រថយន្តដឹកអ្នកដំណើរ បុកជាមួយម៉ូតូ ស្លាប់មនុស្សម្នាក់ និងរបួសធ្ងន់២នាក់ ឯតៃកុងឡានរត់បាត់
សៀមរាប៖ រថយន្តដឹកអ្នកដំណើរ បុកជាមួយម៉ូតូ ស្លាប់មនុស្សម្នាក់ និងរបួសធ្ងន់២នាក់ ឯតៃកុងឡានរត់បាត់ ។ ករណីនេះ កើតឡើងកាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង១៥នឹង៤០នាទី មានគ្រោះថា្នក់ចរាចរណ៍នៅត្រង់ចំណុច ភូមិត្រាច ឃុំបល្ល័ង្ក ស្រុកប្រាសាទបាគងលើ ខេត្តសៀមរាប កំណាត់ផ្លូវជាតិលេខ៦៧ រវាងរថយន្តក្រុង និងម៉ូតូ ឆ្លង់ផ្លូវ។
បើតាមប្រសាសន៍របស់លោកវរសេនីយឯក មិន ចន្ថា អធិការនគរបាលស្រុកប្រាសាទបាគង បានប្រាប់អោយដឹងថា៖ នៅវេលាម៉ោង១៥នឹង៤០នាទី មានរថយន្តក្រុងម៉ាក ហ៊ីយិនដាយ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ៣A ៩៥៨៤ បើកបរដោយបុរស់ម្នាក់ មិនស្គាល់អត្តសញ្ញាណ បើកបរមានទិសដៅពីត្បូងទៅជើង នៅពេលមកដល់ចំណុចកើតហេតុ ក៏បានបុកនិងម៉ូតូម៉ាកហុងដា សេ១២៥ សេរី០១៤ពាក់ផ្លាកលេខ សៀមរាប ១P ៨២៧៤ បើកបរ ដោយ ឈ្មោះ អឿន សុភាក ភេទស្រី អាយុ១៧ឆ្នាំ រស់នៅភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុងសៀបរាម (របួសធ្ងន់) និងស្លាប់អ្នករួមដំណើរម្នាក់ ឈ្មោះ ខន ស្រីលាក់ ភេទស្រី អាយុ១៧ឆ្នាំ នៅភូមិដូចគ្នា និងរបួស ម្នាក់ទៀត ឈ្មោះ ឡម លីដា ភេទ ស្រីអាយុ១៧ឆ្នាំ នៅភូមិ ដូចគ្នា (របួសធ្ងន់) មូលហេតុបណ្តាលមកពីអ្នកបើកម៉ូតូឆ្លងផ្លូវពីកើត ទៅលិច ដោយខ្វះការប្រុងប្រយ័ត្ន។
រីឯអ្នករបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ចំពោះអ្នកបើករថយន្តក្រុងបានបើកទ្វាររត់គេចខ្លួនបាត់។ ក្រោយពេលកើតហេតុកំលាំងជំនាញចរាចរណ៍បានចុះវាស់វែងកន្លែងកើតហេតុ និងនាំយករថយន្តនិងម៉ូតូ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីកសាងសុំណុំរឿង និងចាត់ការតាមនីតិវិធីច្បាប់បន្ត ចំណែកសាកសពជនរងគ្រោះត្រូវបានប្រគល់ជូន ក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕