ទូតអាមេរិក ប្តេជ្ញាបន្ដពង្រឹងពង្រីក វិស័យសន្ដិសុខ ប្រឆាំងឧក្រិដ្ឋកម្មអន្ដរជាតិ បង្ក្រាបបទល្មើសផ្សេងៗ
ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានថ្លែងថា នឹងគោរពទៅលើតួនាទី និងការទទួលខុសត្រូវ របស់រាជរដ្ឋាភិបាលកម្ពុជា បន្ដពង្រឹងពង្រីក វិស័យសន្ដិសុខ ការបង្ក្រាបបទល្មើសផ្សេងៗ ប្រឆាំងឧក្រិដ្ឋកម្មអន្ដរជាតិ ក៏ដូចជា ក្រសួងពាក់ព័ន្ធ ក្នុងការធានាសន្ដិសុខ សុវត្ថិភាព ជូនប្រជាជនរបស់ខ្លួន។
នាព្រឹកថ្ងៃសុក្រ ទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យ លោក W.Patrick Murphy ឯកអគ្គរដ្ឋទូតថ្មីសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា និងសហការរីចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងមហាផ្ទៃ។
ក្រោយបញ្ចប់ជំនួប លោកឯកអគ្គរដ្ឋទូត និងសម្ដេចក្រឡាហោម ស ខេង បានផ្ដល់បទសម្ភាសន៍រួមគ្នាជូនអ្នកសារព័ត៌មាន។
លោក W.Patrick Murphy បានលើកឡើងថា យើងខ្ញុំគោរពទៅលើតួនាទី និងការទទួលខុសត្រូវរបស់ក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាល ពិសេសការធានាសន្ដិសុខ ទៅដល់ប្រជាជនកម្ពុជា រួមទាំងជូនយើងខ្ញុំ។
លោក W.Patrick Murphy បានបញ្ជាក់ថា ក្នុងជំនួបនោះ លោក និងសម្ដេចក្រឡាហោម ស ខេង បានពិភាក្សាគ្នាប្រកបដោយផ្លែផ្កា និងជិតស្និទ្ធជាទីបំផុត ហើយបានប្ដេជ្ញាចិត្តរួមគ្នា ពង្រឹងការអនុវត្តច្បាប់ ដើម្បីទប់ស្កាត់ការជួញដូរសត្វព្រៃ ការជួញដូរមនុស្ស ការការពារកុមារ និងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មអន្ដរជាតិ ព្រមទាំងការងារមួយចំនួនទៀត។
ក្នុងឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង បានថ្លែងថា ក្រសួងមហាផ្ទៃ និងស្ថានទូតអាមេរិក និយាយដោយឡែក និងនិយាយជារួម កម្ពុជា-អាមេរិក បានឯកភាពគ្នាបន្ដពង្រឹងពង្រីក វិស័យសន្ដិសុខ ការបង្ក្រាបបទល្មើសផ្សេងៗ។ ជាមួយគ្នានេះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្ដេចក្រឡាហោម ស ខេង ក៏បានថ្លែងអំណរគុណ ដល់រដ្ឋាភិបាលអាមេរិក តាមរយៈរដ្ឋមន្ដ្រីក្រសួងការបរទេស ដែលបានជូនពរដល់កម្ពុជា ក្នុងការប្រារព្ធបុណ្យឯករាជ្យជាតិ។
សម្ដេចក្រឡាហោម បានមានប្រសាសន៍ថា ក្នុងឱកាសខួបអនុស្សាវរីយ៍៧០ឆ្នាំ នៃទំនាក់ទំនងរវាងកម្ពុជា- អាមេរិក ភាគីទាំងពីរ នឹងរិះរកនូវកម្មវិធីល្អៗ ដើម្បីសម្ដែងឲ្យឃើញនូវ ទំនាក់ទំនងដ៏យូរអង្វែង ហើយកាន់តែពង្រីកពង្រឹងឲ្យកាន់តែល្អបន្ថែមទៀត៕