មានការផ្សព្វផ្សាយព័ត៌មាន រូបភាព និង វីដេអូ ថា មានបងប្អូនពលករ ពលការិនី ខ្មែរនៅប្រទេសថៃ រាប់ម៉ឺននាក់ កំពុងរង់ចាំសម្រុកចូលកម្ពុជា
ភ្នំពេញ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានប្រកាសថា នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ គណនីហ្វេសប៊ុក ឈ្មោះ Ratanakraksmey Ly បានផ្សព្វផ្សាយព័ត៌មាន រូបភាព និង វីដេអូ ដោយនិយាយថា មានបងប្អូនពលករ ពលការិនី ខ្មែរនៅប្រទេសថៃចំនួនរាប់ម៉ឺននាក់ កំពុងរង់ចាំសម្រុកចូលមកប្រទេសកម្ពុជា ។
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ សូមជម្រាបជូនដល់សាធារណជនឲ្យបានជ្រាបថា ព័ត៌មាន និង រូបភាព ទាំងអស់នេះគឺជាការបំភ្លៃទាំងស្រុង ។ ក្នុងរយៈពេលថ្មីៗកន្លងទៅ និង នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅរាល់បណ្តាច្រកព្រំដែនអន្តរជាតិ កម្ពុជា ថៃ ទាំងអស់ពុំមានស្ថានភាពដូចនេះឡើយ គឺមានសភាពធម្មតា ពុំមានការកកកុញ ឬចំនួនចេញ ចូលខុសប្រក្រតីនោះទេ ។ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានរកឃើញថា រូបភាពវីដេអូដែលបានបង្ហោះផ្សព្វផ្សាយនោះ គឺនៅច្រកព្រំដែនអន្តរជាតិដូង ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង ដែលកើតមានឡើងតាំងតែពីឆ្នាំ២០១៣-២០១៤ មកម្ល៉េះ ។
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចាត់ទុកថា ការផ្សព្វផ្សាយព័ត៌មាន និង រូបភាពវីដេអូ របស់គណនីហ្វេសប៊ុក ឈ្មោះ Ratanakraksmey Ly គឺមានចេតនាទុច្ចរិត ចង់ឲ្យមានការយល់ច្រឡំដល់សាធារណជន និងដែលអាចបង្កឲ្យមានសភាពការណ៍អាក្រក់ណាមួយកើតឡើង ប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក្នុងគោលបំណងបម្រើកលល្បិចនយោបាយ របស់ក្រុមប្រឆាំងប៉ុណ្ណោះ ៕