ក្រុមការងារចម្រុះរដ្ឋបាលខេត្ត និងអាជ្ញាធរអប្សរា បានចុះពិនិត្យ និងរកមធ្យោបាយស្វែងរកចាប់កូនក្រពើ ដែលបានលែងនៅកសិន្ធុប្រាសាទអង្គរវត្ត
សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប បានប្រកាសថា នៅថ្ងៃសុក្រ ទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយបានការណែនាំពីលោក អភិបាល នៃគណៈអភិបាលខេត្ត ក្រុមការងារចម្រុះរដ្ឋបាលខេត្ត អាជ្ញាធរអប្សរា មន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ បានចុះពិនិត្យកន្លែងដែលបានលែងកូនក្រពើ និងរកមធ្យោបាយដើម្បីតាមចាប់កូនក្រពើតូច បណ្ដោយប្រហែល ៤០សង់ទីម៉ែត្រ ដែលបានព្រលែងចូលក្នុងកសិន្ធុប្រាសាទអង្គរវត្ត ប៉ែកខាងកើតកាលពីបីថ្ងៃមុន។
ក្រោយពីបានចុះដល់ទីតាំង និងបានពិនិត្យជាក់ស្ដែងរួចមក លោកនាយករដ្ឋបាលសាលាខេត្ត បានសុំឲ្យអាជ្ញាធរអប្សរា សហការជាមួយក្រុមការងារជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្តកិច្ចការតាមចាប់កូនក្រពើនេះ ដោយប្រើប្រាស់កម្លាំងមន្ត្រីជំនាញតាមប្រមាញ់ ២៤ម៉ោង លើ ២៤ម៉ោង ពិសេសពេលកូនក្រពើតូចនេះ ចេញរកចំណីនៅពេលយប់តាមមាត់ច្រាំង នៃកសិន្ធុប្រាសាទអង្គរវត្ត។
តាមការបញ្ជាក់របស់មន្ត្រីជំនាញថា កូនក្រពើនេះនៅតូចមិនទាន់ចល័តចេញពីកសិន្ធុនេះនៅឡើយទេ។ មន្ត្រីជំនាញនឹងប្រើប្រាស់មធ្យោបាយចាប់មកវិញ ដោយ ការដាក់សន្ទូច ឬការអូសមង ឬ ការឆ្លុះនឹងកែឆ្លុះចាប់នៅពេលយប់។
អាស្រ័យហេតុនេះ សូមសាធារណជនកុំមានភ្ញាក់ផ្អើល និងព្រួយបារម្ភឡើយ ព្រោះថាកូនក្រពើនេះនៅតូចមិនទាន់អាចបង្កគ្រោះអ្វីឡើយ ហើយសមត្ថកិច្ចនឹងរកឃើញក្នុងពេលឆាប់ៗ ខាងមុខនេះផងដែរ។
បើតាមផេកហ្វេសប៊ុកផ្លូវការ របស់លោកស្រី ហ៊ុន ស៊ីណាត ប្អូនស្រីសម្តេចតេជោហ៊ុនសែន បានសរសេរថា “ម្សិលម្ងៃបានលែងក្រពើនៅមុខអង្គរមួយក្បាល មានបងប្អូនកូនក្មួយភ័យថា ដល់ពេលវាធំគិតម៉េចទៅ ខ្ញុំគិតថាលែងមុខអង្គរ ឲ្យវាកាន់តែធម៌អារ្យ វាគ្រាន់បើលែងមនុស្សចិត្តតិរច្ឆាន មិនដឹងគុណទោសចង់តែបំផ្លាញអ្នកដទៃ”។
លោកស្រី បានលើកឡើងថា “ថ្ងៃនេះមានអ្នកជេរខ្ញុំច្រើនដោយសាព្រលែងក្រពើ អ្នកដែលជេរខ្ញុំសូមអនុមោទនាទទួលយកទាំងអស់ ។ ម្យ៉ាងទៀតខ្លួនខ្ញុំមិនបានឃើញបម្រាមហាមឃាត់មិនឲ្យលែង កូនត្រី កូនក្រពើនោះទេ ។ សូមអរគុណលោកក្មួយជីវតាក្វាន់ ដែលយល់ចិត្តរបស់ខ្ញុំចង់និយាយ”។
ចំណែកគណនីហ្វេសប៊ុក Sophal Battambang បានសរសេរថា តាមពិតការព្រួយបារម្មណ៍របស់បងប្អូនប្រជាពលរដ្ឋក៏មិនខុសដែរ តែសម្រាប់អ្នកមីង ស៊ីណាត ក៏គ្មានបំណងអាក្រក់អីដែរ ព្រោះកូនក្រពើគឺកើតចេញពីមេក្រពើ ចឹងបើក្រពើនោះខាំមនុស្សមែន មេវាច្បាស់ជាខាំមនុស្សហើយ បើចង់ចាប់ទាល់តែចាប់ទាំងអស់ ដោយសាចិត្តបុណ្យឃើញក្មេងៗចាប់ ក៏ឲ្យលែងវិញទៅ ព្រោះឲ្យជួបជុំមេកូនវាវិញ ហើយគិតថាជាក្រពើអ្នកតា ហើយបានមានកូនពូនជាចៅនោម្តុំប្រាសាទ ។ មនុស្សគិតមិនដូចទេវតាគិតទេ ខុសឆ្គងសូមមេត្តាអធ្យាស្រ័យ ព្រោះអ្នកមីងគ្មានបំណងអាក្រក់អ្វីនោះទេ ក្រៅពីគិតរឿងបុណ្យបាប ៕