែជាងភ្លើងប្រាប់ថាមិនអីទេ បើកប្រើបានធម្មតាទៅ លុះដល់ម៉ោងកើតហេតុ ស្រាប់តែមានក្លិនឆ្ងៀម ព្រមទាំងហុយផ្សែងយ៉ាងទ្រលោមតែម្ដង ទើបគាត់នាំគ្នាយកសម្ភារក្នុងហាងចេញយ៉ាងលឿន និងទាក់ទងទៅសមត្ថកិច្ចមូលដ្ឋាន ឲ្យជួយអន្តរាគមន៍ផងដែរ ។
ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាម សមត្ថកិច្ចមូលដ្ឋាន បានចេញមកយ៉ាងលឿន និងយកបំពង់ពន្លត់អគ្គិភ័យ មកធ្វើការបាញ់ពន្លត់ ហើយទាក់ទងទៅសមត្ថកិច្ចជំនាញ ឲ្យយករថយន្តពន្លត់អគ្គិភ័យ ដើម្បីជួយបាញ់ពន្លត់ផងដែរ តែខណៈរថយន្តពន្លត់អគ្គិភ័យ បានមកដល់ចំនួន២គ្រឿង សមត្ថកិច្ចមូលដ្ឋាន បានប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យ ជាង១០បំពង់ បានបាញ់ពន្លត់ទៅវិញ ជាស្ថាពរទៅហើយ ។
ក្នុងករណីអគ្គិភ័យខាងលើនេះ មិនបណ្ដាលឲ្យមនុស្សរងរបួសនោះទេ គ្រាន់តែខូចខាតសម្ភារមួយចំនួនតូចតែប៉ុណ្ណោះ ។ ចំពោះមូលហេតុ បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ចេញពីពិតាន ៕