ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ បានអញ្ជើញមកដល់ប្រទេសកម្ពុជាវិញហើយ បន្ទាប់ពីបានបញ្ចប់បេសកកម្មកាទូតទៅកាន់ប្រទេសឥណ្ឌូណេស៊ីប្រកបដោយជោគជ័យ
ភ្នំពេញ៖ នៅរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ ឯកឧត្តម ឧកញ៉ា បណ្ឌិត អូស្មានអូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានធ្វើមាតុភូមិនិវត្តន៍មកដល់ប្រទេសកម្ពុជាវិញហើយ បន្ទាប់ពីបានចុះបេសកកម្មដោយជោគជ័យនៅឯសាធារណរដ្ឋឥណ្ឌូណេស៊ីអស់រយៈពេល ៤ ថ្ងៃ គឺចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី ៧ ខែវិច្ឆិកាឆ្នាំ ២០១៩ កន្លងទៅនេះ។
បើតាមមន្ត្រីខុទ្ទកាល័យទេសរដ្ឋមន្ត្រីដែរអមដំណើរបានដឹងថាបានដឹងថា នៅក្នុងបេសកកម្មរយៈពេល ៤ ថ្ងៃនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានចូលរួមជាវាគ្មិន ក្នុងវេទិកាហ្សាកាត់ពិភព លោកលើកទី ៨ នៅទីក្រុង បាន់ឌុង សាធារណ រដ្ឋឥណ្ឌូនេស៊ីដែលមានអ្នកចូលរួមចំនួន ប្រមាណ ៣៥០ នាក់ រួមមាន វាគ្មិន អ្នកស្រាវជ្រាវ ថ្នាក់ដឹកនាំស្ថាប័នហ្សាកាត់ផ្សេងៗ មកពី ៣៥ ប្រទេស ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត Ma’ruf Amin អនុប្រធានាធិបតីឥណ្ឌូនេស៊ី។
បន្ទាប់ពីវេទិកាហ្សាកាត់ពិភពលោកលើកទី ៨ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានជួបសំដែងការគួរ សម និងពិភាក្សាការងារ ជាមួយអនុប្រធានាធិបតីឥណ្ឌូនេស៊ីផងដែរ។
បន្ទាប់ពីពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយក្តីនឹករលឹកនិងមនោសញ្ចេតនាដ៏ជ្រាលជ្រៅ ជូនចំពោះឯកឧត្តម Ma’ruf Amin ឯកឧត្តមអូស្មានហាស្សាន់បានលើកឡើងថា សន្តិភាព និងការរីកចម្រើននៅកម្ពុជា កើតឡើងបានដោយការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា និងការរួមចំណែករបស់មិត្តឥណ្ដូនេស៊ី។ ឯកឧត្តមបន្តថា ក្រោយពីសង្គ្រាមរ៉ាំរ៉ៃជាច្រើនឆ្នាំ ប្រទេសជាតិមួយ ដែលមានតែបាតដៃទទេ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានធ្វើឲ្យប្រទេសមួយនេះប្រែក្លាយខ្លួនជាប្រទេសដែលជាប់ចំណាត់ថ្នាក់ទី ៧ នៅក្នុងពិភពលោក ដែលមានការអភិវឌ្ឍលឿនបំផុត នឹងមានកំណើនសេដ្ឋកិច្ចជាង ៧ ភាគរយ ក្នុងរយៈពេលជាង ២០ ឆ្នាំចុងក្រោយនេះ។ លើសពីនេះក្រោមគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលបានធ្វើឲ្យមានសុខដុមបនីយកម្មជាតិសាសន៍ ដែលជាគំរូដ៏ប្រពៃសម្រាប់ពិភពលោក ដោយបានបើកទូលាយសិទ្ធិសេរីភាពជំនឿសាសនា ក្នុងនោះចំពោះសហគមន៍ឥស្លាម រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យមានទីកន្លែងថ្វាយបង្គំតាមទីសាធារណៈ ក្រសួងស្ថាប័នរដ្ឋ និងឯកជន ផ្ដល់សិទ្ធិដល់សិស្សនិស្សិតឥស្លាមជានារី នូវការពាក់ហ៊ីហ្ជាប (សំលៀកបំពាក់នារីឥស្លាម)ចូលសាលា និងតាមក្រសួងស្ថាប័ននានា បង្កើតឱ្យមានកម្មវិធីស្រាយបួសថ្នាក់ជាតិ ការប្រឡងសូត្រគម្ពីរអាល់គូរអានថ្នាក់ជាតិ លើសពីនេះ ក៏បានដាក់បញ្ចូលគ្រូបង្រៀនខ្មែរឥស្លាមចំនួន១៥០០ នាក់ ជាក្រប ខណ្ឌមន្ត្រីរាជការ ដែលទទួលប្រាក់បៀវត្សពីរាជ រដ្ឋាភិបាលតាំងពីឆ្នាំ ២០១៥។ ទាំងនេះសុទ្ធសឹងជាការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ក្នុងនោះសហគមន៍ឥស្លាមក៏ជាចំណែកមួយផងដែរ ដែលបានប្ដេជ្ញាសាមគ្គីគ្នាជាធ្លុងមួយ ដើរតាមគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល។
ឯកឧត្តមបានបន្តទៀតថា ប្រទេសឥណ្ឌូនេស៊ី ក៏បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមស្វែងរកសន្តិភាពនៅកម្ពុជា ទាំងក្នុងដំណាក់កាលចរចាផង និងដំណាក់កាលកិច្ចព្រម ព្រៀងទីក្រុងប៉ារីសផង បានពង្រីកនូវកិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជា ដោយបានជួយហ្វឹកហាត់ ដល់កងទ័ព និងអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា បានចូលរួមចំណែកបញ្ជូនកងទ័ពថែរក្សាសន្តិភាព (UNTAC) មកកាន់កម្ពុជា ផ្ដល់អាហារូបករណ៍ដល់សិស្សនិស្សិតកម្ពុជា ក្នុងនោះរួមមាននិស្សិតខ្មែរឥស្លាមផងដែរ មិនតែប៉ុណ្ណោះ សាធារណរដ្ឋឥណ្ឌូនេស៊ី បានជួយជ្រោមជ្រែងសហការផ្ដួចផ្ដើមបង្កើតសហភាពបញ្ញវន្តមុស្លិមកម្ពុជា ដើម្បីចូលជាសមាជិកសម្ព័ន្ធបញ្ញវន្តមុស្លិមអាស៊ានផងដែរ។ ដោយឡែក សហគមន៍ខ្មែរឥស្លាមកម្ពុជាបានស្គាល់ឥណ្ឌូនេសុីច្បាស់ តាមរយៈទំនាក់ទំនង វប្បធម៌ ប្រពៃ ណី និងសាសនា កម្ពុជាបានចាត់ទុក សាធារណរដ្ឋឥណ្ឌូនេស៊ី ជាមិត្តដ៏ល្អ។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានប្រាប់ភាគីឥណ្ឌូនេស៊ី អំពីការប៉ុនប៉ងអាក្រក់ របស់ក្រុមប្រឆាំងក្រៅច្បាប់ក្នុងការផ្ដួលរំលុំរាជរដ្ឋាភិបាល និងរំលាយរបសបរាជានិយមនៅកម្ពុជាផងដែរ។ ក្នុងនាមសមាជិករាជរដ្ឋាភិបាល ឯកឧត្តម អូស្មាន ហាស្សាន់ បានស្នើដល់ភាគីឥណ្ឌូណេស៊ី ជួយទប់ស្កាត់នូវរាល់សកម្មភាព របស់ក្រុមនេះឲ្យខាងតែបាន។
ឯកឧត្តម Ma’ruf Ameen បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ញើការនឹករលឹកដល់លោក ហេីយលោកក៏សូមជូនពរនិងលើកទឹកចិត្តដល់ សម្ដេចតេជោ សូមមានសុខភាពល្អ ដើម្បីបន្តថែរក្សាសុខសន្តិភាពនៅកម្ពុជា និងសូមអបអរសាទរចំពោះសហគមន៍ឥស្លាមនៅកម្ពុជា ដែលទទួលបានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ឯកឧត្តម Ma’ruf Amin បានប្ដេជ្ញា គាំទ្ររាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គ្រប់ស្ថានការណ៍ និងគ្រប់កាលៈទេសៈ ទាំងទ្វេភាគី ក្នុងតំបន់ និងលើឆាកអន្តរជាតិ៕
ដោយ៖ សំរិត