បុរសដែលបានផឹកស្រវឹងម្នាក់ ជិះទូកទៅលើកលប ធ្លាក់ចូលទឹក ស្លាប់
ពោធិ៍សាត់៖ បុរសដែលបានផឹកស្រវឹង រួចក៏ទៅលើកលប អស់រយៈពេលពេញមួយថ្ងៃមិនឃើញ ត្រឡប់មកផ្ទះវិញ ក៏នាំគ្នាទៅរកប្រទះឃើញសាកសព អណ្តែតទឹកនៅចំណុចល្បាំងលបតាគី ស្ថិតក្នុងភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង១៧ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ ។
នគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ជៀម ប៊ុនធឿន ភេទប្រុស អាយុ៣៧ឆ្នាំ ជាអ្នកនេសាទម្នាក់ ក៏ត្រូវបានក្រុមគ្រួសារប្រទះឃើញស្លាប់អណ្តែតទឹក។
ស្រ្តីឈ្មោះ ម៉ា សាវឿន អាយុ៣៣ឆ្នាំ មានកូន៣នាក់ក្នុងបន្ទុក រស់នៅភូមិសានស ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ត្រូវជាប្រពន្ធជនរងគ្រោះ បានប្រាប់ឱ្យដឹងថា នៅថ្ងៃទី១៧កក្កដា បុរសរងគ្រោះជាប្តី បានផឹកស្រវឹង រួចក៏ទៅលើកលប នៅចំណុចកើតហេតុខាងលើ អស់រយៈពេលពេញមួយថ្ងៃ មិនឃើញប្តីរបស់គាត់ត្រឡប់មកផ្ទះវិញ រហូតដល់ថ្ងៃទី១៨កក្កដា ក្រុមគ្រួសារក៏នាំគ្នា ទៅរកនៅចំណុចខាងលើ ស្រាប់តែប្រទះឃើញ សាកសពបុរសរងគ្រោះជាប្តី ស្លាប់អណ្តែតទឹក ។ ករណីនេះសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន បានចុះដល់កន្លែងកើតហេតុ ដើម្បីស្រាវជ្រាវ ។
លោកវរសនីយ៍ឯក ឯម រុន អធិការនគរបាលស្រុកក្រគរ បានប្រាប់ឱ្យដឹងថា បើតាមការពិនិត្យរបស់សមត្ថកិច្ច លើខ្លួនសាកសពបុរសរងគ្រោះ បានសន្និដ្ឋាន ការស្លាប់របស់រូបនោះ ដោយករណីជនរងគ្រោះស្រវឹង ហើយឱនលើកលប ក៏ធ្លាក់ពីលើទូក ចូលទឹកបណ្តាលឱ្យស្លាប់តែម្តង៕